រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន ៥ ដើម្បីផ្ដល់ឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនបងប្អូនពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ ។
ពិព័រណ៍នេះ គ្រោងរៀបចំនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៥ ខែតុលា, នៅខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា, នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា, ខេត្តព្រៃវែង និងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ។
ឱកាសការងារសរុបចំនួន ៨៤ ៧៦៧កន្លែង ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម នឹងត្រូវផ្ដល់ជូនបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ ក៏ដូចជាយុវជនកំពុងស្វែងរកការងារធ្វើ ដោយពួកគាត់អាចដាក់ពាក្យ និងអាចសម្ភាសការងារភ្លាមៗ ដោយមិនចាំបាច់រង់ចាំឡើយ ។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនពលករខ្មែរ និងយុវជន អាចទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខទូរស័ព្ទ Hotline ១២៩៧ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ