ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងស្ថាប័ន​ពាក់ព័ន្ធ​នានា នឹងរួម​គ្នា​រកដំណោះស្រាយ​បញ្ហា​ប្រឈម​ ដើម្បី​ជំរុញ​ការ​លើកកម្ពស់​ អាទិភាព​ជំនាញ និង​ផលិតភាព​ការងារ​ នៅ​កម្ពុជា

1 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា ស្ដី​ពី “​អាទិភាព​ជំនាញ…

​រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា ស្ដី​ពី “​អាទិភាព​ជំនាញ និង​ផលិតភាព​សម្រាប់​អនាគត​កម្ពុជា​” នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥​នេះ នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល ឡឺ​រ៉ូ​យ៉ា​ល់ ដែល​រៀបចំ​ដោយ​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ស្ថាប័ន​ពាក់ព័ន្ធ​, តំណាង​និយោជក​, តំណាង​កម្មករនិយោជិត​, អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដៃគូ​អភិវឌ្ឍន៍ និង​ដៃគូ​សង្គម​ជា​ច្រើន​ទៀត​ ។

សិក្ខាសាលា​នេះ ជា​វេទិកា​មួយ​ផ្តល់​ឱកាស ​សម្រាប់​ការ​ចូលរួម​ផ្តល់​នូវ​ មតិយោបល់ និង​ធាតុ​ចូល​ក្នុង​ការ​កំណត់​នូវ​បញ្ហា​ គម្លាត​ជំនាញ និង​តម្រូវការ​អាទិភាព​ជំនាញ ​ក្នុង​វិស័យ​នានា ដើម្បី​ជា​ធាតុ​ចូល​ក្នុង​ការ​កសាង គោលនយោបាយ និង​ការ​វិនិយោគ​អភិវឌ្ឍន៍​ជំនាញ​ សម្រាប់​អនាគត ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ត្រូវ​រួម​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ​។

ថ្លែង​ទៅ​កាន់​អង្គពិធី ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ចាត់​ទុក​វេទិកា​នេះ​ពិតជា​មាន​សារ​:​សំខាន់​ដើម្បី​ប្រមូល​នូវ​ធាតុ​ចូល សម្រាប់​ជា​មូលដ្ឋាន​ចូលរួម​ឆ្លើយ​តប​ ចំពោះ​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល ​ក៏​ដូច​ជា​ក្រសួង​ការងារ​និង​បណ្តុះ បណ្តាល​វិជ្ជាជីវ​: ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ ទាំង​បច្ចុប្បន្ន​និង​នា​ពេល​អនាគត ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង និង​ការ​បន្ត​ទាក់ទាញ​វិនិយោគ ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ផ្តល់​ឱកាស​ដល់​សិស្ស និស្សិត ឬ​សិក្ខាកាម មានឱកាស​ហាត់​ការ​នៅ​តាម​សហគ្រាស និង​ក្រុមហ៊ុន​នានា ដើម្បី​ពង្រឹងសមត្ថភាព​ជំនាញ ព្រោះ​ការ​ហ្វឹកហាត់​ជំនាញ​របស់​សិស្ស និស្សិត គឺជា​ការ​សំលៀង​ជំនាញ និង​ការ​ផ្តល់​បទ​ពិសោធ​បាន​យ៉ាង​ល្អ​ ទៅ​កាន់​សិក្ខាកាម​ឱ្យ​ផ្សារ​ភ្ជាប់​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង ហើយ​បន្ថែម​ពី​នេះ ក៏​ជា​ឱកាស​ដែល​វិស័យ​ឯកជន អាច​ជ្រើសរើស​យក​សិក្ខាកាម​ ដែល​មាន​សមត្ថភាព​ខ្ពស់ បម្រើ​ការងារ​ឱ្យ​ខ្លួន​បាន​ផង​ដែរ ​។

លោក​ឧកញ៉ា សុខ ពិសិដ្ឋ ប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) បាន​គូសបញ្ជាក់​ថា តាម​រយ​:​ធាតុ​ចូល​នៃ​វេទិកា​នេះ CAMFEBA នឹង​ខិតខំ​រៀបចំ​កសាង​នូវ​យុទ្ធសាស្ត្រ​រយ​:​ពេល​មធ្យម ២០២៥-២០៣០ សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ឱ្យ​មាន​ផលិតភាព​ពេញលេញ ដើម្បី​ធានា​យក​ប្រៀប​នៃ​ការ​ប្រកួតប្រជែង​ ។

ជាមួយ​គ្នា​នេះ លោក ទុន សុ​ភ័​ណ អ្នកសម្របសម្រួល​ថ្នាក់​ជាតិ ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​នៅ​កម្ពុជា បាន​សង្កត់ធ្ងន់​ថា ការ​ប្រែក្លាយ​កម្លាំង​ពលកម្ម​ពី​អតិពលកម្ម​ ទៅ​ជា​កម្លាំង​ជំនាញ គឺជា​កត្តាចាំបាច់​ណាស់ ​សម្រាប់​កម្ពុជា ដើម្បី​ទាក់ទាញ​វិនិយោគិន​បន្ថែម​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ៕ អត្ថបទសហការ