ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ដែល​ត្រឡប់​មក​ពី​ថៃ សូម​ស្វែងរក​ការងារ​ធ្វើ​ នៅ​ក្នុងស្រុក ជា​ជាង​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ

5 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៥ នេះ ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ សូមកុំ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៥ នេះ ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ សូមកុំ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ​ទៅ​ប្រទេស​ថៃ និង​សូម​ទាក់ទង​ទៅ​លេខ ១២៩៧ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​ជិត ១០​ម៉ឺន​កន្លែង ​ដែល​ជា​ការងារ​នៅ​ក្នុងស្រុក សម្រាប់​ពលរដ្ឋ​កម្ពុជា ​គ្រប់​រូប​អាច​ចូល​ធ្វើការ ដែល​មាន​ប្រាក់ខែ​សមរម្យ និង​អត្ថប្រយោជន៍​ជា​ច្រើន ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «ឱកាស​ការងារ​នៅ​កម្ពុជា​មាន​ប្រមាណ​ជិត ១០​ម៉ឺន​កន្លែង នេះ​ជា​ពិសេស​វិស័យ​ឧស្សាហកម្ម​ ដែល​កំពុង​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​យើង ​ដែល​ពេញកម្លាំង បើ​ទោះបីជា​មានបទពិសោធន៍ ឬ​គ្មាន​បទ​ពិសោធន៍​ឱ្យ​ចូល​ធ្វើការ ។ ដូចនេះ បងប្អូន​ខ្មែរ​យើង ឬ​ពលករ​ដែល​ចង់បាន​ការងារ​ សូម​ទាក់ទង​លេខ​ទូរ​សព្ទ ១២៩៧ ដើម្បី​ទទួល​បានការ​ងារ​ភ្លាម​ៗ» ។

បន្ថែម​ពី​នេះ លោក ស៊ុន មេ​សា បាន​លើក​ឡើង​ពី​ហានិភ័យ​ នៃ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ដូច​ជា​ការ​រំលោ.ភ​បំពាន​ពី​និយោជក ការ​មិន​ផ្តល់​អត្ថប្រយោជន៍​ស្រប​តាម​ច្បាប់ ឬ​ការ​ចុះ​អធិការកិច្ច​ពី​អាជ្ញាធរ​ម្ចាស់​ប្រទេស​ ដែល​នាំ​ដល់​ការ​ចាប់ខ្លួន​ជាដើម​ ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ជ្រើសរើស​ឱកាស​ការងារ​ក្នុងស្រុក និង​មិន​ត្រូវ​ប្រថុយប្រថាន​ត្រឡប់​ទៅ​ធ្វើការ​ ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​នោះ​ឡើយ ​ក្នុង​ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​បន្ត​មាន​អរិភាព តាម​បន្ទាត់​ព្រំដែន ​។

សូម​រំលឹក​ផង​ដែរ​ថា ដើម្បី​ជួយ​ផ្តល់​ឱកាស​ការងារ​ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ បាន​ដាក់​ចេញ​យុទ្ធនាការ​ជា​ច្រើន​ដូច​ជា ការ​ដាក់​មណ្ឌល​សំចត ឬ​កន្លែង​ទទួល​ពលករ​នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​ និង​ថៃ​ចំនួន ៦​កន្លែង ការ​ធ្វើ​វេទិកា​ការងារ​តាម​ភូមិ​ស្រុក​ ដោយ​នាំ​យក​រោងចក្រ​សហគ្រាស​ទៅ​ជាមួយ ការ​ធ្វើ​វេទិកា​ការងារ​ជា​ប្រចាំ ​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ និង​ទីស្នាក់ការ​ប​.​ស​.​ស​.​ទូ​ទាំង​ប្រទេស និង​ការ​សម្របសម្រួល​ជាមួយ​រោងចក្រ​ សហគ្រាស ​សម្រាប់​ការ​ចូល​បំពេញការងារ​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ។ បន្ថែម​ពី​នេះ ក្រសួង​ការងារ​ បាន​រៀបចំ​ប្រព័ន្ធ hotline ១២៩៧ សម្រាប់​សម្រួល​ដល់​ការ​ស្វែងរក​ការងារ​ធ្វើ​ របស់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ​ ៕ អត្ថបទសហការ