រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៦ នៅទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពរួមគ្នាលើកនូវសំណូមពរចំនួន ៣ចំណុច ជូន សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអន្តរាគមន៍ ។

តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ៖ «សំណូមពរចំនួន ៣ ចំណុចរួមមាន ៖ ទី ១ ដោយយោងលើស្ថានភាពនៃផលប៉ះពាល់ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាមេរិក និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជកបានឯកភាពគ្នាជាឯកច្ឆ័ន្ទមិនលើកនូវសំណើតួលេខណាមួយនោះទេ ដោយទុកជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយ ដោយផ្អែកលើភាពប្រកួតប្រជែង និងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជាក់ស្ដែងរបស់កម្ពុជា ។ ទី ២ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពរួមគ្នាលើកនូវសំណូមពរចំនួន ៣ ចំណុច ជូន សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអន្តរាគមន៍ ។ និងទី ៣ អង្គប្រជុំបានឯកភាពគ្នា កំណត់កាលបរិច្ឆេទ នៃកិច្ចប្រជុំត្រីភាគីចុងក្រោយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ១៥:០០នាទី ដើម្បីបំពេញនីតិវិធីផ្លូវការចុងក្រោយ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា» ។

ជាមួយគ្នានេះផងដែរ លោក គឹម ចាន់សំណាង ប្រធានសមាភាពសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា ៖ «សម្រាប់ភាគីសហជីពយើងជាទូទៅ តែងតែចូលរួមអនុវត្តន៍គោលការណ៍ និងច្បាប់ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ហើយឆ្នាំនេះ ក៏យើងនៅតែអនុវត្តន៍នូវអ្វី ដែលជាគោលការណ៍ដូចគ្នា ហើយទោះបីជាយ៉ាងក៏ដោយ ក៏យើងបានគិតគូរពីស្ថានភាពនៅកម្ពុជា ក៏ដូចជាស្ថានភាពពិភពលោកផងដែរ ដែលមានផលប៉ះពាល់ ។ ឆ្នាំនេះយើងឃើញថា មានចំណុចល្អៗ ជាច្រើនផងដែរ ដែលយើងធ្វើការប្រជុំពិភាក្សាគ្នា រវាងកម្មករនិយោជិតនិងនិយោជក ហើយយើងរឹតតែមានការយល់ ពីផលប៉ះពាល់រវាងភាគីទាំងពីរផងដែរ ។ យើងសង្ឃឹមថា យើងនឹងអាចសហការគ្នាបន្ត ដើម្បីយើងអាចឈានដល់ការស្វែងរកប្រយោជន៍រួម» ។

លោក គឹម ចាន់សំណាង បន្តថា ៖ «យើងឃើញថា បងប្អូនពលករដែលធ្វើការចំណាកស្រុក បានវិលត្រឡប់មកប្រទេសយើងវិញយ៉ាងច្រើន ហើយក៏យើងចង់បាននូវអ្នកវិនិយោកទន់នៅវិស័យផ្សេងៗទៀត ក្រៅពីវិស័យកាត់ដេរ ដើម្បីយើងផ្តល់ឱកាសបងប្អូនពលករ ក៏ដូចជាយុវជន មកពីប្រទេសថៃឱ្យពួកគាត់មានការងារធ្វើ ។ ដូចនេះយើងក៏បានសម្រេចគ្នាថា ទុកឱកាសនេះជូនរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកសម្រេចថាតើត្រូវតំឡើងប្រាក់ឈ្នួលឬត្រូវកំណត់យកតម្លៃណាមួយ» ។

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ២១លើក រួមមាន កិច្ចប្រជុំត្រីភាគី ចំនួន ៣លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក ចំនួន ៣លើក, កិច្ចប្រជុំទ្វេភាគីរវាង តំណាងភាគីរាជរដ្ឋាភិបាល និងភាគីកម្មករនិយោជិត ចំនួន ១លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីរាជរដ្ឋាភិបាលនិង ភាគីនិយោជក ចំនួន ២លើក, កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាង ភាគីកម្មករនិយោជិត ចំនួន ៧លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ តំណាងភាគីនិយោជក ចំនួន ៥លើក ៕ អត្ថបទសហការ







ចែករំលែកព័តមាននេះ