ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប ប្រកាស​ផ្តល់​អាហារូបករណ៍ ២​ ពាន់កន្លែង សិក្សា​ដោយ​ឥត​គិតថ្លៃ

2 ថ្ងៃ មុន

ខេត្តសៀមរាប​ ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ២ ០០០​កន្លែង…

ខេត្តសៀមរាប​ ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ២ ០០០​កន្លែង ដល់​យុវជន​ទូទៅ និង​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ថែម​ទៀត សម្រាប់​ការ​សិក្សា​មុខ​ជំនាញ​សំខាន់​ៗ​ចំនួន​ ១៣​មុខ​ជំនាញ ​។

ការ​ផ្ដល់​ជូន​អាហារូបករណ៍​នេះ គឺជា​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន​ ១,៥​លាន​នាក់ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ទិស​ដៅ​លើកកម្ពស់​ស្ថានភាព​ជីវិត យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ តាម​រយៈ​ការ​ផ្ដល់​ឱ្យ​ពួក​គេ​នូវ​ជំនាញ ១​យ៉ាងតិច​ប្រចាំជីវិត និង​មាន​លទ្ធភាព​រក​ចំណូល​បាន​សមរម្យ​ ។

លោក ហ៊ ស៊ុន​លាភ នាយករង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប បានឱ្យ​ដឹង​ថា វិទ្យាស្ថាន​បាន​ផ្តល់​អាហារូបករណ៍ ១០០% ដល់​យុវជន​ទូទៅ និង​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ ឬ​គ្រួសារ​ងាយ​រង​ហានិភ័យ​ទទួល​បានការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិតថ្លៃ ចំនួន ២ ០០០​កន្លែង ​។

មុខ​ជំនាញ​ដែល​ផ្តល់​អាហារូបករណ៍​នោះ មាន​ចំនួន ១៣​មុខ​វិជ្ជា ដែល​មាន​ដូច​ជា ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន ការ​រចនា​ក្រាហ្វិក​ដោយ​កំ​ព្យូ​ទ័​រ ការ​ដំឡើង​និង​ថែទាំ​កាមេរ៉ា​សុវត្ថិភាព ការងារ​កំបោរ ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក សេវាកម្ម​កុំព្យូទ័រ សេវាកម្ម​រដ្ឋបាល ធុរកិច្ច​ភេសជ្ជៈ សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ សេវាកម្ម សម្អាង​កាយ សេវាកម្ម​កាត់សក់​បុរស និង​ការ​ធ្វើ​ម្ហូប​ខ្មែរ​ ។

ជាមួយ​គ្នា​នោះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប ក៏​បាន​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥២៥​កន្លែង​ដល់​សិស្ស​ដែល​រៀន​ចប់ ឬ​ធ្លាក់​ថ្នាក់​ទី​១២ សម្រាប់​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ដែល​សិក្សា​រយៈពេល​២​ឆ្នាំ ដោយ​ឆ្លងកាត់​ការ​ប្រឡង​ជ្រើសរើស​ផង​ដែរ​ ។ ក្នុង​នោះ មាន​ជំនាញ​ដូច​ជា វិទ្យាសាស្ត្រ​កុំព្យូទ័រ វិស្វកម្ម​អគ្គិសនី វិស្វកម្ម​បរិក្ខារ​ត្រជាក់ វិស្វកម្ម​សំណង់​ស៊ី​វិល ផលិតកម្ម​និង​បសុព្យាបាល ក្សេត្រសាស្ត្រ គ្រប់គ្រង​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម ម៉ាឃីតធីង និង​គណនេយ្យ​និង​ហិរញ្ញវត្ថុ​ ។

ក្នុង​នោះ​ផង​ដែរ នាយករង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប បាន​អំពាវនាវ​ដល់​យុវជន​ទូទៅ និង​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ ឬ​គ្រួសារ​ងាយ​រង​ហានិភ័យ មក​ដាក់​ពាក្យ​រៀន​ជំនាញ​ខ្លី​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ព្រមទាំង​ស្នើ​សុំ​ដល់​សិស្ស​ដែល​រៀន​ចប់ ឬ​ធ្លាក់​ថ្នាក់​ទី ​១២ មក​ដាក់​ពាក្យ​ស្នើ​សុំ​ប្រឡង​ដើម្បី​ទទួល​បាន​អាហារូបករណ៍​សម្រាប់​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប​ ។

លោក ហ៊ ស៊ុន​លាភ បាន​បញ្ជាក់​ថា សម្រាប់​ការ​ទំនាក់ទំនង​សួរ​ព័ត៌មាន និង​ចុះ​ឈ្មោះ​ចូល​រៀន សូម​ទាក់ទង​ទៅ​កាន់​លេខ​ទូរ​សព្ទ​លេខ ០៩៦ ៦៦៦ ០៣ ០៦ / ០៨៩ ៤៨៣ ៦២៣ / ០៦៩ ៧២៨ ៩៩៦ ឬ​ទាក់ទង​ដោយ​ផ្ទាល់​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខាងកើត​ផ្សា​សាមគ្គី​ ៧០​ម៉ែត្រ ​៕ អត្ថបទសហការ