ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីពថា ​ការ​ជំរុញ​ដំឡើង​ប្រាក់ខែ​គោល​ខ្ពស់ហួសប្រមាណ​ពី​សង្គម​ស៊ី​វិល​មួយ​ចំនួន​ នឹងក្លាយជា​ការ​បោក​បំផ្លាញ​ឆ្នាំងបាយ​កម្មករ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ សហជីព​ធំ​ៗ​នៅ​កម្ពុជា ដែល​តំណាង​ឱ្យ​កម្មករនិយោជិត​រាប់​ម៉ឺន​នាក់ បាន​លើក​ឡើង​ថា ការ​ជំរុញ​ឱ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ក្នុង​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ…

រាជធានីភ្នំពេញ​ ៖ សហជីព​ធំ​ៗ​នៅ​កម្ពុជា ដែល​តំណាង​ឱ្យ​កម្មករនិយោជិត​រាប់​ម៉ឺន​នាក់ បាន​លើក​ឡើង​ថា ការ​ជំរុញ​ឱ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ក្នុង​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ ​និង​កាបូប ក្នុង​កម្រិត​ខ្ពស់​ហួសប្រមាណ​នឹង​ក្លាយជា​ការ​បំផ្លាញ​ឆ្នាំងបាយ​កម្មករ​ ។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ក្នុង​កម្រិត​មួយ​ខ្ពស់​ហួសប្រមាណ​នឹង​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ការ​វិនិយោគ​ជា​មិន​ខាន ពោល​គឺ​អ្នក​វិនិយោគ​ចាស់​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង ហើយ​អ្នក​វិនិយោគ​ថ្មី​ក៏​មិន​អាច​ធ្វើការ​វិនិយោគ​មក​កាន់​ប្រទេស​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ហួសប្រមាណ​នោះ​ដែរ ​។ លោក​ថ្លែង​ថា ៖ «​ការ​ដំឡើង​ប្រាក់​ឈ្នួលខ្ពស់​អាច​ប្រឈម​ការ​បាត់បង់​ឱកាស​ការងារ របស់​បងប្អូន​កម្មករនិយោជិត ហើយ​វា​ហាក់បីដូចជា វាយ​បំបែក​ឆ្នាំងបាយ​កម្មករនិយោជិត​ទៀត​ផង ​។ ចំពោះ​មុខ អ្វី​ដែល​ល្អ​បំផុត​គឺ​ការ​ដំឡើង​ប្រាក់​ឈ្នួលដែល​អាច​ឱ្យ​កម្មករនិយោជិត​អាច​មាន​ប្រាក់​ចំណូល​រស់នៅ​សមរម្យ អាច​រក្សា​បាន​នូវ​ឱកាស​ការងារ និង​រក្សា​បាន​នូវ​បរិយាកាស​ក​ល្អ​សម្រាប់​អ្នក​វិនិយោគ​ទាំង​ចាស់ ទាំង​ថ្មី​បន្ថែម​ទៀត​មក​កម្ពុជា​»​ ។

ជាមួយ​គ្នា​នេះ លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា គាំទ្រ​ការ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករនិយោជិត ក្នុង​កម្រិត​មួយ​ប្រកប​ទៅ​ដោយ ការ​ថ្លឹងថ្លែង​ស្រាល​ធ្ងន់​ច្បាស់លាស់ ធ្វើ​យ៉ាងណា​រក្សា​បាន​លំនឹង​នៃ​ការ​វិនិយោគ ហើយ​ថែម​ទាំង​អាច​ទាក់ទាញ​បាន​អ្នក​វិនិយោគ​ថ្មី​មក​បន្ថែម​ទៀត​កាន់តែ​ច្រើន សំដៅ​ធ្វើ​ឱ្យ​ការ​ដំឡើង​ប្រាក់​ឈ្នួល​បាន​កាន់តែ​ខ្ពស់ សេដ្ឋកិច្ចជាតិ​កាន់តែ​ប្រសើរ ជីវភាព​ពលរដ្ឋ​ធូរធារ ​។ លោក​ថ្លែង​ថា ​៖ «​យើង​មើលឃើញ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​រាល់​ៗ​ឆ្នាំ ក៏​ដូច​ជា​ការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​នេះ ជា​ការ​ត្រៀម​ទាក់ទាញ​វិនិយោគ​បន្ថែម​កាន់តែ​ច្រើន​មក​កាន់​កម្ពុជា កាន់តែ​ធំ​ជាង​មុន ហើយ​នៅ​ពែ​ល​នោះ​ហើយ​ដែល​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍ ក៏​ដូច​ជា​ប្រាក់​ឈ្នួល​បងប្អូន​កម្មករនិយោជិត​កាន់តែ​ខ្ពស់​បន្ថែម​ទៀត​»​ ។

ទន្ទឹម​នេះ លោក ទុ​យ កុសល ប្រធាន​សហព័ន្ធ​សហជីព​រួបរួម​អភិវឌ្ឍន៍​កម្មករ លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​តិច​ឬ​ច្រើន​មិន​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​រក្សា​បាន​នូវ​លំនឹង​ការងារ រក្សា​បាន​អ្នក​វិនិយោគ​ចាស់ បន្ថែម​អ្នក​វិនិយោគ​ថ្មី ជា​ពិសេស គឺ​ផ្តល់​ឱកាស​ការងារ​ជូន​ដល់​បងប្អូន​អតីត​ពលករ​ទើប​មក​ពី​ប្រទេស​ថៃ ​។ លោក​បញ្ជាក់​ថា​៖ «​បើ​យើង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ខ្ពស់​ហួសប្រមាណ​ពេក សហគ្រាស ក្រុមហ៊ុន រោងចក្រ គេ​អាច​នឹង​រើ​ចេញពី​កម្ពុជា យើង អ៊ីចឹង​មាន​ខុស​អី​ពី​ការ​បោក​បំផ្លាញ​ឆ្នាំងបាយ​កម្មករ​។ តែបើ​ការ​ដំឡើង​សម​ស្រប​ទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច​ដែល​ទទួលយក​បាន​ទាំងអស់​គ្នា គឺជា​រឿង​ល្អ ហើយ​ក៏​អាច​ទាក់ទាញ​បាន​អ្នក​វិនិយោគ​ថ្មី​ៗ​បន្ថែម​ដែរ​» ​៕ អត្ថបទសហការ