ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បុណ្យ​ភ្ជុំបិណ្ឌ​ ក្រសួង​ការងារ​ ជូនដំណឹង​ដល់​ម្ចាស់រោងចក្រ​-​សហគ្រាស ​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ឈប់​សម្រាក និង​បើកប្រាក់​ឈ្នួល​ឱ្យបាន​មុន​ថ្ងៃ​សម្រាក

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ បាន​ជូនដំណឹង​ឱ្យ​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ​អនុវត្ត​ការ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល ៣​ថ្ងៃ​ទៅ​ដល់​កម្មករនិយោជិត​ចាប់ពី​ថ្ងៃ​ទី ​២១-២២-២៣ ខែកញ្ញា…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ បាន​ជូនដំណឹង​ឱ្យ​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ​អនុវត្ត​ការ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល ៣​ថ្ងៃ​ទៅ​ដល់​កម្មករនិយោជិត​ចាប់ពី​ថ្ងៃ​ទី ​២១-២២-២៣ ខែកញ្ញា ឆ្នាំ​ ២០២៥​ ដោយ​មាន​ប្រាក់​ឈ្នួល និង​សម្របសម្រួល​ឱ្យ​មានការ​បើកប្រាក់​ឈ្នួល​ខែកញ្ញា​ដល់​កម្មករនិយោជិត​ឱ្យ​បាន​មុន​ថ្ងៃ​ឈប់​សម្រាក​នា​ពេល​ខាង​មុខ ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ៨ ខែកញ្ញា ឆ្នាំ​ ២០២៥ ​។

ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ក្រសួង​បាន​គូសបញ្ជាក់​ថា ​៖ “​សូម​ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​របស់​ខ្លួន​ឈប់ សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ រយៈពេល ៣ (​បី​) ថ្ងៃ គឺ​ថ្ងៃ​ទី​២១-២២-២៣ ខែកញ្ញា ឆ្នាំ​ ២០២៥ និង​ត្រូវ​សម្របសម្រួល​រៀបចំ​បើកប្រាក់​ឈ្នួល​ខែកញ្ញា ដែល​កម្មករនិយោជិត​ត្រូវ​ទទួល​បានឱ្យ​បាន​មុន​ថ្ងៃ​ឈប់​សម្រាក​នេះ​”​ ។

ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក្រសួង​ការងារ ក៏​បាន​ណែនាំ​ថា ក្នុង​ករណី​មានការ​ព្រមព្រៀង​គ្នា​រវាង​កម្មករនិយោជិត​សាមី​ និង​និយោជក ឬ​មាន​ចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង​របស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ​ដែល​ត្រូវ​បាន​ចុះ​ទិដ្ឋាការ​ដោយ​អធិការ​ការងារ ឬ​អនុសញ្ញា​រួម​ដែល​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង ការ​ឈប់​សម្រាក​របស់​កម្មករនិយោជិត​អាច​អនុវត្ត​នៅ​ពេល​ណាមួយ​ផ្សេង​ទៀត ដែល​ខុស​ពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ដូច​មាន​កំណត់​ក្នុង​ប្រកាស​លេខ ​២១៨/២៤ ក​.​ប​/​ប្រ​.​ក​.​អ​.​ធ​.​ក ចុះ​ថ្ងៃ​ទី​ ៩ ខែតុលា ឆ្នាំ​២០២៤ ស្តី​ពី​ការ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល ប្រចាំឆ្នាំ ​២០២៥ ​។

បើ​តាម​លិខិត​ដដែល ចំពោះ​សហគ្រាស ក្រុមហ៊ុន រោងចក្រ​ទាំងឡាយ​ណា ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ និង​មិន​អាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការ​ឈប់​សម្រាក​បុណ្យ​នៃ​កម្មករនិយោជិត​ទាំងអស់ ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​នាំ​ឱ្យ​ខូចប្រយោជន៍​ដល់​សាធារណជន ឬ​ក៏​ធ្វើ​ឱ្យ​ខូច​ដំណើរការ​របស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ​ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់​សម្រាក​ទៅ​តាម​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ដោយ​ផ្លាស់​ប្ដូរ​វេន​គ្នា ​។

ដោយឡែក​ប្រសិនបើ​ការ​ផ្លាស់​ប្ដូរ​វេន​គ្នា​នេះ មិន​អាច​គាំទ្រ​ដល់​ដំណើរការ អាជីវកម្ម​របស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ​និង​តំណាង​កម្មករ និយោជិត​អាច​ពិភាក្សា និង​ព្រមព្រៀង​គ្នា​ឱ្យ​កម្មករនិយោជិត​ទាំងអស់​នៅ​ធ្វើការ​នៅ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​នេះ​ដោយ​ត្រូវ​រៀបចំ​ឱ្យ​មានការ​ឈប់​សម្រាក​ជំនួស​នៅ​ពេល​ណាមួយ​ផ្សេង​ទៀត​បាន​។ នេះ​បើ​យោង​តាម​លិខិត​ដដែល ​។

ចំពោះ​ករណី​នេះ ក្រសួង​ការងារ បាន​ណែនាំ​ឱ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត ដែល​ត្រូវ​ផ្លាស់​ប្ដូរ​គ្នា​ឈប់​សម្រាក​តាម​កាលបរិច្ឆេទ​នីមួយ​ៗ​ខាងលើ និង​រក្សា​ទុកជា​ប្រចាំ​សម្រាប់​ការ​ត្រួតពិនិត្យ​របស់​អធិការ​ការងារ​ ។

យ៉ាងណា​ក៏​ដោយ ក្នុង​ការ​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ប្រសិនបើ​កម្មករនិយោជិត​មិន​ទទួល​បានការ​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​ត្រឹមត្រូវ​ទេ​នោះ កម្មករនិយោជិត​អាច​ប្តឹង​មក​ក្រសួង​តាម​រយៈ​ប្រព័ន្ធ​ទាន់​ហេតុការណ៍​លេខ ១២៨៦ ឬ​តាម​រយៈ​ប្រអប់​បណ្តឹង​អនាមិក (https://feedback.mlvt.gov.kh/feedback) ដើម្បី​ក្រសួង​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន ​៕ អត្ថបទសហការ