• សំបុត្រយន្តហោះសម្រាប់ការចុះចតជើងហោះហើរដំបូងក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ត្រូវបានលក់អស់ ។
• ក្រុមហ៊ុន Etihad ឥឡូវនេះបានបើកដំណើរការជើងហោះហើរថ្មីចំនួន 9 នៅឆ្នាំ 2025 ជាមួយនឹងការប្រកាសបន្ថែមជើងហោះហើរ 21 បន្ថែមដែលជាផ្នែកនៃផែនការពង្រីកជើងហោះហើរជាសកល ។
• ជើងហោះហើរថ្មីត្រូវបានដំណើរការដោយយន្តហោះប្រភេទថ្មីម៉ូដែល A321LR របស់ក្រុមហ៊ុន Etihad ។
អាប៊ូដាប៊ី អារ៉ាប់រួម ៖ ក្រុមហ៊ុន Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិនៃប្រទេសអារ៉ាប់រួម បានប្រារព្ធពិធីសម្ពោធជើងហោះហើរថ្មីរបស់ខ្លួនទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ ដោយនាំមកនូវបណ្តាញអាកាសចរណ៍ពិភពលោកទៅកាន់គោលដៅចំនួន 83 ។ ជើងហោះហើរថ្មីនេះពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការលើកកម្ពស់ការតភ្ជាប់ជាសកល និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារនៅទូទាំងតំបន់មជ្ឈឹមបូព៌ា អឺរ៉ុប និងអាហ្វ្រិក ។
លោក Antonoaldo Neves នាយកប្រតិបត្តិក្រុមហ៊ុន Etihad Airways បានមានប្រសាសន៍ថា ៖ «យើងពិតជាមានមោទនភាពដែលបានពង្រីកបណ្តាញរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងអញ្ជើញភ្ញៀវទេសចរកាន់តែច្រើនពីក្នុងតំបន់ក្នុងការស្វែងយល់ពីមាតុប្រទេសរបស់យើងជាមួយនឹងជើងហោះហើរដែលមានផាសុកភាព និងហោះត្រង់ទៅកាន់ទីក្រុងអាប៊ូដាប៊ី ដែលបង្កើតឱ្យមានការផ្សារភ្ជាប់ថ្មីសម្រាប់វិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងអាប៊ូដាប៊ី និងតំបន់ ។
យើងក៏មានក្តីសោមនស្សរីករាយក្នុងការលើកទឹកចិត្ត និងបំផុសឱ្យមានការធ្វើដំណើរទៅកាន់ទីកន្លែងដែលសម្បូរទៅដោយវប្បធម៌ និងភាពចម្រុះសម្បូរបែប ហើយប្រទេសកម្ពុជា គឺជាគោលដៅដ៏អស្ចារ្យមួយដែលមានទាំងតំបន់ទេសចរណ៍ធម្មជាតិ និងច្នៃបង្កើតឡើងដ៏អច្ឆរិយៈក្នុងការធ្វើដំណើរកម្សាន្ត» ។
ដើម្បីជាការអបអរនៃការឈានជើងចូលក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Etihad ក្រុមហ៊ុនបាននាំមកនូវជើងហោះហើរចំនួន ៤ ជើង ក្នុងមួយសប្តាហ៍ដែលតភ្ជាប់ប្រទេសកម្ពុជា ជាមួយនឹងបណ្តាញជាសកលរបស់ទីក្រុងអាប៊ូដាប៊ី ហើយនឹងបង្កើនជើងហោះហើរទៅដល់ប្រាំមួយជើងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2025 ។
រាជធានីភ្នំពេញ ស្វាគមន៍អ្នកធ្វើដំណើរជាមួយនឹងការដើរលេងកម្សាន្តតាមមាត់ទន្លេដ៏រស់រវើក ផ្សារដ៏មមាញឹក និងកន្លែងទទួលទានអាហារដ៏អស្ចារ្យ ។ ទីក្រុងនេះដើរតួនាទីជាច្រកផ្លូវទៅកាន់មរតកវប្បធម៌របស់ប្រទេសកម្ពុជា រួមមានប្រាសាទអង្គរវត្ត ខណៈវាក៏បានរួមបញ្ចូលនូវទម្រង់សិល្បៈ និងសិល្បៈម្ហូបអាហារដ៏ល្បីល្បាញដែលឆ្លុះបញ្ចាំងអំពីដួងព្រលឹងនៃភាពច្នៃប្រឌិតរបស់ប្រទេស ។
សម្រាប់អ្នកធ្វើដំណើរនៅកម្ពុជា ទីក្រុងអាប៊ូដាប៊ី គឺជារាជធានីដ៏រស់រវើកនៃប្រទេសអារ៉ាប់រួម ដែលផ្តល់នូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃបេតិកភណ្ឌវប្បធម៌ និងតំបន់ទាក់ទាញទំនើបៗ ។ រាប់ចាប់ពីវិហារដំ Sheikh Zayed ដ៏មហស្ចារ្យរហូតដល់សារមន្ទីរលំដាប់ពិភពលោក Louvre Abu Dhabi ដែលជាទីក្រុងបណ្តុំទៅដោយសិល្បៈ វប្បធម៌ និងភាពច្នៃប្រឌិត ។ អាកាសយាន្តដ្ឋានអន្តរជាតិ Zayed ដែលជាទីកន្លែងជាតំណាងនៃសិល្បៈ ផ្តល់នូវការតភ្ជាប់ដ៏រលូន និងធានាបាននូវបទពិសោធន៍ធ្វើដំណើរដែលរលូន និងប្រណីត ។
ជើងហោះហើរថ្មីនេះនឹងដំណើរការដោយយន្តហោះប្រភេទថ្មីម៉ូដែល A321LR របស់ក្រុមហ៊ុន Etihad ដែលនឹងនាំមកនូវកាប៊ីនយន្តហោះដ៏ប្រណីតដែលជាអត្តសញ្ញាណរបស់ Etihad និងបដិសណ្ឋារកិច្ចដ៏អស្ចារ្យ ។ យន្តហោះ A321LR បំពាក់នូវការរៀបចំកាប៊ីនបីផ្នែក រួមមានកៅអី First Suites ដំបូងបង្អស់របស់ Etihad ដែលមានលក្ខណៈឯកជន កន្លែងបិទជិតជាមួយនឹងទ្វាររូត គ្រែរាបស្មើពេញ និងការរចនាដ៏អស្ចារ្យដែលជាធម្មតាមានតែសម្រាប់យន្តហោះដែលប្រតិបត្តិការផ្លូវឆ្ងាយ ។
ឆាប់ៗនេះ ក្រុមហ៊ុននឹងសម្ពោធជើងហោះហើរទៅកាន់ទីក្រុងក្រាប៊ី ហាណូយ ឈៀងម៉ៃ និងហុងកុង ដែលនឹងពង្រឹងបន្ថែមនូវវត្តមានរបស់ខ្លួនក្នុងតំបន់អាស៊ី ។ ក្រុមហ៊ុន Etihad បន្តរីកចម្រើនក្នុងអត្រាដ៏អស្ចារ្យ ដោយបានសម្ពោធជើងហោះហើរថ្មីចំនួន 30 នៅទូទាំងទ្វីបចំនួនបួន រូមមានការប្រកាសថ្មីៗនៅ Damascus, Palma de Mallorca និង Zanzibar ដែលនឹងសម្ពោធនារដូវក្តៅខាងមុខ ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ etihad.com ។
អំពីក្រុមហ៊ុនអាកាសចរណ៍ Etihad Airways
ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិនៃប្រទេសអារ៉ាប់រួម ត្រូវបានបង្កើតឡើងនៅឆ្នាំ 2003 និងបានក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកឈានមុខគេមួយយ៉ាងឆាប់រហ័ស ។ ចេញដំណើរពីមាតុភូមិក្នុងទីក្រុងអាប៊ូដាប៊ី ក្រុមហ៊ុន Etihad ដឹកអ្នកដំណើរ និងទំនិញទៅកាន់ដោលដៅនៅមជ្ឈិមបូព៌ា អាហ្វ្រិក អឺរ៉ុប អាស៊ី អូស្ត្រាលី និងអាមេរិកខាងជើង ។ រួមគ្នាជាមួយដៃគូដ៏រឹងមាំរបស់ Etihad បណ្តាញរបស់ Etihad ផ្តល់នូវការជ្រៀតចូលទៅកាន់គោលដៅអន្តរជាតិរាប់រយ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Etihad បានទទួលពានរង្វាន់ជាច្រើនសម្រាប់សេវាកម្ម និងផលិតផលដ៏ល្អឥតខ្ចោះរបស់ខ្លួន ការផ្តល់ជូនទំនិញ កម្មវិធីភក្ដីភាព និងច្រើនទៀត ។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ etihad.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ