ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកវិភាគ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល ២១០​ដុល្លារ អាច​ធ្វើ​ឱ្យ​កម្មករ​ទទួលយក​បាន និង​ជួយ​រក្សា​ការវិនិយោគ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​អ្នកវិភាគ​បញ្ហា​សង្គម បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល ២១០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ឆ្នាំ​២០២៦ អាច​ធ្វើ​ឱ្យ​កម្មករ​ទទួលយក​បាន ព្រមទាំង​ជួយ​រក្សា​នូវ​កំណើន​វិនិយោគិន​បន្ថែម​ទៀត ដើម្បី​បង្កើត​ឱកាស​ការងារ​ជូន​ដល់​កម្មករនិយោជិត…

រាជធានីភ្នំពេញ​ ៖ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​អ្នកវិភាគ​បញ្ហា​សង្គម បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល ២១០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ឆ្នាំ​២០២៦ អាច​ធ្វើ​ឱ្យ​កម្មករ​ទទួលយក​បាន ព្រមទាំង​ជួយ​រក្សា​នូវ​កំណើន​វិនិយោគិន​បន្ថែម​ទៀត ដើម្បី​បង្កើត​ឱកាស​ការងារ​ជូន​ដល់​កម្មករនិយោជិត ការ​បន្ត​ជំរុញ​ឱ្យ​មាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរ​ឡើង​ប្រកបដោយ​ភាព​ទាក់ទាញ​។​.

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​២០២៦​នេះ គឺ​កម្មករនិយោជិត និង​និយោជក ទទួលយក​បាន​ទាំងអស់​គ្នា ហើយ​ភាគី​ទាំង​ពីរ​នៅ​តែ​អាច​ទាញ​ផលប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ដដែល​។

លោក​បណ្ឌិត​បន្ត​ថា នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ កម្ពុជា​នៅ​តែ​អាច​មាន​លទ្ធភាព​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​បាន​ដោយ​រលូន ខណៈ​ដែល​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ និង​ពិភពលោក​កំពុង​មាន​បញ្ហា​ប្រឈម​។ ការ​ដំឡើង​ក្នុង​កម្រិត​នេះ គឺ​នឹង​មិន​មាន​បញ្ហា​ប៉ះពាល់​ដល់​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ​។

ដោយ​លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​គិត​ថា វា​មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​វិនិយោគ​ដល់​វិនិយោគិន​នៅ​កម្ពុជា​នោះ​ទេ ដោយសារ​ប្រាក់ខែ​នេះ គឺជា​ប្រាក់ខែ​មួយ​ក្នុង​កម្រិត​សមរម្យ ហើយ​ដែល​អាច​ធ្វើ​ឱ្យ​វិនិយោគិន​បរទេស​នៅ​មាន​លទ្ធភាព​បន្ត​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​។ លើស​ពី​នេះ​ទៀត យើង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម ព្រោះ​បរិយាកាស​ធុរៈកិច្ច​មាន​អំណោយផល​ល្អ បូក​រួម​ទាំង​ស្ថេ​រ​ភាព​នយោបាយ​ផង​ដែរ​»​។

ចំណែក​លោក ថុ​ង ម៉េ​ង​ដា​វិត អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ​អន្តរជាតិ បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល ២១០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ឆ្នាំ​២០២៦ អាច​ធ្វើ​ឱ្យ​កម្មករ​ទទួលយក​បាន ព្រមទាំង​ជួយ​រក្សា​នូវ​កំណើន​វិនិយោគិន​បន្ថែម​ទៀត​។ លើស​ពី​នេះ កម្មករនិយោជិត​នឹង​កាន់តែ​មាន​ភាព​ជឿជាក់​ទៅ​លើ​រាជរដ្ឋាភិបាល ដែល​បាន​ដំឡើង​ប្រាក់​ឈ្នួល​ជូន​ពួក​គាត់​ជា​រៀង​រាល់​ឆ្នាំ​។

លោក​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ បន្ត​ចូលរួម​ថែរក្សា​ភាព​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ សំដៅ​រក្សា​ការងារ និង​ប្រាក់​ចំណូល​របស់​កម្មករនិយោជិត​ទាំងអស់ ដើម្បី​ធានា​បាន​នូវ​ស្ថេ​រ​ភាព​ការងារ និង​ការ​វិនិយោគ​នៅ​កម្ពុជា​។

លោក ថុ​ង ម៉េ​ង​ដា​វិត បាន​បញ្ជាក់​ថា​៖ «​បើ​ទោះបីជា​ការ​ដំឡើង​ប្រាក់​ឈ្នួល​មិន​បាន​ច្រើន​លើសលុប​ទៅ​តាម​នូវ​អ្វី​ដែល​កម្មករ​ចង់បាន ប៉ុន្ដែ​យើង​នៅ​តែ​សាទរ​ចំពោះ​ការ​ដំឡើង​នេះ វា​ជា​ចំណុច​វិជ្ជមាន និង​ជា​ឆន្ទៈ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ជីវភាព​កម្មករ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​ការងារ បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដែល​ជំរុញ​ឱ្យ​មាន​យន្តការ​ចរចា​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​បែប​នេះ​»​។

នា​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី​៤ បាន​បើក​កិច្ចប្រជុំ​លើក​ចុង​ក្រោយ​របស់​ខ្លួន នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​លទ្ធភាព​សម្រេចការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប​សម្រាប់​ឆ្នាំ​២០២៦​។

តាម​រយៈ​កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង​សរុប​ចំនួន ២៣​លើក តំណាង​ភាគី​កម្មករនិយោជិត និង​តំណាង​ភាគី​និយោជក បាន​យល់​ច្បាស់​ពី​ស្ថានភាព នៃ​ផល​ប៉ះពាល់ ដែល​អាច​កើត​មាន​ឡើង​ដោយសារ​ការ​កំណត់​ពន្ធគយ​បដិការ​របស់​សហរដ្ឋ​អាម៉េរិក ភាព​ប្រកួតប្រជែង និង​ស្ថានភាព​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ពុជា ធៀប​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន និង​ស្ថានភាព​ជាក់ស្ដែង​នៃ​ទីផ្សារ​ការងារ សម្រាប់​ឆ្នាំ​២០២៥ និង​ឆ្នាំ​២០២៦​។

យោង​លើ​របាយការណ៍ និង​ការ​ពិភាក្សា​បន្ថែម​ជាមួយ​ភាគី​ពាក់ព័ន្ធ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​សម្រេច​បន្ថែម ២​ដុល្លារ​អាម៉េរិក លើ​តួលេខ ២០៨ ដុល្លារ​អាម៉េរិក​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ធ្វើ​ឱ្យប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​ផ្នែក វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៦ មាន​ចំនួន ២១០​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ខែ ហើយនឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦​តទៅ​។ ប្រសិនបើ​បូក​ទាំង​អត្ថប្រយោជន៍​ផ្សេង​ទៀត បងប្អូន​កម្មករនិយោជិត​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​យ៉ាងតិច​ចន្លោះ​ពី ២២៧​ដុល្លារ​អាម៉េរិក​ដល់ ២៣៨​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ខែ​៕ អត្ថបទសហការ