រាជធានីភ្នំពេញ ៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កើនឡើងដល់ ១៤ម៉ឺននាក់ហើយ ក្នុងនោះវិស័យចំនួន ៥ មានអ្នកចុះឈ្មោះចូលរៀនច្រើនជាងគេ ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ ២០២៥ នេះ សិស្សដែលស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) មានចំនួន ១៤០ ៩៨១នាក់ ក្នុងនោះសិស្សកំពុងរៀនមានចំនួន ៣១ ៤៨៥នាក់ និងសិស្សបានបញ្ចប់ការសិក្សាចំនួន ៥៦ ៦៨២នាក់ ហើយសិស្សដែលទទួលបានការងារធ្វើមានចំនួន ២៩ ១៩០នាក់។ ក្នុងចំណោមអ្នកស្នើសុំចុះឈ្មោះចូលរៀនទាំងនោះ គឺមាន ៦០ ១៨៥នាក់ បានប្រើប្រាស់បណ្ណសមធម៌ ។
លោក ស៊ុន មេសា បានឱ្យដឹងបន្តថា វិស័យចំនួន ៥ មានសិស្សចុះឈ្មោះចូលរៀនច្រើន រួមមាន ៖ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកចុះឈ្មោះចំនួន ២៧ ៩១៥នាក់, វិស័យទេសចរណ៍ មានអ្នកចុះឈ្មោះ ២១ ៦៦១នាក់, វិស័យសំណង់ មានអ្នកចុះឈ្មោះចំនួន ២១ ២៨៦នាក់, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានអ្នកចុះឈ្មោះចំនួន ១៧ ៣៤៧នាក់ និងវិស័យសេវាកម្ម មានអ្នកចុះឈ្មោះចំនួន១៧ ០៧៩នាក់ ។
ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន ជាពិសេសបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ សូមអញ្ជើញចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដើម្បីមានជំនាញមួយពិតប្រាកដ អាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង និងរក្សាបាននូវស្ថិរភាពការងារ, កំណើនផលិតភាព និងប្រាក់ចំណូលសមរម្យ ។
គួររំលឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១លាន ៥សែននាក់ (រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធដែលត្រូវបង្កើនជំនាញ និងផ្លាស់ប្ដូរជំនាញ) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ គឺត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ