ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការងារ រំលឹក​ពី​វិធានការសំខាន់​ៗ ១១ ​ចំណុច ដើម្បី​ជួយ​បងប្អូន​ពលករខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​​ថៃ ​ឱ្យ​មានការ​ងារ​ធ្វើ និង​គាំពារ​ពលករ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​វិធានការ និង​យុទ្ធនាការ​ជា​ច្រើន ដើម្បី​ជួយ​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​វិធានការ និង​យុទ្ធនាការ​ជា​ច្រើន ដើម្បី​ជួយ​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ដើម្បី​ឱ្យ​ពួក​គាត់​មានការ​ងារ​ធ្វើ​ក្នុងស្រុក ​។ ការ​ដាក់​ចេញ​នូវ​វិធានការ​ទាំងនោះ បាន​ទទួលលទ្ធផល​ជា​បន្តបន្ទាប់ ដោយ​មាន​បងប្អូន​ពលករ​ជា​ច្រើន​រាប់​សែន​នាក់ បាន​ទទួល​ការងារ​ធ្វើ​ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​។

លោក ស៊ុន មេ​សា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​ ៨ ខែតុលា​នេះ​ថា ចាប់តាំងពី​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​វិធានការ និង​យន្ដការ​សំខាន់​ៗ​ចំនួន​ ១១ ​ចំណុច ដែល​រួម​មាន ​៖

១. ការ​ដាក់​ចេញ​នូវ​សេចក្តីជូនដំណឹងស្តី​ពី ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ។

២. ការ​ដាក់​ពង្រាយ​នូវ​មណ្ឌល​សំចត និង​កន្លែង​ទទួល​ពលករ​នៅ​តាម​ច្រក​អន្តរជាតិ​កម្ពុជា​-​ថៃ​ទាំង ៦ ​ច្រក​ ។

៣. ការ​ដាក់​ចេញ​នូវ​វេទិកា​ការងារ​តាម​ភូមិ​-​ស្រុក ជុំ​ទី​ ១ និង​ជុំ​ទី ​២​ ។

៤. សេចក្តី​អំពាវនាវ​អំពី​ការ​ទប់ស្កាត់​ការ​រើសអើង និង​ការ​ប្រើ​ហិ.ង្សា​លើ​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ​។

៥. លិខិត​ចំហ​ជូន​ម្ចាស់​ម៉ាក អ្នកបញ្ជា​ទិញ​ដែល​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ និង​អ្នក​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ថៃ អំពី​ការ​កើនឡើង​នូវ​អំពើ​ហិ.ង្សា មក​លើ​ពលករ​ទេសន្តរប្រវេសន៍​នៅ​ប្រទេស​ថៃ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ជ្រុលនិយម​ថៃ​ ។

៦. សេចក្តីជូនដំណឹង ស្តី​ពី អំពើ​ល្មើសច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​ទទួល​បានការ​ងារ​ធ្វើ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

៧. សេចក្តីជូនដំណឹង ស្តី​ពី ការ​លើកលែង​លក្ខខណ្ឌ​តម្រូវ​ឱ្យ​ភ្ជាប់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ក្នុង​ការ​ដាក់​ពាក្យ​ធ្វើការ ចំពោះ​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ។

៨. សេចក្តីណែនាំ ស្តី​ពី ការ​សហការ​ផ្ដល់​ព័ត៌មាន​ឱកាស​ការងារ ជូន​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ។

៩. ប្រជុំ​ពិភាក្សា​ជាមួយ​ក្រសួងមហាផ្ទៃ អំពី​ការ​ផ្សព្វផ្សាយ​ឱកាស​ការងារ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ ។

១០. វេទិកា​ជាមួយ​សហជីព និង​ប្រតិភូ​បុគ្គលិក ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱកាស​ការងារ​ជូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ។

១១. យុទ្ធនាការ​ជំរុញ​ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ជូន​បងប្អូន​ពលករ​ខ្មែរ ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដោយ​ស​.​ស​.​យ​.​ក​. ជា​ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ក្នុង​ខែតុលា​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​និង​កំពុង​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្ត​ធំ​ៗ​ចំនួន ​៥ ដែល​រួម​មាន​ ៖ ខេត្តបាត់ដំបង​, ខេត្តបន្ទាយមានជ័យ​, ខេត្តសៀមរាប​, ខេត្តព្រៃវែង និង​ខេត្តកំពង់ធំ ដើម្បី​ផ្ដល់​ឱកាស​ការងារ​ជាង​ ៨​ម៉ឺន​កន្លែង ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

លោក​បាន​បន្ថែម​ថា វិធានការ​ទាំងនេះ បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ការ​ជួយ​រក​ការងារ​ធ្វើ និង​ផ្តល់​កិច្ច​គាំពារ​ផ្សេង​ៗ​ដល់​ប្រជាជន​ខ្មែរ ជា​ពិសេស​ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់​មក​កម្ពុជា​វិញ ​។

អ្នកនាំពាក្យ​រូប​នេះ បាន​គូសបញ្ជាក់​ថា «​ការ​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន​នេះ គឺ​បាន​បង្ហាញ​ពី​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ធ្វើ​យ៉ាងណា​ជួយ​ពលករ​ដែល​មក​ពី​ថៃ​រក​ការងារ​ធ្វើ​ឱ្យ​បាន​» ​។

លោក ស៊ុន មេ​សា បាន​បញ្ជាក់​បន្ថែម​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បន្ត​ប្តេជ្ញា​ចិត្ត​ខ្ពង់​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជួយ​ស្វែងរក​ការងារ​ជូន​ដល់​បងប្អូន​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ផ្សព្វផ្សាយ​លេខ ១២៩៧ ឬ​ជួយ​ចុះ​ឈ្មោះ​ចូល​ធ្វើការ​ជូន​បងប្អូន​ពលករ តាម​រយៈ​តេ​ឡេ​ក្រាម​របស់​ក្រសួង ​៕ អត្ថបទសហការ