ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ ក្រសួង​ការងារ​៖ បងប្អូន​ដែល​អត់​ទាន់​មានការ​ងារ​ធ្វើ សូម​ទូរ​ស័ព្ទ​ទៅ​លេខ ១២៩៧

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បន្ដ​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ដែល​បាន​ត្រលប់​មក​ដល់​កម្ពុជា ហើយ​មិន​ទាន់​ទទួល​បានការ​ងារ​ធ្វើ សូម​ឱ្យ​ទាក់ទង​ទៅ​លេខ​ទូរ​សព្ទ ១២៩៧…

រាជធានីភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បន្ដ​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ដែល​បាន​ត្រលប់​មក​ដល់​កម្ពុជា ហើយ​មិន​ទាន់​ទទួល​បានការ​ងារ​ធ្វើ សូម​ឱ្យ​ទាក់ទង​ទៅ​លេខ​ទូរ​សព្ទ ១២៩៧ ដើម្បី​ទទួល​បានការ​ជួយ​សម្របសម្រួល​ពី​ក្រសួង​ការងារ​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​នៅ​តាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ឱកាស​ការងារ​ដែល​មាន​ជា​បន្តបន្ទាប់​ ។

ឯកឧត្តម ស៊ុន មេ​សា មាន​ប្រសាសន៍​ថា​ថា៖ «​ប្រជាជន​កម្ពុជា​ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ សូម​ទូរ​សព្ទ​ទៅ​លេខ ១២៩៧​។ តាម​រយៈ​លេខ​ទូរ​សព្ទ​នេះ ក្រសួង​ការងារ​ប្តេជ្ញា​ជួយ​សម្រួល​ដល់​បងប្អូន ប្រជាពលរដ្ឋ​បាន​ត្រលប់​មក​ពី​ថៃ​ឱ្យ​ឆាប់​ទទួល​បានការ​ងារ​ធ្វើ ហើយ​ក៏​បើកផ្លូវ​ទំនាក់ទំនង​រវាង​អ្នក​ស្វែងរក​ការងារ​ធ្វើ និង​អ្នក​ដែល​ត្រូវការ​បុគ្គលិក​បម្រើ​ការងារ​ផង​ដែរ» ​។​

យោង​តាម​អ្នកនាំពាក្យ​ក្រសួង​ការងារ លេខ​ទូរ​សព្ទ ១២៩៧ ជា​ប្រព័ន្ធ​ទំនាក់ទំនង​ទាន់​ហេតុការណ៍ (Hotline) ២៤​ម៉ោង របស់​ក្រសួង​ការងារ សម្រាប់​ផ្ដល់​ព័ត៌មាន​អំពី​ទីផ្សារ​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ ឯកឧត្តម បន្ថែម​ថា ពលរដ្ឋ​កម្ពុជា​ក៏​អាច​ស្វែងរក​ព័ត៌មាន​អំពី​ឱកាស​ការងារ​ នៅ​តាម​មន្ទីរ​ការងារ​រាជធានី​ខេត្ត សាលា​បណ្តុះបណ្តាល​បច្ចេកទេស វិជ្ជាជីវៈ តាម​បណ្ដា​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស ឬ​តាម​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​រស់នៅ​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា ដើម្បី​ជំរុញ​ការ​យកចិត្តទុកដាក់ និង​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​ថៃ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ណែនាំ​ម្ចាស់​ឬ​នាយក​សហគ្រាស ក្រុមហ៊ុន រោងចក្រ រួម​មាន ​៖
*១៖ ណែនាំ​ដល់​បុគ្គលិក​ដែល​កាន់​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​ជ្រើសរើស​បុគ្គលិក ប្រើប្រាស់​នូវ​ពាក្យ​សម្ដី​ទន់ភ្លន់ និង សមរម្យ​ក្នុង​ការ​ពន្យល់​អំពី​ឱកាស​ការងារ​នៅ​កន្លែង​របស់​ខ្លួន ​។

*២៖ ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​វេទិកា​ការងារ​ដែល​ក្រសួង​ការងារ​បាន​អនុវត្ត​ប្រចាំ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ តទៅ នៅ​តាម​រាជធានី ខេត្ត​ទាំង​២៥​។ ខេត្ត​នីមួយ​ៗ មាន​វេទិកា​ការងារ​យ៉ាងតិច​ចំនួន ២​កន្លែង គឺ​ទី​១. នៅ​សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ទី​២. នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​/​មជ្ឈមណ្ឌល​បណ្តុះបណ្តាល វិជ្ជាជីវៈ នៅ​តាម​ទីរួមខេត្ត​។ នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ៤​កន្លែង គឺ​ទី​១. នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ទី​២. នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC), ទី​៣. នៅ​វិទ្យាស្ថាន​ជាតិ បណ្តុះបណ្តាល​បច្ចេកទេស (NTTI), និង​ទី​៤. នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ (NIB) ​។

*៣៖ សហគ្រាស ក្រុមហ៊ុន រោងចក្រ អាច​ចូលរួម​វេទិកា​ការងារ ឬ​យុទ្ធនាការ​សម្ភាស​ជ្រើសរើស​បុគ្គលិក ដោយ​ផ្ទាល់ ឬ​តាម​រយៈ​ប្រព័ន្ធ Zoom ក្នុង​យុទ្ធនាការ​ជុំ​ទី​៣ របស់​ក្រសួង​ការងារ ដែល​បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ នៅ​តាម​ឃុំ សង្កាត់ ដើម្បី​ចុះ​ឈ្មោះ អ្នក​ស្វែងរក​ការងារ និង​សម្ភាស​ជ្រើសរើស​បុគ្គលិក ដោយ​ក្នុង​មួយ​ថ្ងៃ មាន​វេទិកា​ការងារ​ចន្លោះ​ពី ៨០ ទៅ ១០០ ឃុំ សង្កាត់​។ ទន្ទឹម​នេះ ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​តាម​រយៈ​ប្រព័ន្ធ Hotline លេខ ១២៩៧ និង QR Code (​ស្វែងរក​ការងារ​-MLVT) ក៏​នៅ​រក្សា​ផង​ដែរ​ ។

*៤៖ ផ្តល់​ការ​ណែនាំ និង​តម្រង់​ទិស​ការងារ ដោយ​យកចិត្តទុកដាក់​បំផុត​នៅ​ថ្ងៃ​ចូល​ធ្វើការ ៣​ថ្ងៃ​ដំបូង និង​សូម​សម្រួល ឱ្យ​មានការ​បើកប្រាក់​ឈ្នួល​ដោយ​ផ្ទាល់​ដៃ ឬ​តាម​មធ្យោបាយ​បណ្តោះអាសន្ន​ណាមួយ ជូន​បងប្អូន​ពលករ​ខ្មែរ ដែល​ពុំ​ទាន់​អាច​បើក​គណនី​ធនាគារ​បាន ​។

*៥៖ សហការ​ផ្តល់​ព័ត៌មាន​អំពី​តម្រូវការ​កម្លាំង​ពលកម្ម មក​ក្រសួង​រៀង​រាល់ ២​ស​ប្តា​ហ៍ម្ត​ង តាម​រយៈ​ប្រព័ន្ធ​គ្រប់គ្រង ទិន្នន័យ​រួម​ពាក់ព័ន្ធ​វិស័យ​ការងារ (LACMS) ដែល​មាន​តំណ​ភ្ជាប់ https://lacms.mlvt.gov.kh ឬ​តាម​រយៈ​ប្រព័ន្ធ Hotline លេខ ១២៩៧ ឬ​ស្ទែ​ន QR Code (​ជំនួយការ​ឌី​ជី​ថ​ល​-MLVT) ៕ អត្ថបទសហការ