ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្ដម ហេង សួរ​ ៖ ការ​ប្រកួត​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ​ ជា​ច្រក​មួយ​ដ៏​សំខាន់សម្រាប់​ការ​លើកកម្ពស់​គុណភាព​ការ​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​…

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​ ២០២៥ ​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​ការ​ប្រកួតប្រជែង​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ពិភពលោក ឆ្នាំ​ ២០២៥ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ដ្រ​កម្ពុជា​-​ចិន ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម វ៉ាង វី​ន​ពី​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​។

ថ្លែង​ទៅ​កាន់​អង្គពិធី ឯកឧត្ដម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​ការ​ប្រកួត​ជំនាញ​កម្រិត​ពិភពលោក​នេះ​ដែល​មិន​ត្រឹមតែ​ផ្ដល់​វេទិកា​ជូន​សិស្ស​-​និស្សិត ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ជំនាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ច្រក​មួយ​ដ៏​សំខាន់​សម្រាប់​លើកកម្ពស់​គុណភាព​ការ​អប់រំ​បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ ជំរុញ​ការ​សិក្សា​ស្រាវជ្រាវ​, ការ​ច្នៃប្រឌិត​, ឱកាស​ពង្រឹង​ចំណេះដឹង និង​ជំនាញ​, និង​ការ​អនុវត្ត​ជាក់ស្ដែង​ផង​ដែរ​ ។ បន្ថែម​ពី​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ជឿជាក់​ថា ការ​ប្រកួតប្រជែង​នេះ នឹង​ទាក់ទាញ​យុវជន​ឱ្យ​ស្រលាញ់​នូវ​ជំនាញ​បច្ចេកទេស និង​ការ​ច្នៃប្រឌិត​ផ្សេង​ៗ ដោយ​នឹង​អាច​ជួយ​បង្កើន​ស្ដុក​ធនធាន​ជំនាញ​វ័យក្មេង​, ជំរុញ​ការ​រួម​បញ្ចូល​គ្នា​នៃ​ឧស្សាហកម្ម និង​ការ​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​ដូច​ជា​បង្កើត​ឱ្យ​មាន​វេទិកា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជំនាញ ព្រមទាំង​ការ​ផ្លាស់​ប្ដូរ​វប្បធម៌ ​។

ឯកឧត្ដម​បាន​សម្តែងនូវ​ការ​សាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ការ​ប្រកួតប្រជែង​ដ៏​សំខាន់​ទាំង ៣ ដែល​រួម​មាន ១.​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ២.​បច្ចេកវិទ្យា​ព័ត៌មាន​ជំនាញ​ថ្មី និង​៣.​ការ​ផលិត​ឧបករណ៍​វៃឆ្លាត គឺ​សុទ្ធតែ​ជំនាញ​មាន​តម្រូវការ​ខ្ពស់ និង​មាន​ភាព​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​អភិ​វ​ឌ្ឍេ​សេដ្ឋកិច្ចជាតិ​ ។

សូម​រំលឹក​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ពិភពលោក ត្រូវ​បាន​រៀបចំ​ឡើង ចាប់តាំងពី​ឆ្នាំ​២០០៨ ក្នុង​គោលបំណង​ផ្ដល់​ឱកាស​ដល់​យុវជន​បាន​បង្ហាញ​សមត្ថភាព​ក្នុង​ការ​បង្កើត​ថ្មី​, បង្ហាញ​ពី​មិត្ត​ភាពរឹងមាំ​ជាស​កល​ក្នុង​កិច្ច​សហប្រតិបត្តិការ និង​អនាគត​ឈ្នះ​-​ឈ្នះ​រួម​គ្នា​, បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ខិតខំ​ជំរុញ និង​បង្កើន​សមត្ថភាព​និស្សិត​ឱ្យ​ក្លាយជា​យុវជន​ឆ្នើម​, ដឹកនាំ​ឱ្យ​មានការ​អភិវឌ្ឍ​កាន់តែ​ល្អ​ប្រសើរ លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​ការ​ផ្លាស់​ប្ដូរ​ជា​លក្ខណៈ​អន្តរជាតិ​ ។

សម្រាប់​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ពិភពលោក ឆ្នាំ​២០២៥ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ មាន​បេក្ខជន​ចូលរួម​សរុប​ចំនួន ៦០​ក្រុម ក្នុង​នោះ​ប្រទេស​កម្ពុជា​ចំនួន ៤០​ក្រុម​ដែល​រួម​មាន​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​, វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​តេ​ជោ​សែន នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ចំនួន ១០​ក្រុម​, ប្រទេស​ហ្វី​លី​ពី​ន​ចំនួន ៣​ក្រុម​, ប្រទេស​ម៉ា​ឡេ​ស៊ី​ចំនួន ៣​ក្រុម និង​ប្រទេស​ថៃ​ចំនួន ៤​ក្រុម​ ៕ អត្ថបទសហការ