ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ នាំ​យក​ព័ត៌មាន​ឱកាស​ការងារ និង​ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ ​តាម​រយៈ​លេខ ១២៩៧ ជូន​ដល់​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តបាត់ដំបង

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ លោក​ជំទាវ អ៊ូច ជា​ច័ន្ទ​មល្លិកា ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) និង​ជា​អនុប្រធាន​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.)…

រាជធានីភ្នំពេញ​ ៖ លោក​ជំទាវ អ៊ូច ជា​ច័ន្ទ​មល្លិកា ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) និង​ជា​អនុប្រធាន​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​កង់​ផ្សព្វផ្សាយ​ការងារ​ចំនួន ១០៣​កង់ ជូន​យុវជន​ស្ម័គ្រចិត្ត​ឃុំ​-​សង្កាត់ ជា​ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង នៅ​បរិវេណ​សាលាស្រុក​ប​វេ​ល នា​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៥​នេះ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ឱកាស​ការងារ និង​ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​តាម​រយៈ​លេខ ១២៩៧ តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ​។

ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក ផេង សិ​ទ្ធី អភិបាលរង​ខេត្តបាត់ដំបង​, លោក វឿ​ង ប៊ុ​ន​រ៉េ​ត តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង​, លោក លួត សាលី អភិបាលស្រុក​ប​វេ​ល​, មន្ត្រី​ក្រសួង​ការងារ​, មន្ត្រី​មន្ទីរ​ការងារ និង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​រូប​ទៀត​ ។

កង់​ផ្សព្វផ្សាយ​ការងារ​ចំនួន ១០៣​កង់ ដែល​បាន​ផ្តល់​ជូន​យុវជន​ស្ម័គ្រចិត្ត​ឃុំ​-​សង្កាត់ ជា​ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបាត់ដំបង នា​ឱកាស​នេះ​គឺ​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​ព័ត៌មាន​ការងារ​ជា​ប្រចាំ​តាម​ខ្នង​ផ្ទះ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដើម្បី​ឱ្យ​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​យុវជន​កំពុង​ស្វែងរក​ការងារ បានដឹង និង​អាច​ចុះ​ឈ្មោះ​រក​ការងារ​បាន​ធ្វើ​ឆាប់​ៗ ​។

ទន្ទឹម​នោះ នៅ​ក្នុង​បរវេ​ណ​សាលាស្រុក ​ប​វេ​ល​ដដែល​នេះ​ក៏​មាន ”​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​” ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម​ខេត្តបាត់ដំបង រដ្ឋបាល​ខេត្តបាត់ដំបង មន្ទីរ​ការងារ ក្រុមការងារ ស​.​ស​.​យ​.​ក​. វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ផ្តល់​ឱកាស​ការងារ​ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​យុវជន​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​ខេត្តបាត់ដំបង​ឱ្យ​ទទួល​បានការ​ងារ​ភ្លាម​ៗ​ពី​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ១៥ ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ជាង ៧​ពាន់​កន្លែង​ ។

លោក ផេង សិ​ទ្ធី អភិបាលរង​ខេត្តបាត់ដំបង បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​រៀបចំ​ឱ្យ​មាន ”​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​” ដែល​បាន​នាំ​យក​ឱកាស​ការងារ​យ៉ាងច្រើន​ជូន​ដល់​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ជា​ពិសេស ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ខណៈ​ក្រសួង​ក៏​បាន​រៀបចំ​ឱ្យ​មាន​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង បាន​ចុះ​ឈ្មោះ​ចូល​រៀន​រាប់​ម៉ឺន​នាក់​ផង​ដែរ​ ។

បន្ទាប់​ពី​បញ្ចប់​ពិធី​ប្រគល់​កង់​, លោក​ជំទាវ អ៊ូច ជា​ច័ន្ទ​មល្លិកា ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​យុវជន​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ព្រមទាំង​បាន​ផ្សព្វផ្សាយ​អំពី​ឱកាស​ការងារ អត្ថប្រយោជន៍ ប​.​ស​.​ស​. និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស TVET ១,៥​លាន​នាក់​ផង​ដែរ ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ទូ​ទាំង​រាជធានី​ខេត្ត​ប្រមាណ​ជាង ២​ពាន់​នាក់ បាន​ទទួល​ការ​បណ្តុះបណ្តាល​ឱ្យ​ក្លាយជា ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ​នៃ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​ស្វែងរក​ការងារ​តាម​រយៈ​លេខ ១២៩៧ ដោយ​ជិះ​កង់​ផ្សព្វផ្សាយ​នៅ​តាម​មូលដ្ឋាន​ភូមិ ឃុំ​តាម​បណ្តា​រាជធានី ខេត្ត​ ៕ អត្ថបទសហការ