រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ៖ យុវជនកម្ពុជាចំនួន ៣ រូប បាននាំយកមោទនភាពជូនជាតិ បន្ទាប់ពីបានគ្រងតំណែងជាម្ចាស់ជើងឯកនៃការប្រកួតតស៊ូមតិពិភពលោក ឆ្នាំ២០២៦ (2026 JCI World Debate Championship) ដែលបានរៀបចំឡើងក្នុងសន្និបាតពិភពលោករបស់ JCI (JCI World Congress) នៅទីក្រុង Clark ប្រទេសហ្វីលីពីន ។

ក្រុមជ័យលាភីតំណាងឱ្យសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) មកពីសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ (JCI Chaktomuk) រួមមាន៖ កញ្ញា ស្លេៈ រ៉យ្យ៉ាន, កញ្ញា អ៊ុង ខេមរាបូរមីច័ន្ទ និងលោក ស៊ាន ធានសឿង បាននាំមកនូវ ជ័យជម្នះ និងជាសមិទ្ធផលប្រវត្តិសាស្ត្រដំបូង ដ៏ត្រចះត្រចង់របស់ក្រុមតស៊ូមតិកម្ពុជា បន្ទាប់ពីពួកគេបានដណ្តើមបានតំណែងជើងឯកក្នុងការប្រកួតតស៊ូមតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦ (2026 JCI Asia-Pacific Debate Championship) នៅទីក្រុង Niigata ប្រទេសជប៉ុន កាលពីខែមិថុនាកន្លងទៅ។

ពេញមួយដំណើរការនៃមហាសន្និបាត JCI World Congress ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំវ័យក្មេងមកពីជាង ១២០ ប្រទេស ក្រុមតំណាងកម្ពុជាជាក្រុមវ័យក្មេងបំផុតក្នុងការប្រកួត បន្តែពួកគេបានបង្ហាញនូវសមត្ថភាពជជែកដេញដោលយ៉ាងមុតស្រួច ការត្រិះរិះពិចារណាស៊ីជម្រៅ ភាពក្លាហាន និងស្មារតីធ្វើការងារជាក្រុមដ៏រឹងមាំ។ ពួកគេបានឆ្លងកាត់វគ្គជម្រុះដំបូង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានយកឈ្នះគូប្រកួតយ៉ាងស្វិតស្វាញ និងបាននាំក្រុមកម្ពុជាឈានទៅដល់វគ្គផ្តាច់ព្រ័ត្រពិភពលោក ឈានទៅដល់ការនាំយកពានរង្វាន់ជើងឯកពិភពលោកមកជូនជាតិមាតុភូមិក្នុងប្រវត្តិសាស្ត្រជាលើកដំបូង!

សមិទ្ធផលជាប់ៗគ្នាទាំងក្នុងកម្រិតតំបន់ និងពិភពលោកនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការលះបង់ ការត្រៀមខ្លួនយ៉ាងហ្មត់ចត់ និងការប្តេជ្ញាចិត្តខ្ពស់របស់យុវជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យពិភពលោកឃើញកាន់តែច្បាស់ពីសក្តានុពលរបស់យុវជនជំនាន់ក្រោយរបស់កម្ពុជា ក្នុងការឈរប្រកួតប្រជែងដោយទំនុកចិត្តជាមួយបេក្ខជនឆ្នើមៗមកពីជុំវិញសកលលោក។
យើងខ្ញុំ សូមសម្តែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមជ័យលាភី ក្រុមគ្រួសារ គ្រូបង្វឹក វិទ្យាស្ថានខេមអេដ CamEd Business School ក៏ដូចជាថ្លែងអំណរគុណចំពោះក្រុមប្រកួតមកពីបណ្តាប្រទេសទាំងអស់ដែលបានបង្ហាញនូវស្មារតី និងសមត្ថភាពដ៏អស្ចារ្យ ធ្វើឱ្យការប្រកួតនេះប្រកបដោយគុណភាពខ្ពស់។

ជោគជ័យនេះគឺជាមោទនភាពរួមរបស់ប្រជាជាតិកម្ពុជាទាំងមូល និងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់យុវជនកម្ពុជាដទៃទៀត ក្នុងការបន្តអភិវឌ្ឍជំនាញទំនាក់ទំនង ការគិតបែបស៊ីជម្រៅ និងភាពជាអ្នកដឹកនាំ ដើម្បីនាំយកសំឡេងរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ