ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ថានទូតឥណ្ឌាប្រារព្ធខួប ៨០ឆ្នាំ នៃទិវាឯករាជ្យជាតិ ជាមួយការប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ស្ថានទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី​ ៨០ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​សាធារណរដ្ឋ​ឥណ្ឌា នៅ​បរិវេណ​ស្ថានទូត កាលពី​ថ្ងៃ​ទី​ ១៥ ខែសីហា ឆ្នាំ​ ២០២៦ ។ ពិធី​នេះត្រូវបានបង្ហូតទង់ជាតិ​ដោយ​ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

នា​ថ្ងៃ​ទី ​១៧ ខែសីហា ឆ្នាំ ​២០២៦ ពិធី​លៀង​សាយភោជន៍​ផ្លូវការ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ៨០ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​សាធារណរដ្ឋ​ឥណ្ឌា​ ។ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី និង​ជា​ភ្ញៀវ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ​។ ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ ជា​រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ឯកអគ្គរាជទូត​/​ឯកអគ្គរដ្ឋទូត សមាជិក​អង្គទូត សមាគម​ឧកញ៉ា​កម្ពុជា ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ និង​សមាជិកសមាគម​ឥណ្ឌា​នៅ​កម្ពុជា​មក​ពី​គ្រប់​វិស័យ ​។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក ឯកអគ្គរដ្ឋទូត Bawitlung បាន​គូស​រំលេច​អំពី​ដំណើរ​វឌ្ឍនភាព​របស់​ប្រទេស​ឥណ្ឌា ក្នុង​រយៈពេល ៧៩​ឆ្នាំ​ចុង​ក្រោយ​នេះ រាប់​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​ ១៩៤៧ និង​សមិទ្ធផល​របស់​ប្រទេស​ក្នុង​ការ​ក្លាយជា​សង្គម​មួយ​ដែល​មាន​បរិ​យា​បន្ន និង​សមធម៌ ព្រមទាំង​សម្រេច​បាន​នូវ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​នវានុវត្តន៍​បច្ចេកវិទ្យា​យ៉ាង​លេចធ្លោ ដែល​ទាំង​អស់នេះ​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​ដ៏​អស្ចារ្យ​របស់​ប្រជាពលរដ្ឋ​ឥណ្ឌា​ចំនួន ១.៤០០ លាន​នាក់ ​។ លោក​បាន​បញ្ជាក់​ថា ឥណ្ឌា​នៅ​តែ​បន្ត​ស្ថិត​ជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​លឿន​ជាងគេ​បំផុត​ក្នុង​ចំណោម​សេដ្ឋកិច្ច​ធំ​ៗ​នៅ​លើ​ពិភពលោក ហើយដោយ​ផ្អែក​លើ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ដ៏​រស់​រវើក គោលការណ៍​ម៉ាក្រូសេដ្ឋកិច្ច​ដ៏​រឹង​មាំ និង​ការ​កែទម្រង់​ដែល​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ ប្រទេស​ឥណ្ឌា​កំពុង​លេចធ្លោ​ឡើងជា​ថ្នាក់ដឹកនាំ​សកល​ផ្នែក​បច្ចេកវិទ្យា និង​នវានុវត្តន៍ ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន បច្ចេកវិទ្យា​ព័ត៌មាន (IT) ឱសថ​សាស្ត្រ បច្ចេកវិទ្យា​ជីវសាស្ត្រ ការ​ថែទាំ​សុខភាព អវកាស និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech)​ ។ លោក​បាន​បន្ថែម​ថា ការ​អភិវឌ្ឍ​ទាំងនេះ​នឹង​នាំ​ឱ្យ​ឥណ្ឌា​សម្រេច​បាន​នូវ​ទស្សនវិស័យ «Viksit Bharat 2047» ដែល​មាន​គោលដៅ​ប្រែក្លាយ​ប្រទេស​ឥណ្ឌា​ឱ្យទៅ​ជា​ប្រទេស​អភិវឌ្ឍន៍ ក្នុង​ឱកាស​ខួប​លើក​ទី ​១០០ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​ខ្លួន ​។

លោក​ឯកអគ្គរដ្ឋទូត​បាន​គូសបញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ឥណ្ឌា និង​កម្ពុជា បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​សន្ទុះ​វិជ្ជមាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​មានការ​កើនឡើង​នូវ​ទំនាក់ទំនង​ធុរកិច្ច​រវាង​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ដែល​ផ្តោត​លើ​វិស័យ​សំខាន់​ៗ រួម​មាន បច្ចេកវិទ្យា​ព័ត៌មាន ឱសថ​សាស្ត្រ សុខាភិបាល កសិកម្ម និង​អប់រំ ជាដើម ​។ លោក​ក៏​បាន​គូស​រំលេច​ផង​ដែរ​អំពី​វឌ្ឍនភាព​ជា​វិជ្ជមាន​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​កសាង​សមត្ថភាព រួម​មាន អាហារូបករណ៍​របស់​ក្រុមប្រឹក្សា​ឥណ្ឌា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ (ICCR) និង​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស និង​សេដ្ឋកិច្ច​ឥណ្ឌា (ITEC) ការ​អភិរក្ស​បេតិកភណ្ឌ និង​គម្រោង​ផ្តល់​ផល​រហ័ស (QIPs) ព្រមទាំង​បាន​ថ្លែង​ថា ការ​បើក​ដំណើរការ​ការិយាល័យ​អនុព័ន្ធយោធា និង​មជ្ឈមណ្ឌល​យោគៈ និង​របាំ នៅ​ស្ថានទូត​ឥណ្ឌា នឹង​សម្រួល​ដល់​ការ​ទំនាក់ទំនង​កាន់តែ​ប្រសើរ និង​ពង្រីក​វិសាលភាព​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

នៅ​ក្នុង​ឱកាស​ពិធី​លៀង​សាយភោជន៍​នេះ ក៏​មានការ​រៀបចំ​ពិព័រណ៍ «​ស្រុក​មួយ ផលិតផល​មួយ​» (One District One Product – ODOP) ដែល​បាន​បង្ហាញ​នូវ​សិប្បកម្ម និង​ផលិតផល​ប្រពៃណី​ដ៏​សម្បូរ​បែប​របស់​ប្រទេស​ឥណ្ឌា ​។ ភ្ញៀវ​កិត្តិយស​ទាំងអស់​ក៏​បាន​ទស្សនាការ​សម្តែង​របាំ​បុរាណ​ឥណ្ឌា និង​ការ​បង្ហាញ​យោគៈ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ ដែល​ឆ្លុះ​បញ្ចាំង​ពី​បេតិកភណ្ឌ​វប្បធម៌​ដ៏​ឧត្តុង្គឧត្តម​របស់​ឥណ្ឌា និង​ការ​ពេញ​និយម​ជាស​កល​នៃ​វិទ្យាសាស្ត្រ​យោគៈ ​៕