រាជធានីភ្នំពេញ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍជំនាញជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់កម្លាំងពលកម្មជំនាញ ឆ្នាំ ២០២៥” នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត ក្នុងរាជធានីភ្នំពេញ ។
សិក្ខាសាលាកម្រិតតំបន់អាស៊ានដែលមានរយៈពេល២ថ្ងៃពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា នេះ មានគោលបំណងបន្ស៊ីប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ឱ្យសមស្របទៅនឹងតម្រូវការទីផ្សារការងារដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើន និងការបង្កើតការងារនៅទូទាំងតំបន់អាស៊ានជាពិសេសវិស័យកសិ-ចំណីអាហារ។
ថ្លែងទៅកាន់អង្គពិធីដែលមានតំណាងមកពីបណ្តារដ្ឋជាសមាជិកអាស៊ានប្រមាណ ៥០រូប ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញដែលផ្សារភ្ជាប់ការអភិវឌ្ឍទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសវិស័យកសិ-ចំណីអាហារក្នុងបរិបទនៃការប្រែប្រួលយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យាឌីជីថល និងបរិស្ថាន ។
ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា សិក្ខាសាលាកម្រិតតំបន់នាពេលនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហការ និងកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំក្នុងការពង្រឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងតំបន់អាស៊ាន និងដើម្បីធានាថាការបណ្តុះបណ្តាលមានភាពសមស្រប និងស៊ីគ្នារវាងជំនាញ តម្រូវការការងារជាក់ស្តែង និងការវិវត្តនៃទីផ្សារការងារ ។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាកម្រិតតំបន់ដែលកម្ពុជា និងសហភាពអឺរ៉ុបបើកនាពេលនេះ មានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធថ្នាក់តំបន់ជាង ៥០រូប រួមទាំងតំណាងមកពីស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តំណាងនៃវិស័យឯកជន និងអង្គការអន្តរជាតិមកពីគ្រប់បណ្ដារដ្ឋសមាជិកអាស៊ានទាំងដប់ រួមទាំងប្រទេសទីម័រឡេស្តេផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ