ខេត្តកំពង់ធំ ៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក និងក្រុមការងារចុះមូលដ្ឋាននៅតាមបណ្តាឃុំទូទាំងស្រុក អញ្ជើញចូលរួម កាន់បិណ្ឌទី ៩ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តកំពង់ថ្ម និងវត្តសង់ឃ្លាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ តាមទំនៀមទម្លាប់បែប សាសនា ។
លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក និងក្រុមការងារចុះបណ្តាឃុំផ្សេងៗទូទាំងស្រុក នៅថ្ងៃថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌទី ៩ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកំពង់ថ្ម និងវត្តសង់ឃ្លាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ, ដែល ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងការឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធអ្នកដែលបាក់បែកចែកឋាន ។
ក្នុងពិធីកាន់បិណ្ឌនេះដែរ, លោកជំទាវបណ្ឌិត ក៏បានឧទ្ទិសមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងបុព្វការីជន ទាំងឡាយមានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែល បានពលីជីវិត ដើម្បីជាតិមាតុភូមិ និងសាសនា ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនា ឱ្យកាន់តែរុងរឿង អស់កាលជាអង្វែងតរៀងទៅ ។
នៅក្នុងថ្ងៃកាន់បិណ្ឌទី៩នេះ លោកជំទាវបណ្ឌិត ជា សិរី បានប្រគេនបច្ច័យមួយចំនួនដល់វត្តទាំងពីរ គឺវត្តកំពង់ថ្ម និងវត្តសង់ ឃ្លាំង សម្រាប់ទុកកសាងសមិទ្ធផលនានានៅក្នុងវត្តទាំងពីរខាងលើ ដើម្បីចូលរួមដល់ការរីកចម្រើននៅក្នុងវិស័យពុទ្ធចក្រ នៃព្រះរាជា ណាចក្រកម្ពុជា ។
សូមជម្រាបថា, ពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធ សាសនា ដែលជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃដល់ខែ ដែលត្រូវប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូន-កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល យក ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម, ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរមកហើយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ