ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ថ្លែងអំណរគុណ​ចំពោះ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​បាន​ផ្ដល់​កិច្ចសហការ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​ក្នុង​តំបន់ និង​ជា​សាកល​ ពាក់ព័ន្ធ​នឹង​ជំនាញ

3 ថ្ងៃ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ​, ប្រទេសម៉ាឡេស៊ី ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ចូលរួម​វេទិកា​ជំនាញ​សកល​ឆ្នាំ​២០២៥ (Global…

ទីក្រុង​គូ​ឡា​ឡាំ​ពួ​, ប្រទេសម៉ាឡេស៊ី ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ចូលរួម​វេទិកា​ជំនាញ​សកល​ឆ្នាំ​២០២៥ (Global Skills Forum 2025) រៀបចំ​ឡើង​ក្នុង​បរិបទ “ASEAN YEAR of SKILLS 2025” នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

នា​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ចូលរួម​ថ្លែង ​បទ​អន្តរាគមន៍​នៅ​ក្នុង​វេទិកា​រដ្ឋមន្ត្រី​ការងារ​អាស៊ាន សម្រាប់​ការ​អភិវឌ្ឍន​មូលធន​មនុស្ស (ASEAN Forum of Manpower Ministers for Human Capital Development) ដោយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី ក្នុង​ការ​ដឹកនាំ​រៀបចំ​កម្មវិធី​វេទិកា​ជំនាញ​សកល ឆ្នាំ​២០២៥ នេះ និង​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​បាន​ផ្ដល់​កិច្ចសហការ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​ក្នុង​តំបន់ និង​ជា​សាកល​ពាក់ព័ន្ធ​នឹង​ជំនាញ ​។

ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​ផ្តោត​លើ​ការ​ផ្សារ​ភ្ជាប់​គម្លាត​ជំនាញ​អាស៊ាន​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​៖ ការ​លើកកម្ពស់​ចល័ត​កម្លាំង​ពលកម្ម ជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​បន្ន និង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន ដើម្បី​កំណត់​នូវទស្សនវិស័យ​គោលនយោបាយ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​តំបន់ និង​កិច្ចព្រមព្រៀង​ស្តី​ពី​សកម្មភាព​សម្រាប់​តាមដាន​ឆ្នាំ​ជំនាញ​អាស៊ាន ២០២៥​ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​ជំនាញ​អាច​សម្រេច​ទៅ​បាន ​ដោយ​មានការ​ចូលរួម​ពី​រដ្ឋាភិបាល វិស័យ​ឯកជន កម្មករនិយោជិត និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​។ កម្ពុជា​បាន​ដាក់​អនុវត្ត​គោលនយោបាយ​ជា​ច្រើន ដើម្បី​ជំរុញ​ការ​ចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការ​បណ្តុះបណ្តាល និង​បង្កើន​ជំនាញ តាម​រយៈ​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ ជាមួយ​មូលនិធិ​អភិវឌ្ឍ​ជំនាញ ។

ឯកឧត្តម ​ក៏​បាន​ស្នើ​ឱ្យ​អាស៊ាន​លើកទឹកចិត្ត​ ពង្រឹង​យន្តការ​ស្ថាប័ន​ជំនាញ​អាស៊ាន (Regional Skills Body) ដើម្បី​ជំរុញ​ចល័ត​ភាព និង​ការ​ទទួលស្គាល់​ជំនាញ​របស់​ពលករ​ជំនាញ​ នៅ​តាម​ប្រទេស​សមាជិក ព្រមទាំង​អំពាវនាវ​ឱ្យ​មាន​ចល័ត​ភាព​ អត្ថប្រយោជន៍​សន្តិសុខ​សង្គម ដើម្បី​ធានា​បាន​នូវ​ការ​ការពារ និង​អត្ថប្រយោជន៍​របស់​ពលករ​ទេសន្តរប្រវេសន៍​ ៕ អត្ថបទសហការ