រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់សិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញា-បត្រមធ្យមសិក្សាទុតិយភូមិ មកពីវិទ្យាល័យចំនួន ៣ ក្នុងស្រុកសន្ទុក ដែលនេះបានបង្ហាញពីស្មារតីតស៊ូខិតខំរៀនសូត្រ រហូតសម្រេច បានលទ្ធផលជាវិជ្ជមាន ជូនដល់ក្រុមគ្រួសារនិងសង្គមជាតិ ។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងពិធីអបអរសាទរដល់សិស្សថ្នាក់ទី១២ ដែលប្រឡង ជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥, លោកជំទាវបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិស្សានុសិស្សដែលបានប្រឡងជាប់ ដោយបាននាំមកនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរជូនក្រុមគ្រួសារ និងសង្គមជាតិយើងជាពិសេសស្រុកសន្ទុកយើងទាំងមូល និងបានលើកទឹកចិត្តចំពោះសិស្សានុសិស្ស ដែលមិនទទួលបានជោគជ័យ សម្រាប់ការប្រឡងផងដែរ, លោកជំទាវបានជំរុញឱ្យប្រឹងប្រែងរៀនសូត្របន្តទៀត ដោយបោះបង់ចោល ត្រឹមនេះ និងត្រូវចាត់ទុកថា ឆ្នាំនេះបានផ្តល់នូវបទពិសោធន៍ថ្មី សម្រាប់បន្តប្រឹងប្រែង និងត្រៀមខ្លួនប្រឡងជាថ្មីម្តងទៀត នៅឆ្នាំសិក្សាក្រោយ ។

លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនដល់សិស្សានុសិស្ស និងមាតាបិតា-អាណាព្យាបាលឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រកាសផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤.៥៧០ កន្លែង សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេសបរិញ្ញាបត្ររង និងបរិញ្ញាបត្រឆ្នាំសិក្សា២០២៥-២០២៦ ដោយឆ្លងកាត់ការប្រឡងនិងមិនឆ្លងកាត់ការប្រឡង ។

លោកជំទាវ ក៏បានជម្រាបជូនផងដែរ នៃការផ្តល់អាហារូបករណ៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងនោះសិស្សរៀនពូកែនិទ្ទេស A ទាំងអស់នៅទូទាំងខេត្តកំពង់ធំ និងទទួលបានអាហារូបករណ៍ពេញ ១០០% ពីវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (ទាំងថ្លៃសិក្សានិងការឧបត្ថម្ភផ្សេងៗ) ។ ចំពោះសិស្សទទួលបាននិទ្ទេស B ធនាគារជាតិនៃកម្ពុជា នឹងផ្តល់អាហារូបករណ៍ឥតបង់ថ្លៃសិក្សាតែប៉ុណ្ណោះ ហើយធនាគារជាតិនៃកម្ពុជា ក៏នឹងផ្តល់អាហារូបករណ៍ សម្រាប់ការស្នាក់នៅដោយឥតគិតថ្លៃ នៅអន្តេវាសិកដ្ឋានរបស់វិទ្យាស្ថានសិក្សាបច្ចេកទេស ធនាគារដល់សិស្សនិទ្ទេស A មកពីខេត្តកំពង់ធំ ដែលមានស្ថានភាពគ្រួសារក្រីក្រ ជីវភាពខ្វះខាត ហើយចង់បន្តការសិក្សានៅរាជធានីភ្នំពេញ តាមបណ្តា ឧត្តមសិក្សារដ្ឋផ្សេងៗផងដែរ ។

សូមបញ្ចាក់ថា ខេត្តកំពង់ធំ មានបេក្ខជនប្រឡងសរុបចំនួន ៥.៧៩៥ រូប ស្រី ៣.៣១៩ រូបក្នុងនោះស្រុកសន្ទុក មានបេក្ខជនប្រឡង សរុបចំនួន ៥៨៥ រូបស្រី ៣៤១ រូប ជាលទ្ធផលអ្នកដែលបានប្រឡងជាប់ជាស្ថាពរថ្នាក់ខេត្ត មានចំនួន ៥.១៣៣ រូប ស្រី ៣.០៣៧ រូប ចំណែកស្រុកសន្ទុក មានបេក្ខជនប្រឡងជាប់ជាស្ថាពរចំនួន ៥១៦ រូប ស្រី ៣១៥ រូប ក្នុងនោះសិស្សចំនួន ៧ រូប ស្រី ៥ រូប មកពីវិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ទទួលបាននិទ្ទេស A ។

ក្នុងពិធីសំណេះសំណាលនេះដែរ តំណាងធនាគារជាតិនៃកម្ពុជា បាននាំយកនូវអំណោយនិងប្រាក់ឧបត្ថម្ភ ចែកជូនលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទាំង៣ ក្នុងស្រុកសន្ទុក សរុបប្រមាណ ៥៨៥ នាក់រួមមាន៖ សិស្សនិទ្ទេស A ចំនួន ៧ រូប ក្នុងម្នាក់ៗ ទទួលបាន Laptop ចំនួន ១គ្រឿង និងអាហារូបករណ៍សិក្សានៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ IBS ១០០%។ សិស្សនិទ្ទេស B ចំនួន ២៤ រូប ម្នាក់ៗទទួលបានអាហារូបករណ៍ថ្លៃសិក្សា នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ IBS និងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ២០ ម៉ឺនរៀល ។ សិស្សនិទ្ទេស C ចំនួន ១១៤ រូប ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ ម៉ឺនរៀល ។ សិស្សនិទ្ទេស D E និង F ចំនួន ៤៤០ រូប ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥ ម៉ឺនរៀល។ លោកគ្រូ-អ្នកគ្រូបង្រៀនថ្នាក់ទី១២ និងមន្ត្រី ការិយាល័យអប់រំ ចំនួន ៧៥ រូប ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ ២០ ម៉ឺនរៀល, និងឧបត្ថម្ភទីស្នាក់ការគណបក្សស្រុកថវិកាចំនួន ២ លានរៀល ៕ អត្ថបទសហការ













ចែករំលែកព័តមាននេះ