ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការងារ​ ៖ ប្អូន​ៗ​ទើប​ប្រឡងបាក់​ឌុ​ប បើ​ចង់បាន​ការងារ​ឆាប់រហ័ស កាត់​បន្ថយ​ចំណាយរបស់​ឪពុក​ម្តាយ និង​បន្ត​ការ​សិក្សា​តាម​ក្តី​ស្រមៃ មក​រៀន​ជំនាញ TVET

2 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៥…

​រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៥ ខែកញ្ញា ឆ្នាំ​ ២០២៥​ នេះ បាន​បង្ហាញ​ពី​ឱកាស​ដ៏​ល្អ​សម្រាប់​យុវជន​ទាំងអស់ ក៏​ដូច​ជា​សិស្សានុសិស្ស​ថ្នាក់​ទី​ ១២ ​ដែល​ទើប​ប្រឡង​ហើយ ទោះ​ធ្លាក់​ឬ​ជាប់ក្តី បើសិនជា​ចង់​ទទួល​បានការ​ងារ​ឆាប់រហ័ស កាត់​បន្ថយ​ចំណាយ​ឪពុក​ម្តាយ​លើ​ការ​រស់នៅ និង​ការ​សិក្សា​ដោយ​ខ្លួនឯង សូម​ជ្រើសរើស​ការ​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស TVET ១,៥​លាន​នាក់ ដោយ​ឥត​គិតថ្លៃ​ ។

លោក​ថ្លែង​ថា ​៖ «​ប្អូន​ៗ​ថ្នាក់​ទី​ ១២ ​ដែល​ទើប​ប្រឡង​ហើយ ទោះ​ជាប់ ឬ​ធ្លាក់​ក្តី កុំ​អស់សង្ឃឹម ខ្ញុំ​សូម​ណែនាំ​ឱកាស​មាស​ដែល​ជួយ​ប្អូន​ៗ​ឱ្យ​ឆាប់​បានការ​ងារ​ធ្វើ មាន​ជំនាញ​ច្បាស់លាស់ រក​លុយ​ចាយ​បាន​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​ខ្លី​គឺ​ត្រឹម ​៤​ខែ​ប៉ុណ្ណោះ គឺ​សូម​ប្អូន​ៗ​ទាំងអស់​គ្នា មក​រៀន​ជំនាញ TVET នៅ​សាលា​ទូ​ទាំង​ប្រទេស ដោយ​ឥត​គិតថ្លៃ ហើយ​ពេល​មាន​ជំនាញ​និង​មាន​ប្រាក់ខែ​រួច​ហើយ ប្អូន​ៗ​ទាំងអស់​គ្នា​អាច​បន្ត​ការ​សិក្សា​ផ្នែក​ជំនាញ​លើ​កម្រិត​បរិញ្ញាបត្រ​ក៏​បាន ឬ​ចង់​ប្តូរ​ទៅ​រៀន​ជំនាញ​ផ្សេង​ទៀត​ក៏​បាន​» ​។

លោក ស៊ុន មេ​សា បាន​លើក​ឡើង​ថា TVET គឺជា​របៀប​សិក្សា​ដែល​ផ្តោត​លើ​ជំនាញ​អាជីព ​និង​បច្ចេកទេស ដែល​អាច​ជួយ​ឱ្យ​អ្នករៀន​ទទួល​បានការ​ងារ​យ៉ាង​ឆាប់រហ័ស និង​មាន​សមត្ថភាព​អនុវត្ត​ជាក់ស្តែង​ក្នុង​ទីផ្សារ​ការងារ ជា​ពិសេស នៅ​ពេល​រៀន​ចប់​ភ្លាម​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ជួយ​ផ្គូផ្គង​រក​ការងារ​ឱ្យធ្វើ​ភ្លាម​ៗ​តែ​ម្តង ​។

ដោយឡែក​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​វិញ មិន​ត្រឹមតែ​សិក្សា​ដោយ​ឥត​បង់ថ្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​២៨​ម៉ឺន​រៀល​ជា​រៀង​រាល់​ខែ​ថែម​ទៀត​ផង ​។

សូម​បញ្ជាក់​ថា យុវជន និង​សិស្សានុសិស្ស ដែល​ទើប​ប្រឡង​ចប់​ថ្នាក់​ទី​ ១២ អាច​ចុះ​ឈ្មោះ​សិក្សា​នៅ​តាម​បណ្តា​គ្រឹះស្ថានសិក្សា​ទាំង ៣៧​ទីតាំង​នៅ​ទូ​ទាំង​ប្រទេស​លើ​ជំនាញ​ចំនួន​ ៤៥ ក្នុង​នោះ​រួម​មាន​ជំនាញ ធុរកិច្ច និង​ព័ត៌មានវិទ្យា​, សំណង់​, សេវាកម្ម​, ទេសចរណ៍​, និង​បរិក្ខារ​ត្រជាក់ និង​កម្តៅ​ជាដើម ​។

បន្ថែម​ពី​នេះ ក្រៅពី​ការ​ជំរុញ​ឱ្យ​សិក្សា​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស ១,៥​លាន​នាក់ ដើម្បី​ទទួល​បានការ​ងារ​ឆាប់រហ័ស​ហើយ​នោះ អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេ​សា បាន​អះអាង​ថា ការ​សិក្សា​ជំនាញ​បច្ចេកទេស​នា​ពេល​បច្ចុប្បន្ន គឺ​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ​ ៕ អត្ថបទសហការ