ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការងារ អំពាវនាវ​បងប្អូនពលករ​មិន​ទាន់​មានការ​ងារ​ធ្វើ សូម​ចូលរួមពិព័រណ៍​ការងារ ដើម្បី​ទទួល​បាន​ឱកាស​ការងារធ្វើ​ភ្លាម​ៗ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ សូម​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ​តាម​បណ្ដា​ខេត្ត​ធំ​ៗ​ចំនួន ​៥ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ​ក្នុងស្រុក ខណៈ​បច្ចុប្បន្ន​នៅ​សល់​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង​ថែម​ទៀត​ ។…

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ សូម​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ​តាម​បណ្ដា​ខេត្ត​ធំ​ៗ​ចំនួន ​៥ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ​ក្នុងស្រុក ខណៈ​បច្ចុប្បន្ន​នៅ​សល់​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង​ថែម​ទៀត​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ ខែតុលា​នេះ​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​និង​កំពុង​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្ត​ធំ​ៗ​ចំនួន​៥ ដើម្បី​ផ្ដល់​ឱកាស​ការងារ​ជាង​៨​ម៉ឺន​កន្លែង ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​មាន ការងារ​ស្ថិត​ក្នុង​វិស័យ​ឧស្សាហកម្ម​, សេវាកម្ម និង​កសិកម្ម​ ។

ក្រៅពី​ទទួល​បាន​ឱកាស​ការងារ​ភ្លាម​ៗ​ហើយ​នោះ បងប្អូន​ពលករ​ក៏​នឹង​មានឱកាស​នៅ​ក្នុង​ការ​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​មាន​រហូត​ដល់ ​៤៥​ ជំនាញ នៅ​តាម​បណ្ដា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​ទូ​ទាំង​ប្រទេស ដោយ​ឥត​គិតថ្លៃ ហើយ​ក៏​នឹង​ទទួល​បាន​នូវ​ព័ត៌មាន​អំពី​អត្ថប្រយោជន៍ ប​.​ស​.​ស​. នៅ​ពេល​បងប្អូន​ចូល​ធ្វើ​ការងារ ដែល​រួម​មាន អត្ថប្រយោជន៍​ហានិភ័យ​ការងារ​, ថែទាំ​សុខភាព និង​ប្រាក់​សោធន ​។

លោក​បាន​បន្ថែម​ថា ពិព័រណ៍​នេះ បាន​រៀបចំ​រួច​មក​ហើយ នៅ​ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃ​ទី ​៣ ដល់​ថ្ងៃ​ទី​ ៥ ខែតុលា​កន្លង​ទៅ​នេះ ដោយ​មាន​បងប្អូន​ពលករ​ជា​ច្រើន​នាក់ បាន​ទទួល​ឱកាស​ការងារ​ធ្វើ​ ។ ចំណែក​នៅ​ចុង​ស​ប្ដា​ហ៍​នេះ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​ ១០ ដល់​ថ្ងៃ​ទី​ ១២ ខែតុលា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នឹង​បន្ត​រៀបចំ​នៅ​ខេត្តបន្ទាយមានជ័យ ហើយ​នៅ​ខេត្តសៀមរាប នឹង​រៀបចំ​ចាប់ពី​ថ្ងៃ​ទី ​១៧ ដល់​ថ្ងៃ​ទី​ ១៩ ខែតុលា រីឯ​នៅ​ខេត្តព្រៃវែង និង​ខេត្តកំពង់ធំ នឹង​រៀបចំ​ចាប់ពី​ថ្ងៃ​ទី​ ២៤ ដល់​ថ្ងៃ​ទី​ ២៦ ខែតុលា​ ។

អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ ដែល​មិន​ទាន់​ទទួល​បានការ​ងារ​ធ្វើ សូម​ទៅ​ចូលរួម​ពិព័រណ៍​នេះ​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ទទួល​ឱកាស​ការងារ​ធ្វើ​ក្នុងស្រុក ដែល​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ ។ លោក ស៊ុន មេ​សា ថា នៅ​ក្នុង​ពិព័រណ៍​នេះ បងប្អូន​ពលករ​អាច​ដាក់​ពាក្យ និង​អាច​សម្ភាស​ការងារ​ភ្លាម​ៗ ដោយ​មិន​ចាំបាច់​រង់ចាំ​ឡើយ ហើយ​ប្រសិនបើ​បងប្អូន​មិន​បាន​ចូលរួម​ទេ អាច​ទាក់ទង Hotline ១២៩៧ ឬ​អាច​ទាក់ទង​តាម​បណ្ដាញ​សង្គម​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ការងារ​, បណ្ដាញ​សង្គម​ក្រសួង​ការងារ និង​បណ្ដាញ​សង្គម​អ្នកនាំពាក្យ​ក្រសួង​ការងារ​ ៕ អត្ថបទសហការ