ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ​ ៖ ជប៉ុន​ជា​ដៃគូ​ដ៏​សំខាន់​មិនអាច​កាត់​ផ្តាច់​បាន​លើ​ការ​អភិវឌ្ឍ​ ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​កម្ពុជា

18 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី…

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (UENO Atsushi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ឧបករណ៍ សម្ភារ និង​បរិក្ខារ​បច្ចេកទេស​សម្រាប់​បណ្តុះបណ្តាល​ជំនាញ​អគ្គិសនី ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ជូន​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​ទី ​១៦ ខែកញ្ញា ឆ្នាំ​ ២០២៥ មក​នេះ នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ ។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន​ចំពោះ​ការ​ផ្តល់​ជំនួយ​ឥត​សំណង​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា និង​លើកកម្ពស់​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ ។ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​បន្ថែម​ថា ជំនួយ​របស់​ជប៉ុន​នៅ​ក្នុង​វិស័យ​អប់រំ​របស់​កម្ពុ​ជានា​ពេល​កន្លង​មក បាន​រួមចំណែក​កសាង​សមត្ថភាព​ធនធានមនុស្ស​កម្ពុជា និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ និង​ស្តារ​កម្ពុជា​ឡើង​វិញ​ ។ ប្រទេស​ជប៉ុន ជា​ដៃគូ​ដ៏​សំខាន់​មិន​អាច​កាត់​ផ្តាច់​បាន​លើ​ការ​អភិវឌ្ឍ ជា​ពិសេស លើ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា ឧបករណ៍ សម្ភារ និង​បរិក្ខារ​បច្ចេកទេស ដែល​បាន​ផ្តល់​មក​កម្ពុជា នឹង​ក្លាយជា​វត្ថុ​ទិព្វ​បន្ថែម​ទៀត​ដល់​សិស្ស និស្សិត TVET កម្ពុជា​ឱ្យ​មានឱកាស​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ជប៉ុន ដើម្បី​អនុវត្តន៍​លើ​ទ្រឹស្តី​ដែល​បាន​សិក្សា​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា នៅ​ក្នុង​វិស័យ​ផលិតកម្ម​នៅ​កម្ពុជា ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ ​។ ដូចនេះ ជំនួយ​នេះ នឹង​ជួយ​ឱ្យ​យុវជន​កម្ពុជា​បង្កើន​នូវ​សមត្ថភាព​ជំនាញ​ចាំបាច់ ដើម្បី​ចូលរួម​ចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ ។ ឯកឧត្តម​ឯកអគ្គរាជទូត​បាន​បញ្ជាក់ អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ជប៉ុន​លើ​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​មិត្តភាព​ជាមួយ​កម្ពុជា និង​បន្ត​ផ្តល់​ការ​គាំទ្រ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស​ទាំង​ពីរ ​។

ការ​ផ្តល់​ឧបករណ៍ សម្ភារ និង​បរិក្ខារ​បច្ចេកទេស​ក្នុង​ជំនាញ​អគ្គិសនី ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន មាន​តម្លៃ​សរុប ៤០០​លាន​យ៉េន ស្មើនឹង​ប្រមាណ ៣,៦៣​លាន​ដុល្លារ​អាម៉េរិក បាន​ប្រគល់​ជូន​វិទ្យាស្ថាន​ចំនួន ៣ គឺ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC), វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI), និង វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុសុមៈ (PPI) ៕ អត្ថបទសហការ