ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្ដម ហេង សួរ ណែនាំ​ឱ្យ​សិស្សានុសិស្ស​​ទើប​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ ពិចារណា​លើ​កត្តា​បី មុន​សម្រេចចិត្ត​ជ្រើស​រើសមុខ​ជំនាញ​សិក្សា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម បាន​ណែនាំ​ឱ្យ​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ ពិចារណា​លើ​កត្តា​ចំនួន​បី…

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម បាន​ណែនាំ​ឱ្យ​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ ពិចារណា​លើ​កត្តា​ចំនួន​បី យ៉ាងតិច មុន​ធ្វើការ​សម្រេចចិត្ត​ជ្រើស​រើសមុខ​ជំនាញ​សិក្សា​នៅ​ថ្នាក់ឧត្ដម​សិក្សា និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ទី​ ១ គឺ ឧបនិស្ស័យ ឬ​ដុ​ង​ពី​កំណើត​របស់​ក្មួយ​ៗ​ម្នាក់​ៗ ទី ​២ ក្ដី​ស្រមៃ​រៀង​ៗ​ខ្លួន និង​ទី​៣ វិភាគ​អំពី​តម្រូវការ​ទីផ្សារ​ការងារ​ទៅ​ថ្ងៃ​អនាគត ​។

ឯកឧត្ដម ហេង សួរ បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​ ២០២៤-២០២៥ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក នាយក នាយិកា​សាលា និង​លោកគ្រូ អ្នកគ្រូ សរុប​ជិត ១ ០០០​នាក់ នៅ​សាល​ប្រជុំ​រដ្ឋបាល​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​ ១ ខែតុលា ឆ្នាំ ​២០២៥ នេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ត​មាន​ប្រសាសន៍​ថា សម្រាប់​ក្មួយ​ៗ ដែល​បាន​ប្រឡង​ជាប់​និទ្ទេស A និង B គួរតែ​សិក្សា​លើ​មុខ​ជំនាញ ដូច​ជា ពេទ្យ​, វិទ្យាសាស្ដ្រ​កុំព្យូទ័រ​, មេកា​ត្រូ​និក​, មេកា​និក​រថយន្ត​, វិភាគ​ហិរញ្ញវត្ថុ​, វិស្វកម្ម​សំណង់​, គីមី​សាស្ដ្រ និង​ម្ហូបអាហារ ក៏​ដូច​ជា​គ្រូបង្រៀន​ជាដើម​ ។

ចំណែកឯ​ក្មួយ​ៗ​ប្រឡង​ជាប់​និទ្ទេស C ដល់ E អាច​ជ្រើសរើស​យក​ជំនាញ​សិក្សា ដូច​ជា ច្បាប់​, ទីផ្សារ​, គ្រប់គ្រង និង​ជំនាញ​សេវាកម្ម ជា​ពិសេស​គឺ​ជំនាញ​បដិសណ្ឋារកិច្ច​ ។ រីឯ​ក្មួយ​ៗ​សិស្សានុសិស្ស​ដែល​មិន​បាន​ប្រឡង​ជាប់​នៅ​ឆ្នាំ​នេះ​គួរ​កុំ​ទាន់​អស់​ស​ង្ឈឹ​ម ដោយ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្មួយ​ៗ​អាច​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​រង ឬ​រៀន​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬ​ក៏​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) ដែល​ជា​កម្មវិធី​សិក្សា​ស្ថិត​ក្រោម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏​បាន ក្នុង​នោះ​ឯកឧត្ដម​ធានា​ផ្ដល់​អាហារូបករណ៍​ជូន​។

ជាមួយ​គ្នា​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បណ្ដា​សាកលវិទ្យាល័យ​នានា និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ត្រូវ​បាន​ពង្រឹងគុណភាព និង​ត្រូវ​បាន​វិនិយោគ​លើ​សម្ភារៈ​បរិក្ខារ​ដូច​គ្នា​ដែរ​។ ដូច្នេះ ក្មួយ​ៗ​សិស្សានុសិស្ស អាច​ជ្រើសរើស​រៀន​នៅ​សាលា​មួយ​ណា​ក៏​បាន ដោយ​ឯកឧត្ដម​កត់​សម្គាល់ថា សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នីមួយ​ៗ តែងតែមាន​ឧត្ដមភាព និង​មុខ​ជំនាញ​ខ្លាំង​រៀង​ៗ​ខ្លួន ​។

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម អ៊ុ​ន ចាន់​ដា ក៏​បាន​រំលឹក​ដល់​សិស្សានុសិស្ស​ម្នាក់​ៗ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ជ្រើស​រើសមុខ​ជំនាញ​សិក្សា នៅ​ថ្នាក់ឧត្ដម​សិក្សា​តាម​ចំណង់​ចំណូលចិត្ត និង​លទ្ធភាព​របស់​ក្រុម​គ្រួសារ​ ។ ប៉ុន្តែ​ប្រសិនបើ​មាន​សិស្សានុសិស្ស​ណា មិន​ចង់​ចំណាយពេល​លើ​ការ​សិក្សា​រហូត​ដល់ ៤​ឆ្នាំ​នោះ ដែល​ត្រូវ​ចំណាយធនធាន​ច្រើន ប្អូន​ៗ​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) បាន ដែល​ចំណាយពេល​ខ្លី​ត្រឹមតែ ​៤ ទៅ ​៦​ខែ នោះ​សិក្ខាកាម​អាច​មានការ​ងារ​ធ្វើ ឬ​ក៏​អាច​ប្រកប​មុខរបរ​ដោយ​ខ្លួនឯង​បាន ​។

បើ​តាម ឯកឧត្ដម​អភិបាល បាន​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ នៅ​ក្នុង​ខេត្តកំពង់ចាម មាន​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បាន​ចុះ​ឈ្មោះ​ចូល​រៀន TVET 1.5M ជាង ១ ០០០​នាក់ និង​បាន​ចេញ​ទៅ​ធ្វើការ និង​ប្រកប​មុខរបរ​មួយ​ចំនួន​ផង​ដែរ​ ៕ អត្ថបទសហការ