ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ អំពាវនាវ​ឱ្យ​មានការ​យោគយល់ និង​អធ្យាស្រ័យ​ដល់​កម្មករ អ្នក​ផ្តល់​សេវាកម្ម និង​ម្ចាស់​អាជីវកម្ម​ ក្នុង​រដូវ​កាល​ភ្ជុំបិណ្ឌ ដែល​នឹង​មមាញឹក ​នៅ​តាម​រមណីយដ្ឋាន និង​កន្លែងកម្សាន្ត

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​មានការ​យោគយល់ និង​អធ្យាស្រ័យ​ដល់​បងប្អូន​កម្មករ​-​និយោជិត អ្នក​ផ្តល់​សេវា និង​ម្ចាស់​អាជីវកម្ម ប្រសិនបើ​មាន​ករណី​យឺតយ៉ាវ ឬ​ខ្វះខាត​ដោយ​ប្រការ​ណាមួយ…

រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​មានការ​យោគយល់ និង​អធ្យាស្រ័យ​ដល់​បងប្អូន​កម្មករ​-​និយោជិត អ្នក​ផ្តល់​សេវា និង​ម្ចាស់​អាជីវកម្ម ប្រសិនបើ​មាន​ករណី​យឺតយ៉ាវ ឬ​ខ្វះខាត​ដោយ​ប្រការ​ណាមួយ ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​ ។ នេះ​បើ​យោ​តាម​សេចក្តី​អំពាវនាវ និង​ជូន​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី ៨ ខែកញ្ញា ម្សិលមិញ​ ។

ក្នុង​សេចក្ដី​អំពាវនាវ​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ខិត​ជិត​មក​ដល់ បងប្អូន​កម្មករ​-​និយោជិត ម្ចាស់​អាជីវកម្ម និង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ភាគច្រើន នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ដើម្បី​ជួបជុំ​គ្រួសារ និង​ប្រារព្ធ​ពិធី​ផ្សេង​ៗ​តាម​ទំនៀម ទម្លាប់ ប្រពៃណី សាសនា និង​មានការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​រមណីយដ្ឋាន មណ្ឌល​កម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និង​ផ្ទះសំណាក់​នានា ប្រកបដោយ​ភាព​សប្បាយ​រីករាយ ​។

ប៉ុន្តែ​បងប្អូន​កម្មករ​-​និយោជិត​មួយ​ចំនួន ដែល​បម្រើ​ការងារ​នៅ​តាម​រមណីយដ្ឋាន មណ្ឌល​កម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និង​ផ្ទះសំណាក់​នានា នឹង​មាន​ភាព​មមាញឹក​ទ្វេ​ដង ក្នុង​ការ​ផ្តល់​សេវា​ជូន​អតិថិជន និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ។

សេចក្តី​អំពាវនាវ​បញ្ជាក់​ថា​៖ “​ក្នុង​ន័យ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​-​និយោជិត និង​សាធារណជន ដែល​បាន​ឈប់​សម្រាក និង​ធ្វើ​ដំណើរ​កម្សាន្ត ឬ​ទៅ​ទទួល​សេវា​នៅ​តាម​រមណីយដ្ឋាន មណ្ឌល​កម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និង​ផ្ទះសំណាក់​នានា មានការ​យោគយល់​អធ្យាស្រ័យ​ដល់​បងប្អូន​កម្មករ​-​និយោជិត អ្នក​ផ្តល់​សេវា និង​ម្ចាស់​អាជីវកម្ម ប្រសិនបើ​មាន​ករណី​យឺតយ៉ាវ ឬ​ខ្វះខាត​ដោយ​ប្រការ​ណាមួយ​ក្នុងអំឡុងពេល​នេះ​”​។

នៅ​ក្នុង​ឱកាស​នេះ​ដែរ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​ថ្លែងអំណរគុណ និង​សម្តែង​នូវ​ការ​កោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ ចំពោះ​ស្មារតី​មនសិការ​វិជ្ជាជីវៈ​របស់​បងប្អូន​កម្មករ​-​និយោជិត ផ្នែក​សេវា​សារវន្ត​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា​ផ្ទាល់ ខ្លួន​បំពេញ​នូវ​ភារកិច្ច​ជា​សារវន្ត និង​មាន​ចរិត​ជា​សកល​របស់​ខ្លួន​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នា​ឱកាស​នេះ ​។

ទន្ទឹម​នឹង​នេះ ក្នុង​នាម​បងប្អូន​កម្មករ​-​និយោជិត ម្ចាស់​អាជីវកម្ម និង​ប្រជាពលរដ្ឋ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​បុគ្គលិក​សន្តិសុខ​ឯកជន ដែល​បាន​លះបង់​ពេល វេលា​ផ្ទាល់ខ្លួន បំពេញភារកិច្ច​រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម​នៅ​ក្នុងអំឡុងពេល​ឈប់​សម្រាក​នេះ ដើម្បី​ផ្តល់​ឱកាស​ដល់​បងប្អូន​កម្មករ​-​និយោជិត ម្ចាស់​អាជីវកម្ម និង​ប្រជាពលរដ្ឋ អាច​មាន​ពេលវេលា​ជួបជុំ​គ្រួសារ​ដោយ​សប្បាយ​រីករាយ និង​ធ្វើ​ដំណើរ​កម្សាន្ត​ប្រកបដោយ​សុវត្ថិភាព ​។

ជា​ថ្មី​ម្តងទៀត ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​-​និយោជិត ម្ចាស់​អាជីវកម្ម និង​ប្រជាពលរដ្ឋ មេត្តា​ពិនិត្យ បណ្តាញ​អគ្គិសនី ភ្លើងចង្ក្រាន ធូប និង​ទៀន ឱ្យ​បាន​ល្អ​មុន​ពេល​ចាក​ចេញពី​លំនៅ​ដ្ឋា​ន ឬ​បិទទ្វារ​ទីតាំង​អាជីវកម្ម របស់​ខ្លួន​ ៕ អត្ថបទសហការ