ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការងារ អំពាវនាវ​ឱ្យ​បងប្អូនអតីត​ពលករ​មិន​ទាន់​មានការ​ងារ​ធ្វើទាក់ទងលេខ​ ១២៩៧ ព្រោះ​ការងារ​ក្នុងស្រុកមាន​អត្ថប្រយោជន៍​ច្រើន​ជាង និង​សុវត្ថិភាព​ជាង

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ឱ្យ​បងប្អូន​អតីត​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ សូម​ទាក់ទង​មក​កាន់​លេខ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ឱ្យ​បងប្អូន​អតីត​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ សូម​ទាក់ទង​មក​កាន់​លេខ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ​ក្នុងស្រុក ដែល​មាន​អត្ថប្រយោជន៍​ច្រើន​ជាង និង​មាន​សុវត្ថិភាព​ជាង ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់ សម្រាប់​បងប្អូន​អតីត​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ អាច​ទាក់ទង​លេខ​ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ​ ។ លោក​បានឱ្យ​ដឹង​ថា «​បច្ចុប្បន្ន​យើង​នៅ​សល់​ឱកាស​ការងារ​ចំនួន ៨៤ ៧៦៧​កន្លែង​ទៀត នៅ​រង់ចាំ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ហើយ​ឱកាស​ការងារ​ទាំងនោះ ស្ថិត​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​» ​។

អ្នកនាំពាក្យ​ដដែល បាន​អំពាវនាវ​ជា​ថ្មី​ឱ្យ​បងប្អូន​អតីត​ពលករ គួរ​ស្វែងរក​ការងារ​នៅ​ក្នុងស្រុក ជា​ជាង​ប្រថុយប្រថាន​ទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ដែល​អាច​ខាតបង់​ថវិកា ពេលវេលា ក៏​ដូច​ជា​អាច​ប្រឈម​នឹង​ចាប់ខ្លួន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ប្រទេស​ថៃ ថែម​ទៀត ​។ សារ​ជា​ថ្មី​ទៀត លោក ស៊ុន មេ​សា បាន​អំពាវនាវ​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល និង​សមាគម ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត សហការ​ផ្ដល់​ព័ត៌មាន​ចំពោះ​បងប្អូន​អតីត​ពលករ​ខ្មែរ​រូប​ណា ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ ដើម្បី​អាច​ឱ្យ​ក្រសួង​ជួយ​សម្របសម្រួល​រក​ការងារ​ជូន​ពួក​គាត់​ធ្វើ​ ៕ អត្ថបទសហការ