ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អូ​ស៊ី​អាយ​ស៊ី រៀបចំ​កិច្ច​ពិភាក្សា​តុមូល​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​កា​ណា​ដា​-​អាស៊ាន ដោយ​នាំ​យក​ថ្នាក់ដឹកនាំ​ធុរកិច្ច​មក​ពី​ប្រទេស​កា​ណា​ដា និង​តំបន់​មេគង្គ​មក​ជួបជុំ​គ្នា​នៅ​អគារ Connexion កោះ​ពេជ្រ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី (OCIC) បាន​រៀបចំ​កម្មវិធី​ពិភាក្សា​តុមូល​ផ្នែក​ពាណិជ្ជកម្ម​រវាង​កា​ណា​ដា និង​តំបន់​មេគង្គ នៅ​ថ្ងៃ​ទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ Innovation Lab ក្នុង​អគារ Connexion កោះ​ពេជ្រ​ ។ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កា​ណា​ដា​-​អាស៊ាន (CABC) ស្រប​ពេល​ជាមួយនឹង​កិច្ចប្រជុំ​កំពូល Francophonie លើក​ទី ២០ ដោយ​មានការ​ថ្លែង​សុន្ទរកថា​ពី​សំណាក់ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត ឆែម គាត​រិ​ទ្ធី ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោកស្រី Anita Anand រដ្ឋមន្ត្រី​ក្រសួងការបរទេស​កា​ណា​ដា និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ហ្វ្រ​ង់​កូ​ហ្វូ​នី (La Francophonie) ​។

ឧកញ៉ា​វេជ្ជបណ្ឌិត ពុង ការ៉ូ​លី​ន អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន OCIC បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​តុមូល​នេះ ដោយ​បាន​ចែករំលែក​ទស្សនៈ​របស់​លោកស្រី​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កា​ណា​ដា ព្រមទាំង​ឱកាស​នានា​សម្រាប់​ក្រុមហ៊ុន​កា​ណា​ដា​នៅ​ក្នុង​តំបន់​មេគង្គ ​។ ប្រែក្លាយ​ទំនាក់ទំនង​រវាង​កា​ណា​ដា និង​តំបន់​មេគង្គ ទៅ​ជា​ឱកាស​ធុរកិច្ចក្រោម​ប្រធានបទ «​ការ​បើកឱកាស​នៅ​ក្នុង​តំបន់​មេគង្គ​» និង «​កា​ណា​ដា​ក្នុង​នាម​ជា​ដៃគូ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​នវានុវត្តន៍​» កិច្ច​ពិភាក្សា​នេះ​បាន​ផ្តោត​លើ​អ្វី​ដែល​ក្រុមហ៊ុន​កា​ណា​ដា​ត្រូវធ្វើ ដើម្បី​ចូលខ្លួន​មក​ក្នុង​តំបន់​នេះ និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ដែល​រួម​មាន​៖ ការ​ស្វែងរក​ដៃគូ​ក្នុងស្រុក​ដែល​អាច​ទុកចិត្ត​បាន ការ​យល់​ដឹង​អំពី​ស្ថានភាព​ទីផ្សារ និង​ការ​កសាង​ទំនាក់ទំនង​ក្នុង​តំបន់​ឱ្យ​កាន់តែ​រឹង​មាំ​ ។

អ្នកចូលរួម​បាន​ពិភាក្សា​អំពី​គម្រោង​សក្តានុពល​នានា​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ក​សិ​-​ចំណីអាហារ (agri-food) ផលិតកម្ម និង​បច្ចេកវិទ្យា ព្រមទាំង​បាន​លើក​ឡើង​អំពី​បទ​ពិសោធន៍​របស់​កា​ណា​ដា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ពួក​គេ​ក៏​បាន​ពិចារណា​ផង​ដែរ​ថា តើ​ការ​បញ្ចប់​ការ​ចរចា​ជា​សំខាន់​ៗ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកា​ណា​ដា​-​អាស៊ាន (Canada-ASEAN Free Trade Agreement) អាច​ជួយ​ពង្រីក​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ និង​បង្កើត​ឱកាស​ថ្មី​ៗ​សម្រាប់​ក្រុមហ៊ុន​នៃ​ភាគី​ទាំង​ពីរ​បាន​យ៉ាងដូចម្តេច​ ។

ក្រោម​ការ​សម្របសម្រួល​ដោយ​លោក Vincent Joli-Coeur ប្រធាន​ផ្នែក​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៃ​ធនាគារជាតិ​កា​ណា​ដា (National Bank of Canada) វេទិកា​នេះ​បាន​ប្រមូលផ្តុំ​តំណាង​មក​ពី​ក្រុមហ៊ុន OCIC, ធនាគារ ABA, ក្រុមហ៊ុន Manulife, Fasken និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ ។ ឧកញ៉ា​វេជ្ជបណ្ឌិត ពុង ការ៉ូ​លី​ន អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន OCIC បាន​ថ្លែង​មតិ​ក្នុង​នាម​ជា​អ្នកដឹកនាំ​ធុរកិច្ច​កម្ពុ​ជាមួយ​រូប ដែល​មាន​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​ប្រទេស​កា​ណា​ដា ​។

ទំនាក់ទំនង​របស់​ក្រុមហ៊ុន កា​ណា​ឌី​យ៉ា គ្រុប (Canadia Group) ជាមួយ​ប្រទេស​កា​ណា​ដា មាន​ប្រវត្តិ​ដើម​ទាក់ទង​ជាមួយនឹង​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល គឺ​លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវ​សែ ដែល​បាន​ចាប់ផ្តើម​អាជីវកម្ម​របស់​លោក​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់ (Montreal) មុន​ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ និង​បង្កើត​ក្រុមហ៊ុន​មាស & ឥណទាន កា​ណា​ឌី​យ៉ា​នៅ​ឆ្នាំ ១៩៩១​។ ឧកញ៉ា​វេជ្ជបណ្ឌិត ពុង ការ៉ូ​លី​ន ក៏​បាន​រស់នៅ សិក្សា​រៀនសូត្រ និង​បម្រើ​ការងារ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​នៅ​ប្រទេស​កា​ណា​ដា​ផង​ដែរ មុន​ពេល​វិល​ត្រឡប់​មក​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​អាជីវកម្ម​គ្រួសារ​ ។

ឧកញ៉ា​វេជ្ជបណ្ឌិត ពុង ការ៉ូ​លី​ន បាន​មាន​ប្រសាសន៍​ថា ​៖ «​ប្រទេស​កា​ណា​ដា​គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​របស់​យើង ប៉ុន្តែ​ការ​ពិភាក្សា​នេះ​គឺ​ផ្តោត​លើ​អ្វី​ដែល​នឹង​កើតឡើង​បន្ត​ទៀត ​។ ក្រុមហ៊ុន​កា​ណា​ដា​មាន​ជំនាញ និង​បទ​ពិសោធន៍​ដែល​អាច​ជួយ​គាំទ្រ​ដល់​កំណើន​របស់​កម្ពុជា ហើយ OCIC អាច​ជួយ​ពួក​គេ​ឱ្យ​យល់​កាន់តែ​ច្បាស់​អំពី​ទីផ្សារ ស្វែងរក​ដៃគូ​ក្នុងស្រុក​ដែល​សម​ស្រប និង​អភិវឌ្ឍ​គម្រោង​នានា​នៅ​ទី​នេះ​»​ ។

លោក Thierry Tea អនុប្រធាន​ក្រុមហ៊ុន OCIC ក៏​បាន​ណែនាំ​អំពី​តួនាទី​របស់ «Connexion» ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ធុរកិច្ច និង​នវានុវត្តន៍ ដែល​គាំទ្រ​ដល់​សហគ្រាស​ធុរកិច្ច​ថ្មី (startups) និង​កិច្ចសហការ​ផ្នែក​ធុរកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ CABC ដោយ​សហការ​ជាមួយ​សភាពាណិជ្ជកម្ម​កា​ណា​ដា​នៅ​កម្ពុជា (Canadian Chamber of Commerce in Cambodia) ព្រមទាំង​ទទួល​បានការ​គាំទ្រ​ពី OCIC និង​ធនាគារ ABA ហើយ​កម្មវិធី​បាន​បញ្ចប់​ទៅ​ដោយ​ពិធី​ជួបជុំ​ដើម្បី​ពង្រីក​បណ្តាញ​ទំនាក់ទំនង (networking reception)​ ៕ អត្ថបទសហការ