ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលករ​ខ្មែរ​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ បន្ត​វិល​ពី​ថៃមក​វិញ ​ដើម្បី​រកការងារ​ក្នុងស្រុក និង​មករស់នៅ​ក្នុង​ប្រទេស​កំណើត

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ពលករ​ខ្មែរ​រាប់រយ​នាក់​បន្ត​វិញ​ត្រឡប់​ពី​ប្រទេស​ថៃ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ស្វែងរក​ឱកាស​ការងារ និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ…

រាជធានីភ្នំពេញ​ ៖ ពលករ​ខ្មែរ​រាប់រយ​នាក់​បន្ត​វិញ​ត្រឡប់​ពី​ប្រទេស​ថៃ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ស្វែងរក​ឱកាស​ការងារ និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២៦ ខែកញ្ញា ឆ្នាំ ​២០២៥ ​។

លោក ស៊ុន មេ​សា បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​មាន​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​ជា​មធ្យម​ចន្លោះ​ពី ១០០ ទៅ​ ២០០​នាក់ ដើម្បី​មក​រក​ការងារ​ធ្វើ និង​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ អ្នកនាំពាក្យ​រូប​នេះ​បាន​គូសបញ្ជាក់​ថា​៖ “​មក​ទល់​ពេល​នេះ យើង​ឃើញ​ថា​នៅ​តែ​មានការ​វិល​ត្រឡប់​វិញ​នៃ​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ ដើម្បី​ចូល​មក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាក់ស្តែង​កាលពី​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ ក៏​ឃើញ​មាន​បងប្អូន​ពលករ​ត្រឡប់​មក​វិញ​ជា​មធ្យម​ចន្លោះ​ពី ១០០ ទៅ ​២០០​នាក់​ដែរ ជា​រៀងរាល់ថ្ងៃ ហើយ​បើ​តាម​ការ​សាកសួរ​របស់​មន្ត្រី​នៅ​តាម​ព្រំដែន ការ​ត្រឡប់​មក​វិញ​របស់​បងប្អូន​ពលករ​ខ្មែរ​គឺ​ដើម្បី​ស្វែ​ករក​ឱកាស​ការងារ​ធ្វើ​នៅ​ក្នុងស្រុក និង​ដើម្បី​រស់នៅ​អចិន្ត្រៃយ៍​ផង​ដែរ​”​ ។

អ្នកនាំពាក្យ​រូប​នេះ បន្ថែម​ថា ជាមួយ​ការ​វិល​ត្រឡប់​មក​វិញ​របស់​បងប្អូន​ពលករ​ខ្មែរ​មន្ត្រី​ក្រសួង​ការងារ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នៅ​តែ​បន្ត​រង់ចាំ​ទទួល​បងប្អូន​ពលករ​ខ្មែរ​ជា​និច្ច​នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ​។ លោកលើក​ឡើង​ថា​៖ “​ស្រប​ជាមួយ​ការ​បន្ត​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ពី​សំណាក់​បងប្អូន​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ មន្ត្រី​ក្រសួង​ការងារ​រួម​មាន ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ ក៏​ដូច​ជា​មន្ទីរ​ការងារ​ខេត្ត ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​បន្ត​រង់ចាំ​ទទួល​បងប្អូន​ពលករ​ដែល​ត្រឡប់​មក​វិញ​នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដដែល ជាមួយនឹង​ការ​ណែនាំ​ស្តី​ពី​ឱកាស​ការងារ ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍​ប​.​ស​.​ស​.”​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២៥ នេះ​មាន​បងប្អូន​ពលករ​ខ្មែរ​ប្រមាណ​ជាង ៩៤​ម៉ឺន​នាក់​ហើយ ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។ ជាមួយនឹង​ការ​ត្រឡប់​មក​វិញ​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​អតីត​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ សូម​ទាក់ទង​មក​កាន់​លេខ​ ១២៩៧ ដែល​មន្ត្រី​ក្រសួង​ការងារ​រង​ចាំ​ទទួល​ទូរ​សព្ទ​បងប្អូន​គ្រប់​គ្នា ដើម្បី​ផ្តល់​នូវ​ឱកាស​ការងារ​ដ៏​សម្បូរ​បែប ជាមួយនឹង​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ​៕ អត្ថបទសហការ