រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ៖ ហ្វតតេ ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា នាថ្ងៃនេះ បានអញ្ជើញមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រាស និងឧស្សាហកម្មនានា មកចូលរួមក្នុងវេទិកាជំនួប និងបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច ក្រោមប្រធានបទ «គំរូកំណើនសេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា៖ ការបើកចំហកម្ពុជា ២.០ (Cambodia Openness 2.0)»។ វេទិកានេះបានឆ្លុះបញ្ចាំងនូវវិធីសាស្ត្រដែលកម្ពុជាអាចរក្សាភាពប្រកួតប្រជែងនៃការនាំចេញ កសាងសមត្ថភាពក្នុងស្រុក និងពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការចាកចេញពីប្រទេសកំពុងអភិវឌ្ឍន៍ (LDC) នៅឆ្នាំ២០២៩។

ក្នុងឱកាសបើកវេទិកា លោក យក់ ចំរើនឫទ្ធិ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វតតេ គ្រុប បានគូសបញ្ជាក់ពីតួនាទីរបស់វិស័យឯកជនក្នុងការជំរុញភាពធន់របស់ជាតិ តាមរយៈការគ្រប់គ្រងហានិភ័យបែបបុរេសកម្ម និងការកសាងភាពជាដៃគូយុទ្ធសាស្ត្រ។ លោកបានមានប្រសាសន៍ថា៖ «កំណើនប្រកបដោយចីរភាព មិនត្រឹមតែត្រូវការឱកាសចូលទៅកាន់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការអាជីវកម្មដែលមានផលិតភាពខ្ពស់ ទទួលបានការការពារយ៉ាងល្អ និងកម្លាំងពលកម្មកាន់តែប្រសើរ»។ នេះគឺជាគុណតម្លៃដ៏ពិសេសនៃអ្វីដែលយើងធ្វើនៅ ហ្វតតេ តាមរយៈការផ្សារភ្ជាប់ការយល់ដឹងអំពី ការបើកចំហកម្ពុជា ២.០ ជាមួយនឹងដំណោះស្រាយជាក់ស្តែងសម្រាប់សុខភាព និងសុវត្ថិភាពហិរញ្ញវត្ថុ ដើម្បីជួយប្រជាពលរដ្ឋ និងសហគ្រាសអាចឆ្លងកាត់ដំណាក់កាលនៃការផ្លាស់ប្តូរប្រកបដោយទំនុកចិត្ត។

ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានបង្ហាញអំពីយុទ្ធសាស្ត្រ «ការបើកចំហកម្ពុជា ២.០» ដែលជាយុទ្ធសាស្ត្រកំណើនផ្តោតលើការរក្សាតម្លៃបន្ថែមនៅក្នុងស្រុក ជាជាងការពឹងផ្អែកតែលើលំហូរទុនវិនិយោគពីខាងក្រៅ។ ដោយកត់សម្គាល់ថា ៧៥% នៃទំនិញនាំចេញរបស់កម្ពុជា អាចចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបដោយមិនជាប់ពន្ធ និងមិនមានកូតាកំណត់ ក្រោមទំហំពាណិជ្ជកម្មទំនិញទ្វេភាគីចំនួន ៧,៣ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់លើអាទិភាពបន្ទាន់ចំនួនបី មុនឆ្នាំ២០២៩ រួមមាន៖ ការពង្រឹងភាពជឿជាក់លើស្ថាប័ន និងការកាត់បន្ថយថ្លៃដើមជាប្រព័ន្ធ ការត្រៀមខ្លួនរបស់អ្នកនាំចេញចំពោះការផ្លាស់ប្តូររបបពន្ធគយ និងប្រព័ន្ធអនុគ្រោះពន្ធ GSP+ ព្រមទាំងការលើកកម្ពស់បណ្តាញអ្នកផ្គត់ផ្គង់ក្នុងស្រុក ជំនាញកម្លាំងពលកម្ម និងសមត្ថភាពប្រកួតប្រជែងផ្នែកបៃតង និងឌីជីថល។

វេទិកានេះក៏បានរំលេចពីមូលធនមនុស្ស និងការការពារផ្នែកហិរញ្ញវត្ថុ ដែលជាសសរស្តម្ភស្នូលនៃភាពប្រកួតប្រជែងរបស់សហគ្រាស៖
• ភាពធន់របស់កម្លាំងពលកម្ម៖ ការបង្ហាញពិសេសអំពីព្រឹត្តិការណ៍រត់ប្រណាំង Angkor Empire Marathon បានរំលេចពីរបៀបដែលកីឡា សុខុមាលភាពរាងកាយ និងស្មារតីការងារជាក្រុម អាចជួយកសាងស្ថាប័នឱ្យមានសុខភាពល្អ និងផលិតភាពកាន់តែខ្ពស់។
• ការការពារផ្នែកហិរញ្ញវត្ថុ៖ លោក ព្រូ ស៊ីថន អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានធ្វើបទបង្ហាញក្រោមប្រធានបទ «ពីកំណើនសេដ្ឋកិច្ចទៅកាន់សុវត្ថិភាពហិរញ្ញវត្ថុ» ដោយរៀបរាប់ស៊ីជម្រៅអំពីរបៀបដែលធានារ៉ាប់រងអាចជួយក្រុមគ្រួសារ និងនិយោជករយៈពេលវែង ពីផលប៉ះពាល់នៃហេតុការណ៍ដែលមិនអាចព្យាករណ៍ទុកជាមុនបាន។
• កិច្ចសហការក្នុងវិស័យឧស្សាហកម្ម៖ លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរ៉ិនស៍ បានថ្លែងបិទកម្មវិធី ដោយអំពាវនាវឱ្យមានការពង្រឹងកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ព្រមទាំងកិច្ចសហការក្នុងវិស័យធានារ៉ាប់រង ដើម្បីឱ្យអាជីវកម្មអាចបង្កើតនវានុវត្តន៍ និងពង្រីកប្រតិបត្តិការរបស់ខ្លួនប្រកបដោយទំនុកចិត្ត។
អំពី ហ្វតតេ
ហ្វតតេ គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិតដ៏សម្បូរបែប និងគ្រប់ជ្រុងជ្រោយ តាមរយៈក្រុមហ៊ុន ហ្វតតេ អ៊ិនសួរ៉ិនស៍ និង ហ្វតតេ ឡាយហ្វ៍ ដើម្បីពង្រីកវិសាលភាពនៃការការពារផ្នែកហិរញ្ញវត្ថុ និងពង្រឹងភាពធន់របស់សហគ្រាស និងសហគមន៍។ សូមចូលទៅកាន់គេហទំព័រ www.forteinsurance.com ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ