ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការងារ អំពាវនាវ​ដល់​យុវជន​ចង់បាន​ជំនាញ​មួយ​ច្បាស់លាស់ សូម​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី TVET 1.5M ខណៈ​អ្នក​ចុះ​ឈ្មោះ​កើនឡើង​ដល់​ជាង ១៣​ម៉ឺន​នាក់

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​យុវជន និង​អ្នក​ដែល​ចង់​មាន​ជំនាញ​មួយ​ច្បាស់លាស់ សូម​អញ្ជើញ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M)…

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​យុវជន និង​អ្នក​ដែល​ចង់​មាន​ជំនាញ​មួយ​ច្បាស់លាស់ សូម​អញ្ជើញ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) ព្រោះ​ជា​ការ​សិក្សា​រយៈពេល​ខ្លី ឆាប់​ចប់ និង​ឆាប់​ទទួល​បាន​ផល​ ។ ការ​អំពាវនាវ​នេះ ស្រប​ពេល​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ រួម​ទាំង​បុគ្គល​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ​ជាង ១៣​ម៉ឺន​នាក់ បាន​ស្នើ​សុំ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​នេះ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹង​ថា បន្ទាប់​ពី​បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​មក មាន​អ្នក​ស្នើ​សុំ​ចុះ​ឈ្មោះ​ចូល​រៀន​ចំនួន ១៣៧ ៦៥៣​នាក់ ​។ ក្នុង​នោះមាន​សិស្ស​កំពុង​សិក្សា​ចំនួន ៣៥ ៦៩២​នាក់ និង​សិស្ស​បាន​បញ្ចប់​ការ​សិក្សា​មាន​ចំនួន ៥២ ៥២២​នាក់​ ។ ដោយឡែក សិស្ស​ដែល​បាន​ទទួល​ការងារ​ធ្វើ​បន្ទាប់​ពី​រៀន​ចប់​មាន​ចំនួន ២៥ ៩១៣​នាក់ ​។ នេះ​បើ​គិត​ត្រឹម​ខែសីហា ឆ្នាំ ២០២៥ ​។

លោក ស៊ុន មេ​សា បាន​អំពាវនាវ​ដល់​យុវជន ជា​ពិសេស​បងប្អូន​អតីត​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ សូម​អញ្ជើញ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) ដើម្បី​មាន​ជំនាញ​មួយ​ពិតប្រាកដ អាច​យក​ទៅ​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន ឬ​ចូល​បម្រើ​ការងារ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន​នានា ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង និង​រក្សា​បាន​នូវ​ស្ថិរភាព​ការងារ​, កំណើន​ផលិតភាព និង​ប្រាក់​ចំណូល​សមរម្យ​ ។

អ្នកនាំពាក្យ​ដដែល ក៏​បាន​ជំរុញ​ឱ្យ​មាតាបិតា និង​អាណាព្យាបាល អនុញ្ញាត​ឱ្យ​កូនចៅ​របស់​ខ្លួន​មក​ចុះ​ឈ្មោះ និង​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង ព្រោះ​ជា​ការ​វិនិយោគ​រយៈពេល​ខ្លី ឆាប់​ចប់ ឆាប់​ទទួល​បាន​ផល និង​មាន​ជំនាញ​មួយ​ច្បាស់លាស់ ដោយ​សិក្ខាកាម សិស្ស និស្សិត មានឱកាស​ផ្សារ​ភ្ជាប់​ទ្រឹស្តី និង​បទ​ពិសោធ​នៃ​ការ​អនុវត្ត​ជាក់ស្ដែង​ ។

គួរ​រំលឹក​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​ក្រុម​គោលដៅ​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូ​ទាំង​ប្រទេស​ចំនួន​ប្រមាណ ១​លាន ៥​សែន​នាក់ (​រួម​ទាំង​បុគ្គល​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ​ដែល​ត្រូវ​បង្កើន​ជំនាញ និង​ផ្លាស់​ប្ដូរ​ជំនាញ​) ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ គឺ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ ២០២៣ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣​ ។

សម្រាប់​ជំនាញ​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ រួម​មាន ​៖ ការងារ​កំបោរ​, ការ​ដំឡើង​គ្រឿង​ឈើ​សម្រេច​, ការ​ដំឡើង​បណ្ដាញ​បំពង់​ទឹក​, ការ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុ​អគារ​, ការ​ដំឡើង​ពុម្ព​, ការ​ដំឡើង​សរសៃដែក​, ការងារ​ការ៉ូ​, ការ​ថែទាំ និង​ជួសជុល​ម៉ូ​ទ័​រ​អគ្គិសនី​, ការ​ថែទាំ និង​ជួសជុល​បរិក្ខារ​អេ​ឡិច​ត្រូ​និក​, ការ​ដំឡើង និង​ថែទាំ​កាមេរ៉ា​សុវត្ថិភាព​, ការ​ថែទាំ និង​ជួសជុល​ទូរ​សព្ទ​ដៃ​, ការ​ជួសជុល និង​ថែទាំ​ជណ្ដើរយន្ដ​, កា​រប​ន្សី​លោហៈ​, ការ​ផ្សារ​លោហៈ​ដោយ​ធ្នូ​អគ្គិសនី (​ធូប​), ការ​ថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ដ​, ការ​ថែទាំ និង​ជួសជុល​រថយន្ដ​, សេវាកម្ម​ធនធានមនុស្ស​, សេវាកម្ម​រដ្ឋបាល​, សេវាកម្ម​កុំព្យូទ័រ​, សេវាកម្ម​អតិថិជន​, ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ​, សេវាកម្ម​កាត់សក់​បុរស​, ការ​វាស់​ភ្នែក និង​កាត់​កញ្ចក់​វែ​នតា និង​សេវាកម្ម​សម្អាង​កាយ ជាដើម ​៕ អត្ថបទសហការ