ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី​ប្រកួតប្រជែង​សកម្មភាព​អាកាសធាតុ ចេ​ន ហ្ស៊ី និង ក្រសួងបរិស្ថាន ចូលរួម​សហការ​ជា​ដៃគូ ដើម្បី​ជម្រុញ​រក​ដំណោះស្រាយ​ អាកាសធាតុ​សម្រាប់​យុវជន​នៅ​កម្ពុជា

2 ថ្ងៃ មុន

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​គាំទ្រ​កម្មវិធី​ប្រកួតប្រជែង​សកម្មភាព​អាកាសធាតុ ចេ​ន ហ្ស៊ី ដែល​នឹង​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា​បង្កើត​ដំណោះស្រាយ​អាកាសធាតុ ​។ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា…

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​គាំទ្រ​កម្មវិធី​ប្រកួតប្រជែង​សកម្មភាព​អាកាសធាតុ ចេ​ន ហ្ស៊ី ដែល​នឹង​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា​បង្កើត​ដំណោះស្រាយ​អាកាសធាតុ ​។

រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥៖ កម្មវិធី​ប្រកួតប្រជែង​សកម្មភាព​អាកាសធាតុ ចេ​ន ហ្ស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ ក្រសួងបរិស្ថាន ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ថ្មី​មួយ​ស្តី​ពី​កិច្ច​ ខិតខំ​ប្រឹងប្រែង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា ​។ កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នេះ ជា​គំនិត​ផ្តួចផ្តើម​របស់ ​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ដែល​នឹង​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា បង្កើត​ដំណោះស្រាយ​អាកាសធាតុ​ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍ ​ដល់​សហគមន៍​យ៉ាង​មាន​ប្រសិទ្ធភាព ​។

ក្រោម​ការ​ប្តេជ្ញា​ចិត្ត​របស់ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ចំពោះ​ការ​ផ្តល់​អោយ​យុវជន និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព លោក​បាន​បង្កើត​កម្មវិធី​ប្រកួតប្រជែង​សកម្មភាព​អាកាសធាតុ ចេ​ន ហ្ស៊ី ដើម្បី​ជំរុញ​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ក្លាយជា​អ្នក​បង្កើត និង​ផ្លាស់​ប្តូរ ដើម្បី​រក​ដំណោះស្រាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​បំរែបំរួល​អាកាសធាតុ​ ។ លើស​ពី​នេះ​ទៀត កម្មវិធី​នេះ​គឺជា​វេទិកា​មួយ ដែល​រួម​បញ្ចូល​ការ​អប់រំ ការ​ច្នៃប្រឌិត និង​ផល​ប៉ះពាល់​ពិតប្រាកដ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដែល​មាន​គោលបំណង​បណ្តុះបណ្តាល​គំនិត​ធំ​ៗ​ឲ្យ​ក្លាយជា​វិធីសាស្ត្រ​អនុវត្ត​បាន ដើម្បី​ជួយ​ឲ្យ​កម្ពុជា​ផ្លាស់​ប្តូរ​ទៅ​ជា​ប្រទេស​បៃតង និង​ធន់​ធ្ងន់​ជាមួយ​បញ្ហា​អាកាសធាតុ​ ។

ដោយសារ​តែ​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់​ចំពោះ​ការ​ផ្តល់​អោយ​យុវជន និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព អ្នកឧកញ៉ា ចេ​ន ហ្ស៊ី បាន​គាំទ្រ​ដល់​ការ​អប់រំ សហគ្រាស​សង្គម និង​គម្រោង​បរិស្ថាន​ផ្សេង​ៗ ដែល​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​បញ្ចេញ​ភាព​ជា​អ្នកដឹកនាំ​។ កម្មវិធី​ប្រកួតប្រជែង​សកម្មភាព​អាកាសធាតុ​នេះ ជា​ការ​ប្រតិបត្តិ​ជាក់ស្តែង​នៃ​ចក្ខុវិស័យ​របស់​លោក ដោយ​ប​ម្លែ​ង​ការ​ច្នៃប្រឌិត​របស់​យុវជន​ឲ្យ​ក្លាយជា​ដំណោះស្រាយ​ពិតប្រាកដ ដែល​មាន​ភាពរឹងមាំ​ក្នុង​ការ​រួមចំណែក​សម្រាប់​អនាគត​អាកាសធាតុ​នៃ​ប្រទេស​កម្ពុជា ​។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ជា​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​កាន់​កិច្ចសហការ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ជួយ​គាំទ្រ​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​ភាព​ច្នៃប្រឌិត​ទាក់ទង​នឹង​អាកាសធាតុ​។ តាម​រយៈ​កិច្ចសហការ​ដែល​មានការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន កម្មវិធី​នេះ​នឹង​ផ្តល់​នូវ​ការ​ណែនាំ​ជា​យុទ្ធសាស្ត្រ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ទាំង​ក្នុង​ប្រទេស និង​តំបន់​នានា ដើម្បី​បង្កើន​ការ​ចូលរួម​របស់​យុវជន​ក្នុង​សកម្មភាព​បរិស្ថាន ​។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ស្វាគមន៍​កិច្ចសហការ​នេះ ដោយ​មាន​ប្រសាសន៍​ថា​៖ « យើង​មើលឃើញ​ថា​កិច្ចសហការ​នេះ ជា​ការ​វិនិយោគ​ដ៏​មាន​តម្លៃ​សម្រាប់​អនាគត​ប្រទេស​កម្ពុជា​។ កម្មវិធី​ប្រកួតប្រជែង​សកម្មភាព​អាកាសធាតុ ចេ​ន ហ្ស៊ី នឹង​ជួយ​បង្ហាញ​នូវ​ភាព​ច្នៃប្រឌិត និង​ការ​ប្តេជ្ញា​ចិត្ត​របស់​យុវជន ហើយ​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​អនុវត្ត​ផែនការ​សកម្មភាព​អាកាសធាតុ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​ ។ យើង​សូម​កោតសរសើរ​ចំពោះ​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី សម្រាប់​ការ​ចូលរួម​គាំទ្រ​យុទ្ធសាស្ត្រ​ប្រកបដោយ​ចរី​ភាព​របស់​ក្រសួងបរិស្ថាន» ​។

កម្មវិធី​ប្រកួតប្រជែង​សកម្មភាព​អាកាសធាតុ ចេ​ន ហ្ស៊ី នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើកទឹកចិត្ត​យុវជន​ឱ្យ​មានការ​ឆ្លើយ​តប​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​បច្ចេកទេស ការ​ណែនាំ​ពី​អ្នកជំនាញ និង ផ្តល់​ថវិកា​សម្រាប់​ក្រុម​ដែល​អភិវឌ្ឍ​លើ​ដំណោះស្រាយ​ក្នុង​បួន​វិស័យ​សំខាន់​ៗ រួម​មាន​៖ ថាមពល​កកើត​ឡើង​វិញ (Renewable Energy) ដំណោះស្រាយ​ផ្អែក​លើ​ធម្មជាតិ (Nature-Based Solutions) សេដ្ឋកិច្ច​វិល​ជុំ (Circular Economy) កសិកម្ម​និរន្តរភាព និង សន្តិសុខ​ស្បៀង (Sustainable Agriculture and Food Security)​។

សម្រាប់​វគ្គ​បណ្ដុះបណ្ដាល កម្មវិធី​ប្រកួតប្រជែង​នេះ ទទួល​បានការ​គាំទ្រ​និង​ដឹកនាំ​ពី​អ្នកជំនាញ​ឈានមុខ​គេ​នៅ​ក្នុង​វិស័យ​បរិស្ថាន​ប្រកបដោយ​ចីរភាព​។ មគ្គទេសក៍​របស់​កម្មវិធី​រួម​មាន លោក ជា លាង​ស្រ៊ុ​ន និង លោក ហ៊ី​ន លី​ហួរ មក​ពី​មជ្ឈមណ្ឌល​ឧត្តមភាព​ស៊ី​សេន (CE SAIN) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កញ្ញា ហ៊ុ​ល ហ៊ុន​សុភា​រី សហ​ស្ថាបនិក​នៃ​រុយ​រាជ (Ruy Reach) និង លោក Jun Fujihira មន្ត្រី​កម្មវិធី​នៃ​អង្គការ UN-Habitat​។ មគ្គទេសក៍​ទាំងអស់​នឹង​ចូលរួម​ជាមួយនឹង​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ផ្សេង​ៗ​ទៀត ដើម្បី​ផ្តល់​ការ​ណែនាំ​ដល់​ក្រុម​ដែល​ចូលរួម​ក្នុង​ការ​ប្រែក្លាយ​គំនិត​នៅ​ដំណាក់កាល​ដំបូង​អោយ​ក្លាយទៅជា​គម្រោង​ដែល​អាច​អនុវត្ត​បាន​។

ការ​ផ្តោត​សំខាន់​របស់​កម្មវិធី គឺ​ស្រប​តាម​យុទ្ធសាស្ត្រ​ផែនការ​ សកម្មភាព​បរិស្ថាន​របស់​កម្ពុជា ហើយ​ឆ្លុះ​បញ្ចាំង​ពី​ភាព​រហ័ស​ក្នុង​ការ​អភិវឌ្ឍ​ដំណោះស្រាយ​ឆ្លើយ​តប ទៅ​នឹង​ហានិភ័យ​អាកាសធាតុ ជា​ពិសេស​ នៅ​ក្នុង​សហគមន៍​ជនបទ ​ដែល​ងាយ​រង​គ្រោះ ​។

ស្រប​តាម​ការ​គាំទ្រ​ភាព​ច្នៃប្រឌិត និង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​សហការ កម្មវិធី​នេះ​បាន​រួមចំណែក​ដោយ​ផ្ទាល់​ចំពោះ​ការ​ប្តេជ្ញា​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​កសាង​បរិស្ថាន​ស្អាត ភាព​បៃតង និង​ចីរភាព​នា​ពេល​អនាគត​។ កម្មវិធី​នេះ​ក៏​ស្រប​តាម​គ្រោង​ការណ៍​សកល ដូច​ជា​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង​ជា​ពិសេស​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៣ របស់​អង្គការសហប្រជាជាតិ គឺ សកម្មភាព​អាកាសធាតុ (Climate Action ) ​។

តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ការ​ផ្សព្វផ្សាយ​នឹង​ពង្រីក​ទៅ​កាន់​សាកលវិទ្យាល័យ សាលា​បច្ចេកទេស និង​បណ្តាញ​យុវជន​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ធានា​បាន​នូវ​ការ​ចូលរួម ​ក្នុង​កម្មវិធី​បាន​យ៉ាង​ទូលំទូលាយ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កាលបរិច្ឆេទ​ដាក់​ពាក្យ លក្ខខណ្ឌ​ចូលរួម និង​ដំណាក់កាល​សំខាន់​ៗ​របស់​កម្មវិធី​នឹង​ចេញផ្សាយ​តាម​រយៈ ទំព័រ Facebook ផ្លូវការ​ នៃ​កម្មវិធី​ប្រកួតប្រជែង​សកម្មភាព​អាកាសធាតុ ចេ​ន ហ្ស៊ី ៕ អត្ថបទសហការ