រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២,៨១៤អង្គ/នាក់ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័ននានា ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង-ស្ថាប័ន គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និស្សិតជ័យលាភី និងមាតាបិតា អាណាព្យាបាល សរុបប្រមាណ ៦,០០០អង្គ/នាក់ ។
តាមរបាយការណ៍ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ២,៨១៤អង្គ/នាក់ ក្នុងនោះ ថ្នាក់បណ្ឌិត ចំនួន ១០នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៧៥នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ១,៨៩៧នាក់ និងថ្នាក់បរិញ្ញាបត្ររង ចំនួន ៧៣២នាក់។ បច្ចុប្បន្ន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ៖ ទីតាំងទី១-ទួលស្លែង, ទីតាំងទី២-ស្ពានអាកាសចោមចៅ (កន្លែងកំពុងប្រារព្ធពិធីប្រគល់សញ្ញាបត្រនាពេលនេះ) និង ទីតាំងទី៣-ទួលពង្រ (កំពុងសាងសង់)។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សា៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន និងកុំព្យូរទ័រ, ២-ថ្នាក់បរិញ្ញាបត្ររង, ៣-ថ្នាក់បរិញ្ញាបត្រ, ៤-ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សា កម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)៖ ១-គ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុនិងធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម, ១១-ទំនាក់ទំនងអន្តរជាតិ, ១២-អាកាសចរស៊ីវិល និង ១៣-ភាសាចិន ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរ និងកោតសរសើរដល់ការខំប្រឹងប្រែងរបស់និស្សិតជ័យលាភីដែលទើបតែបានបញ្ចប់ការសិក្សា ដោយដោយសង្ឃឹមថា អ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ ទទួលបានជោគជ័យក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ នាំកិត្តិយសម្រាប់ខ្លួនឯង នាំការសាទរ កិតិ្តយសសម្រាប់គ្រួសារ និងសូមឱ្យមានការផ្សាភ្ជាប់អ្វី ដែលជាមាគ៌ាជីវិតរបស់ខ្លួន ទៅលើភាពសុខទុក្ខរបស់ប្រទេសជាតិ ។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមដែរថា៖ «ប្អូនៗត្រូវដឹងថា ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សារបស់ប្អូនៗនៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា» ។
បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងថា និស្សិតដែលទទួលសញ្ញាបត្រនាពេលនេះ ទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សុទ្ធសឹងជាបញ្ញវន្ត ប្រកបដោយបញ្ញាញាណ និងជាកម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ និស្សិតនៅទីនេះ មានក្តីស្រមៃ ក្តីសង្ឃឹម និងអនាគតដែលប៉ងប្រាថ្នា។ ដូចនេះ សូមបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឱ្យបាន ព្រោះថាភាពជោគជ័យរបស់និស្សិតគ្រប់រូប ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល ។
ជាទីបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមប្រគល់សញ្ញាបត្រជូនតំណាងនិស្សិតជ័យលាភី និងថតរូបអនុស្សាវរីយ៍ជាមួយ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ មាតាបិតា អាណាព្យាបាល និងនិស្សិតជ័យលាភី ព្រមទាំងអញ្ជើញទស្សនាបន្ទប់ហ្វឹកហាត់អាកាសយានិកប៊ែលធី (BELTEI Flight Academy) ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ