រាជធានីភ្នំពេញ ៖ ក្រុមកម្មករ-និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ បានប្រាប់ពីប្រាក់ចំណូលរបស់ខ្លួនក្នុងមួយខែៗ ដែលអាចទទួលបានចន្លោះពី ៣០០ដុល្លារ ទៅ ៣៤០ដុល្លារ ។
អ្នកស្រី ហួរ ចាន់ណា កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រីបានធ្វើការងារជាកម្មការិនីរោងចក្រប្រមាណ ៨ឆ្នាំមកហើយ។ ក្រៅពីបានប្រាក់ឈ្នួលគោល អ្នកស្រី ក៏ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតដូចជា៖ ប្រាក់ថ្លៃសោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៥ដុល្លារ ព្រមទាំងប្រាក់អតីតភាពការងារទៅតាមឆ្នាំជាដើម។ អ្នកស្រី ប្រាប់បន្តថា «បើបូកទាំងថែមម៉ោងបាន ៣០០ជាង វាអាស្រ័យលើម៉ោងយើងថែម ចាប់ពី ៣២០, ៣៣០ ទៅ ៣៤០» ។
អ្នកស្រី ហួរ ចាន់ណា ដែលបច្ចុប្បន្នកំពុងមានផ្ទៃពោះផងនោះ បានឱ្យដឹងថា ខាងរោងចក្របានអនុញ្ញាតឱ្យអ្នកស្រី ចេញមុនម៉ោង ១៥នាទី ហើយអ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨ម៉ឺនរៀល នៅពេលទៅពិនិត្យផ្ទៃពោះម្ដង។ កម្មការិនីរូបនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលជួយសម្របសម្រួលឱ្យអ្នកស្រី ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីផ្សេងទៀត ទទួលបានអត្ថប្រយោជន៍ជាច្រើន និងមានការងារជាប់លាប់ ។
កម្មការិនីម្នាក់ទៀត គឺអ្នកស្រី សឹម សៅ បានប្រាប់ដែរថា ក្រៅពីប្រាក់ឈ្នួលគោលចំនួន ២០៨ដុល្លារ អ្នកស្រី ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ហើយបើបូកនឹងការថែមម៉ោងត្រឹមម៉ោង ៦ល្ងាច អ្នកស្រី អាចបានប្រាក់ចំណូលលើស ៣០០ដុល្លារក្នុងមួយខែ។ អ្នកស្រី បានឱ្យដឹងថា «ខែនេះខ្ញុំបានដូចជា ៥០០ គេមានលុយបំណាច់ឆ្នាំ ខែរាល់ដងដូចជា ៣០០តិចតួច» ។
អ្នកស្រី សឹម សៅ បានឱ្យដឹងបន្ថែមថា ប្ដីរបស់អ្នកស្រី ក៏ជាកម្មកររោងចក្រម្នាក់ដែរ ហើយបច្ចុប្បន្នអាចមានលទ្ធភាពឱ្យកូនបានបន្តការសិក្សាដូចគេឯងដែរ។ ជារឿងល្អមួយដែរ គ្រួសាររបស់អ្នកស្រី មិនមានការជាប់បំណុលធនាគារនោះទេ។ ដូច្នេះហើយ អ្នកស្រី អាចសល់ម៉ូតូមួយគ្រឿង និងអាចបង់រំលស់ដីឡូតិ៍ចំនួន ២ឡូតិ៍ តាមរយៈការធ្វើការងារក្នុងរោងចក្រនេះ ។
ដូចគ្នាដែរ អ្នកស្រី សឹម សៅ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយសម្របសម្រួលឱ្យអ្នកស្រី និងបងប្អូនកម្មករ និងពលករត្រឡប់មកពីថៃមានការងារធ្វើ ។
រីឯអ្នកស្រី យ៉ុង ភ័ក្រ កម្មការិនីមកពីខេត្តតាកែវ ប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្នអ្នកស្រី ទទួលបានប្រាក់ឈ្នួលគោលចំនួន ២០៨ដុល្លារ បូករួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត និងការថែមម៉ោងត្រឹមម៉ោង ៦ល្ងាចនោះ អ្នកស្រី អាចទទួលបានចំណូលជាង ៣០០ដុល្លារក្នុងមួយខែ។ អ្នកស្រី បន្ថែមថា «ខ្ទង់ ៣០០ជាង ទាល់តែយើងបូកម៉ងបានដឹងជាក់ស្ដែង…មានលុយធ្វើដំណើរ លុយស្នាក់នៅ ២ហ្នឹង ២២ដុល្លារ ហើយលុយបាយតាមយើងថែមម៉ោងចឹងណា៎» ។
កម្មការិនីរូបនេះ បានលើកឡើងថា ការដែលខ្លួនទទួលបានប្រាក់ចំណូលសរុបជាង ៣០០ដុល្លារក្នុងមួយខែនេះ គឺទទួលបានសមរម្យហើយ។ អ្នកស្រី យ៉ុង ភ័ក្រ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនកម្មករ-និយោជិត ដោយបានសម្របសម្រួលឱ្យមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ហើយទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ