រាជធានីភ្នំពេញ ៖ អតីតពលករខ្មែរត្រឡប់មកពីថៃ ២នាក់ ប្ដី-ប្រពន្ធ បានបង្ហាញអារម្មណ៍រីករាយដែលបានទទួលការងារក្នុងស្រុកធ្វើដោយមានប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ ។ អ្នកស្រី សៀ សុខនៅ និងលោក ហូវ សុខហាង ជាអតីតពលករខ្មែរ ធ្វើការងារផ្នែកសំណង់ និងចម្ការនៅប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយសារមានការអំពាវនាវពីថ្នាក់ដឹកនាំ និងដោយសារមានការលំបាកខ្លាំងពេលធ្វើការងារនៅប្រទេសថៃនោះ, ២នាក់ ប្ដី-ប្រពន្ធខាងលើ បានសម្រេចចិត្តត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ។
អ្នកស្រី សៀ សុខនៅ បាននិយាយថា ខ្លួន និងស្វាមី បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ រយៈពេលជាង ១ខែមកហើយ ។ បច្ចុប្បន្នអ្នកស្រី និងស្វាមី កំពុងធ្វើការងារនៅរោងចក្រកាត់ដេរមួយកន្លែង នៅខេត្តកំពង់ស្ពឺ តាមរយៈការជួយសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ អតីតពលករទាំង ២នាក់ ប្ដី-ប្រពន្ធនេះ បានប្រាប់ថា ពួកគាត់មិនធ្លាប់មានជំនាញកាត់ដេរពីមុនមកទេ តែខាងរោងចក្របានបង្ហាត់បង្រៀន ហើយអំឡុងពេលរៀននោះ ពួកគាត់ក៏ទទួលបានប្រាក់ខែដូចគេដូចឯងដែរ ។
លោក ហូវ សុខហាង និយាយថា ពីដំបូងលោក និងភរិយាមានលំបាកខ្លះដែរ តែយូរទៅក៏ទម្លាប់ និងមានអារម្មណ៍ថា ស្រួលជាងធ្វើការងារសំណង់ និងចម្ការទៅទៀត ព្រោះនៅពេលធ្វើសំណង់ និងចម្ការនៅប្រទេសថៃ ប្រឈមនឹងការហាលខ្យល់ហាលភ្លៀង តែធ្វើការងារក្នុងរោងចក្រក្នុងស្រុកគឺនៅក្នុងម្លប់ ។ លោក ហូវ សុខហាង និយាយបែបនេះថា «ខ្ញុំអត់ដែលធ្វើរោងចក្រកាត់ដេរទេ ដល់ពេលខ្ញុំមកអញ្ចឹងក៏ធ្វើបានដូចគេដូចឯងដែរ គេបង្រៀនយើង ហើយយើងបានប្រាក់ខែទៀត មិនមែនយើងរៀនគេអត់គិតលុយឱ្យយើងទេ គេគិត» ។
ចំណែកអ្នកស្រី សៀ សុខនៅ បាននិយាយដែរថា ចំពោះអ្វីដែលរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយអំពីឱកាសការងារច្រើននៅក្នុងប្រទេសនោះ អ្នកស្រី និងស្វាមី ជឿជាក់ ១០០ភាគរយថា ពិតជាមានការងារធ្វើមែន ហើយមកដល់ជាក់ស្ដែងអ្នកស្រី និងស្វាមី បានទទួលការងារធ្វើប្រាកដមែន ។
ក្រោយពេលទទួលបានការងារធ្វើ អ្នកស្រី និងស្វាមី បាននិយាយថា ខ្លួនមានអារម្មណ៍រំភើប និងរីករាយ ដោយបានមកជួបជុំកូននៅស្រុកកំណើត និងទទួលបានការងារល្អ ។ អ្នកស្រី លើកឡើងថា ធ្វើការងារនៅប្រទេសថៃ បានទទួលតែប្រាក់ឈ្នួលប្រចាំថ្ងៃប៉ុណ្ណោះ មិនមានប្រាក់ថ្លៃបាយ ឬអត្ថប្រយោជន៍ផ្សេងៗ ដូចធ្វើការងារនៅក្នុងប្រទេសកម្ពុជា ឡើយ ។
អ្នកស្រី សៀ សុខនៅ និយាយបែបនេះថា «នៅថៃមានតែប្រាក់ប្រចាំថ្ងៃ ប៉ុន្តែប្រាក់ព្យាបាលជំងឺគឺអត់មាន ហើយអត់មានប្រាក់ថ្លៃបាយ ថ្លៃអីទាំងអស់ នៅកម្ពុជាយើងមានប្រាក់ច្រើន មានថ្លៃបាយ ថ្លៃព្រីម…នៅស្រុកយើងការងារស្រួលបង ក្នុងម្លប់ ហើយប្រាក់ខែគឺស្រួល កន្លះខែបើកម្ដង» ។ អ្នកស្រី សៀ សុខនៅ និងស្វាមី បានអំពាវនាវដល់បងប្អូនពលករខ្មែរដែលមិនទាន់ត្រឡប់មកពីប្រទេសថៃវិញ សូមបងប្អូនត្រឡប់មកស្រុកកំណើតវិញមក ព្រោះនៅក្នុងស្រុកយើងមានការងារច្រើន ដោយទទួលបានប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍ជាច្រើនទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ