ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា​-​ចិន រួម​គ្នា​បណ្តុះបណ្តាល​មូលធន​មនុស្ស និង​អ្នកជំនាញ ​ផ្នែក​ថាមពល តាម​រយៈ​កម្មវិធី​ប្រកួត​ជំនាញ​បច្ចេកទេស

2 ថ្ងៃ មុន

ខេត្ត​ពោធិ៍សាត់​ ៖ ឯកឧត្តម ម៉ុ​ល វិបុល អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ…

ខេត្ត​ពោធិ៍សាត់​ ៖ ឯកឧត្តម ម៉ុ​ល វិបុល អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​បើក និង​បិទ​កម្មវិធី​ប្រកួតប្រជែង​ជំនាញ “​ពានរង្វាន់​អគ្គិសនី​បំភ្លឺ​ផ្លូវ​ពាណិជ្ជកម្ម​” ឆ្នាំ​២០២៥ ដែល​សហការ​រៀបចំ​ដោយ​សមាគម នៃ​សហគ្រាស​វិនិយោគ​ ថាមពល​អគ្គិសនី​ចិន​នៅ​កម្ពុជា និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ ខេត្តពោធិ៍សាត់ ពី​ថ្ងៃ​ទី​២៥ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥​ ។

កម្មវិធី​ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ មាន​វត្តមាន​ជា​សហ​អធិបតី​ពី​សំណាក់​ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​វត្តមាន​ចូលរួម​ពី​ឯកឧត្តម​ទីប្រឹក្សា​ក្រសួង​រ៉ែ និង​ថាមពល​, ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, តំណាង​អគ្គិសនី​កម្ពុជា​, លោក​ប្រធាន​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​, លោក​ប្រធាន​សមាគម​សហគ្រាស​អគ្គិសនី នៃ​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​, តំណាង​វិស័យ​ឯកជន អាជ្ញាធរ​ក្រោម​ជាតិ និង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ​។

ការ​ប្រកួតប្រជែង​ជំនាញ​បច្ចេកទេស​នេះ ធ្វើ​ឡើង​បាន ​២​ លើក ​រួច​មក​ហើយ ដោយ​លើក​ទី​១ បាន​ប្រព្រឹត្ត​ទៅ​នៅ​ខេត្តស្ទឹងត្រែង និង​លើក​ទី​២ នៅ​ខេត្តកោះកុង និង​លើក​ទី​៣ គឺ​ប្រព្រឹត្ត​ទៅ​នៅ​ខេត្តពោធិ៍សាត់​។ ព្រឹ​ត្ត​ការណ៍​នេះ បង្កើត​ឡើង​ដើម្បី​ជា​ឱកាស​ជួបជុំ​គ្នា​រវាង​អ្នកជំនាញ​ផ្នែក​ថាមពល​អគ្គិសនី​កម្ពុជា​-​ចិន ជា​ការ​បង្ហាញ​នូវ​ទេព​កោសល្យ ការ​ចែករំលែក​បទ​ពិសោធ និង​ក៏​ជា​ការ​អនុវត្ត​ជាក់ស្តែង នៃ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​ក្នុង​វិស័យ​ថាមពល​អគ្គិសនី រវាង​ប្រទេស​ទាំង​ពីរ ក្រោម​គំនិត​ផ្តួចផ្តើម “​ខ្សែ​ក្រ​វ៉ា​ត់​និង​ផ្លូវ​”​ ។

បេក្ខជន​ដែល​បាន​ចូលរួម​ប្រកួត​មាន​២​ក្រុម​៖ ជនជាតិ​ចិន​១​ក្រុម និង​ជនជាតិ​ខ្មែរ​១​ក្រុម និង​បាន​ទទួល​ជ័យ​លា​ភី​ទៅ​តាម​ផ្នែក​នីមួយ​ៗ នៃ​វិញ្ញាសា​សម្រាប់​ការ​ប្រកួត​របស់​អ្នកជំនាញ​បច្ចេកទេស​នៃ​ជនជាតិ​ទាំង​ពីរ​។ វិញ្ញ​សា​នៃ​ការ​ប្រកួតប្រជែង​គឺ​មាន​បី​ធំ​ៗ​រួម​មាន ការ​ប្រឡង​ទ្រឹស្តី ការ​អនុវត្ត​ជាក់ស្តែង និង​សំណួរចម្លើយ​ ។

ជា​លទ្ធផល​នៃ​ការ​ប្រកួត គណៈកម្មការ​បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី ដែល​ជា​ក្រុម​ប្រកួត​រវាង​ជនជាតិ​ខ្មែរ​ទទួល​បាន​ពានរង្វាន់​លេខ​១ ចំនួន ២​រូប​, លេខ​២ ចំនួន​២​រូប និង​លេខ​៣ ចំនួន​៤​រូប​។ រីឯ​ម្ចាស់​ជ័យ​លា​ភី​សម្រាប់​ក្រុម​ប្រកួត​រវាង​ជនជាតិ​ចិន ទទួល​បាន​ពានរង្វាន់​លេខ​១ ចំនួន ១​រូប​, លេខ​២ ចំនួន​៣​រូប និង​លេខ​៣ ចំនួន​៥​រូប ​។

ឯកឧត្តម​អនុរដ្ឋលេខាធិការ​ថ្លែង​ថា កម្មវិធី​ប្រកួត​ជំនាញ​បច្ចេកទេស​ឆ្នាំ​២០២៥​នេះ គឺជា​ការ​ធ្វើ​សមាហរណកម្ម​ឧស្សាហកម្ម​និង​ការ​អប់រំ​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ដែល​ទីតាំង​នេះ​នឹង​ក្លាយជា​ទីកន្លែង​បណ្តុះបណ្តាល​យុវជន​ដែល​ជា​មូលធន​មនុស្ស និង​អ្នកជំនាញ​ផ្នែក​ថាមពល​កម្ពុជា​-​ចិន និង​សម្រាប់​កិច្ចសហការ រវាង​សាលា​បច្ចេកវិទ្យា​នៃ​ប្រទេស​ទាំង​ពីរ​ ៕ អត្ថបទសហការ