ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កួត ​រវាង​កម្ពុជា និង​ចិន (​ដំណាក់កាល​ទី​ ១ ៖ ​កម្មវិធី​ទូទាត់​ចល័ត Weixin Pay ស្កេ​ន​ខេ​អេ​ច​យ្យ​អរ​កួត​ នៅ​ប្រទេស​កម្ពុជា​)

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ​ថ្ងៃ​ទី ​១៨ ខែសីហា ឆ្នាំ​ ២០២៦ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង លោក Ben Yang នាយក​គ្រប់គ្រង Weixin Pay ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ អា​មេ​រិ​ក​ខាងជើង និង​អា​មេ​រិ​កឡា​ទី​ន បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កួត រវាង​ព្រះរាជាណាចក្រ កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន (​ដំណាក់កាល​ទី​ ១ ៖ កម្មវិធី​ទូទាត់​ចល័ត Weixin Pay ស្កេ​ន ខេ​អេ​ច​ឃ្យូ​អរ​កួត​នៅ​កម្ពុជា​) នៅ​រាជធានី​ភ្នំពេញ ​។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ស្ថានទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ក្រសួងទេសចរណ៍ សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​នៃ​កម្ពុជា ក្រុមហ៊ុន​បណ្តាញ ប័ណ្ណ​ទូទាត់​អន្តរជាតិ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ សមាគម​សណ្ឋាគារ​កម្ពុជា សមាគម ភោជនីយដ្ឋាន​កម្ពុជា និង​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា សរុប ប្រមាណ ១៨៥ រូប​។

ការ​ដាក់​ឱ្យ​ដំណើរការ​ការ​ទូទាត់​ឆ្លង​ដែន​តាម​យ្យ​អរ​កួត​នេះ នឹង​សម្រួលការ​ទូទាត់​រវាង​ប្រទេស ទាំង​ពីរ ដោយ​ផ្តល់​លទ្ធភាព​ឱ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​ទូទាត់​ចល័ត Weixin Pay (​ឬ WeChat Pay) អាច ស្កេ​ន​ទូទាត់​តាម​ខេ​អេ​ច​យ្យូ​អរ​កួត​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​បណ្តាញ​ប្រតិបត្តិការ​ទូទាត់​របស់ Weixin Pay​។ ភ្ញៀវ​ទេសចរ​ចិន​ក៏​នឹង​ទទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ទូទាត់​ថ្លៃ​អាហារ ទំនិញ ការ​ធ្វើ​ដំណើរ និង​កន្លែង​កម្សាន្ត​ផ្សេង​ៗ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។ ការ​អភិវឌ្ឍ​គម្រោង​ទូទាត់ សង​ប្រាក់​តាម​រយៈ​ឃ្យូ​អរ​កួត​ឆ្លង​ដែន​នេះ ឆ្លុះ​បញ្ចាំង​ពី​ជំហាន​ឆ្ពោះទៅ​មុខ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់ កិច្ច​សហប្រតិបត្តិការ​លើ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​ចិន​។

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ “​សារៈ​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ​ចំនួន ២ ដែល​ទទួល​បាន​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ការ​ទូទាត់​ឆ្លង​ដែន​នេះ រួម​មាន ១/ សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ប្រើប្រាស់​កម្មវិធី​ទូទាត់​ចល័ត Weixin Pay ជា​ពិសេស ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន អាច​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ទូទាត់​ដែល​រហ័ស​សុវត្ថិភាព និង​ងាយស្រួល ដោយ​ពុំ​ចាំបាច់​ប្តូរ​រូបិយប័ណ្ណ កាន់​សាច់ប្រាក់​ផ្ទាល់ និង​មិន​តម្រូវ​ឱ្យ​មាន ប័ណ្ណ​ទូទាត់ និង ២/ សម្រាប់​សហគ្រាស​ក្នុងស្រុក​របស់​កម្ពុជា រាប់​ចាប់ពី​ម្ចាស់​អាជីវកម្ម ឬ សហគ្រាស​ធំ​ៗ រហូត​ដល់​សហគ្រាស​ធុន​មីក្រូ តូច​និង​មធ្យម ព្រមទាំង​ពាណិជ្ជករ អាច​ទទួល​ការ​ទូទាត់​ពី​អតិថិជន ជា​ជនបរទេស​បាន​កាន់តែ​ច្រើ​តាម​រយៈ​ខេ​អេ​ច​យ្យូ​អរ​កួត​ដែល​មាន​ស្រាប់ ដោយ​ពុំ​ប្រឈម​នឹង ការ​កាត់​កម្រៃ​ប្រតិបត្តិការ​បន្ថែម​នោះ​ឡើយ​”​។

លោក Ben Yang នាយក​គ្រប់គ្រង Weixin Pay ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ អា​មេ​រិ​ក​ខាងជើង និង​អា​មេ​រិ​កឡា​ទី​ន បាន​មាន​ប្រសាសន៍​ថា​៖ “​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូទាត់​ឆ្លង​ដែន​នេះ បង្ហាញ​ពី​សមិទ្ធផល​ដ៏​អស្ចារ្យ​នៃ​ការ​ធ្វើ​អន្តរ​ប្រតិបត្តិការ​ការ​ទូទាត់​រាយ​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ​។ ការ​ប្រើប្រាស់​ខេ​អេ​ច​យ្យូ​អរ​កួត​តែ​មួយ​សម្រាប់​ការ​ទូទាត់​ទាំងអស់ ក៏​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ពង្រីក​លទ្ធភាព​នៃ​ការ​ទូទាត់​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព និង​ប្រកបដោយ​ប្រសិទ្ធភាព ជា​ពិសេស ផ្តល់​លទ្ធភាព​ឱ្យ​ភ្ញៀវ​ទេសចរ​ចិន​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​បាន​យ៉ាង​ងាយស្រួល ក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច ឌី​ជី​ថ​ល​កម្ពុជា​។

ការ​អភិវឌ្ឍ​ការ​ទូទាត់​ឆ្លង​ដែន​នេះ មិន​ត្រឹមតែ​ជា​ការ​អភិវឌ្ឍ​មុខងារ​ដែល​សម្រួល ក្នុង​ការ​ទូទាត់​របស់​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ធ្វើ​អន្តរ​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន ដោយ ផ្តោត​សំខាន់​លើ​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ក្នុងស្រុក​សម្រាប់​ទូទាត់ សង្គតិភាព​នៃ​បទ​ប្បញ្ញត្តិ និង​ការ​ធ្វើ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​ជាមួយ​ពាណិជ្ជករ​ផង​ដែរ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់ ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ ក្រោម​ការ​ដឹកនាំ របស់​លោក​ជំទាវ ទេសាភិបាល​។ យើងខ្ញុំ​ប្តេជ្ញា​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នេះ ជា​ពិសេស​ផ្សារ​ភ្ជាប់ ជាមួយ​ទស្សនវិស័យ​របស់​អាស៊ាន ក្នុង​ការ​ជំរុញ​ការ​ទូទាត់​រាយ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​”៕ អត្ថបទសហការ