រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការដំឡើងប្រាក់ឈ្នួល ២ដុល្លារបន្ថែម សម្រាប់ឆ្នាំ ២០២៦ នោះ ក្រុមកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានសម្ដែងក្ដីរីករាយ ហើយចាត់ទុកថា ជាការដំឡើងសមរម្យ និងអាចទទួលយកបាន ។ បន្ថែមលើនេះ ក្រុមកម្មករ-កម្មការិនី ក៏បានលើកឡើងដែរថា ស៊ូទទួលយកការដំឡើងប្រាក់ឈ្នួលសន្សឹមៗ បន្ដិចម្ដងៗ ប្រសើរជាងឡើងច្រើនតែរោងចក្ររើចេញ ។
ការលើកឡើងនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅថ្ងៃទី ១៧ ខែកញ្ញា ដើម្បីពិនិត្យសម្រេចលើលទ្ធផល នៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ ឆ្នាំ ២០២៦ ។
ជាលទ្ធផលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារ លើតួលេខ ២០៨ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៦ មានចំនួន ២១០ដុល្លារ ក្នុងមួយខែ ។
កញ្ញា ម៉ង់ សៃឡេន កម្មការិនីមកពីខេត្តត្បូងឃ្មុំ ប្រាប់ថា ខ្លួនបានធ្វើការងារនៅក្នុងរោចក្រកាត់ដេររយៈពេល ៣ឆ្នាំមកហើយ ដោយបានឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ។ កម្មការិនីរូបនេះ បន្ថែមថា ការឡើងប្រាក់ឈ្នួលសន្សឹមៗ បន្តិចម្ដងៗ គឺប្រសើរជាងឡើងច្រើនតែបែរជារោងចក្រត្រូវរើចេញ។ កញ្ញា ម៉ង់ សៃឡេន និយាយបែបនេះថា «ខ្ញុំសូមអរគុណដល់ក្រសួង និងរដ្ឋាភិបាល ដែលគាត់ជួយឱ្យឡើងប្រាក់ខែ ទោះបីតិចក្ដីច្រើនក្ដី ប៉ុន្តែឡើងជារៀងរាល់ឆ្នាំ» ។
ចំណែកអ្នកស្រី ពេជ និមល កម្មការិនីមកពីខេត្តបាត់ដំបង ប្រាប់ដែរថា ចំពោះការដំឡើងប្រាក់ឈ្នួលចំនួន ២ដុល្លារបន្ថែម សម្រាប់ឆ្នាំ ២០២៦ គឺអ្នកស្រីទទួលយកបាន។ អ្នកស្រីថា បើទោះបីជាដំឡើងបន្ដិចម្ដងៗ សន្សឹមៗ តែអាចឱ្យអ្នកស្រីមានការងារធ្វើ ដោយទទួលបានចំណូលសមរម្យ ជាជាងដំឡើងច្រើនតែរោងចក្រត្រូវរើចេញ ហើយបាត់បង់ការងារធ្វើ។ អ្នកស្រី ពេជ និមល និយាយបែបនេះថា «សូមអរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយឱ្យមានការងារធ្វើ ហើយដំឡើងប្រាក់ខែជារៀងរាល់ឆ្នាំ» ។
រីឯអ្នកស្រី ផាន់ សេងហួរ កម្មការិនីមកពីខេត្តកំពង់ចាម ហើយក៏ជាអតីតពលករខ្មែរទើបត្រឡប់មកពីថៃ បានប្រាប់ដែរថា អ្នកស្រីសប្បាយចិត្តពេលលឺថា រាជរដ្ឋាភិបាល បានជួយសម្របសម្រួលឱ្យមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំជូនកម្មករ-និយោជិត ហើយនៅឆ្នាំ ២០២៦ នឹងត្រូវដំឡើង ២ដុល្លារបន្ថែមទៀត ។ អ្នកស្រី បន្ថែមថា ការដំឡើងប្រាក់ឈ្នួលគោលសន្សឹមៗបែបនេះ អ្នកស្រីអាចទទួលយកបាន ហើយអាចជួយបង្កើតការងារបន្ថែមទៀត។ អ្នកស្រី ផាន់ សេងហួរ និយាយបែបនេះថា «នាងខ្ញុំសូមអរគុណរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ចំពោះពលករ ហើយរកការងារឱ្យធ្វើ ហើយឡើងមួយឆ្នាំបន្តិចពិតមែនតែយើងបានការងារនៅក្នុងស្រុក» ។
បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមា ក៏រាជរដ្ឋាភិបាលកម្ពុជាបានជួយសម្របសម្រួល ឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករ-និយោជិត ទោះតិចក្តីច្រើនក្តីសំដៅជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនកម្មករ-និយោជិត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ