ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ABA ជា​ធនាគារ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ធំ​ជាងគេ​ក្នុង​កញ្ចប់​ឥណទាន​បៃតង​ទំហំ 182 លាន​ដុល្លារ សម្រាប់​គម្រោង​ប្រព័ន្ធ​ស្តុក​ថាមពល​អគ្គិសនី​ដំបូង​បង្អស់​នៅ​កម្ពុជា

2 ថ្ងៃ មុន

ធនាគារ ABA បាន​ចូលរួម​ក្នុង​កញ្ចប់​ឥណទាន​បៃតង​រួម (Green Syndicated Loan) ដែល​មាន​ទំហំ​ទឹកប្រាក់ 182 លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សាងសង់​ប្រព័ន្ធ​ស្តុក​ថាមពល​អគ្គិសនី (Battery Energy Storage System – BESS) កម្រិត​ឧស្សាហកម្ម​ដំបូង​បង្អស់​នៅ​កម្ពុជា ដោយ ABA បាន​ផ្តល់​ហិរញ្ញប្បទាន​ធំ​ជាងគេ​ក្នុង​ប្រតិបត្តិការ​នេះ​ ។

ការ​ផ្ដល់​ហិរញ្ញប្បទាន​នេះ បង្ហាញ​ពី​សមត្ថភាព​របស់​ធនាគារ ABA ក្នុង​ការ​គាំទ្រ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ខ្នាត​ធំ​នានា ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សន្តិសុខ​ថាមពល និង​គោលដៅ​ចីរភាព​របស់​កម្ពុជា​ ។

ពិធី​ចុះហត្ថលេខា​ត្រូវ​បាន​រៀបចំ​ឡើង​ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​នៃធនាគារជាតិ​នៃ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ធនាគារ ABA និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ដែល​បាន​ចូលរួម​ក្នុង​ហិរញ្ញប្បទាន​
នេះ​។ ឥណទាន​រួម​ក្នុង​ទំហំ​ទឹកប្រាក់ 182 លាន​ដុល្លារ​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​គ្រឹះស្ថាន​ផ្តល់​ឥណទាន​ចំនួន 7 រួម​មាន ធនាគារ​ចិន (​ហុងកុង​) សាខា​ភ្នំពេញ ធនាគារ​ចិន (​ហុងកុង​) ជា​សហ​ប្រធាន​ដឹកនាំ​ការ​រៀបចំ​ហិរញ្ញប្បទាន ធនាគារ ABA និង​ធនាគារ​ដៃគូ​ចំនួន 4 ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ក្នុង​ហិរញ្ញប្បទាន​នេះ​។

គម្រោង​នេះ ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ SchneiTec Legacy ដែល​ជា​ក្រុមហ៊ុន​ក្នុង​សម្ពន្ធ SchneiTec Group ហើយនឹង​បង្កើត​ប្រព័ន្ធ​ស្តុក​ថាមពល​ដោយ​ថ្ម​ដែល​មាន​សមត្ថភាព​សរុប 1,000 មេ​ហ្គា​វ៉ា​ត់​ម៉ោង នៅ​ក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​។ នៅ​ពេល​ដំណើរ​ការ​ពេញលេញ គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​ពង្រឹង​ស្ថិរភាព​បណ្តាញ​អគ្គិសនី​ជាតិ បង្កើន​លទ្ធភាព​ប្រើប្រាស់​ថាម​ពល​កកើត​ឡើង​វិញ និង​លើកកម្ពស់​សន្តិសុខ​ថាមពល​រយៈពេល​វែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ។

លោក Zhiger Atchabarov អគ្គនាយករង​ប្រតិបត្តិ​, នាយក​ប្រតិបត្តិការ​, និង​ជា​នាយករង​ប្រតិបត្តិ​របស់​ធនាគារ ABA បាន​មាន​ប្រសាសន៍​ថា “​ធនាគារ ABA មាន​មោទនភាព​ដែល​បាន​ចូលរួម​គាំទ្រ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ដ៏​សំខាន់​នេះ ដែល​នឹង​រួម​ចំណែក​ពង្រឹង​សន្តិសុខ​ថាមពល និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។ ក្នុង​នាម​ជា​ធនាគារ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ធំ​ជាងគេ ក្នុង​កញ្ចប់​ឥណទាន​រួម​នេះ ការ​ចូលរួម​របស់​ធនាគារ​យើង បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ក្នុង​ការ​គាំទ្រ​ហេ​ដ្ឋា​រចនា​សម្ពន្ធជាតិ និង​បង្កើត​អត្ថប្រយោជន៍​យូរអង្វែង​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​។

​ក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត ហេង សុ​ជាតិ អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SchneiTec Group បាន​មាន​ប្រសាសន៍​ថា​ហិ​រញ្ញប្បទាន​នេះ ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ មិន​ត្រឹមតែ​សម្រាប់ SchneiTec ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​អនាគត​វិស័យ​ថាមពល​របស់​កម្ពុជា​ទាំងមូល​ ។ ការ​គាំទ្រ​យ៉ាង​រឹង​មាំ​ពី​ដៃគូ​ធនាគារ​របស់​យើង បង្ហាញ​ពី​ទំនុកចិត្ត​ចំពោះ​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​ដំណើរ​ផ្លាស់​ប្តូរ​ថាមពល​របស់​ប្រទេស ខណៈ​ជួយ​បង្កើត​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ដែល​នឹង​ពង្រឹង​ស្ថិរភាព​បណ្តាញ​អគ្គិសនី និង​គាំទ្រ​ដល់​អនាគត​ដ៏​ស្អាត និង​ប្រកបដោយ​ចីរភាព​ជាង​មុន​។

គម្រោង​នេះ បង្ហាញ​កាន់តែ​ច្បាស់​ថា ធនាគារ ABA តែងតែ​ត្រៀមខ្លួន​ជា​និច្ច ជាមួយ​សមត្ថភាព​ខ្ពស់ ក្នុង​ការ​ចូលរួម​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ជាតិ​ខ្នាត​ធំ​នានា​។ ធនាគារ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​ការ​វិនិយោគ​ជា​យុទ្ធសាស្ត្រ​សំខាន់​ៗ តាម​រយៈ​រចនា​សម្ពន្ធ​ហិរញ្ញប្បទាន​ឯកទេស និង​ឥណទាន​សាជីវកម្ម​ទំហំ​ធំ លើ​វិស័យ​សំខាន់​ៗ រួម​មាន ថាមពល កសិកម្ម និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​។ តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​ទាំងនេះ ធនាគារ ABA បន្ត​ដើរតួ​នាទី​ជា​ដៃគូ​ហិរញ្ញវត្ថុ​យូរអង្វែង​ក្នុង​វឌ្ឍនភាព​របស់​កម្ពុជា​ ។