ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ រំលឹក​ពី​ទិដ្ឋភាព ​និង​រូបភាពទទួល​ស្វាគមន៍​ពលករ​យ៉ាង​កក់ក្តៅ​នៅ​ច្រកព្រំដែន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រំលឹក​អំពី​ទិដ្ឋភាព និង​រូបភាព​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រំលឹក​អំពី​ទិដ្ឋភាព និង​រូបភាព​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ នៅ​តាម​បណ្តា​ច្រកព្រំដែន​ចំពោះ​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ដល់​ទឹកដី​កំណើត​វិញ​ជា​លើក​ដំបូង បន្ទាប់​ពី​នៅ​ថៃ​មានការ​បារម្ភ​ដល់​ការ​ធ្វើទុក្ខបុកម្និញ​ពី​ក្រុម​ជាតិ​ជ្រុលនិយម​ថៃ​ ។

ការ​រំលឹក​របស់​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ផ្សព្វផ្សាយ​អំពី​យន្តការ​គាំទ្រ​ដល់​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ជូន​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​ ២២ ខែសីហា ឆ្នាំ​២០២៥ នៅ​សាល​ប្រជុំ​ខេត្តព្រៃវែង នៃ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ ។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ហេង សួរ បាន​លើក​ឡើង​ថា អនុវត្តន៍​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជាស​ម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន បាន​រួម​សហការ​គ្នា​ល្អ​ក្នុង​ការ​រៀបចំ​មណ្ឌល​សំចត និង​កន្លែង​ទទួល​ពលករ​ចំនួន ៦​កន្លែង​ដើម្បី​រង់ចាំ​ទទួល​ស្វាគមន៍​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​។ ដោយឡែក សមត្ថកិច្ច​នៅ​តាម​ច្រកព្រំដែន​បាន​សម្រួល​មិន​ទាមទារ​ឯកសារ ឬ​មួយ​ការ​បំពេញបែបបទ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​និង​ពលករ​វិល​ត្រឡប់​មក​វិញ​នោះ​ទេ​។

ឯកឧត្តម​បញ្ជាក់​ថា នៅ​មណ្ឌល​សំចត​ទាំង​៦ មាន​មន្ត្រី​ក្រសួង​ការងារ​រង់ចាំ​ទទួល​ស្វាគមន៍ និង​ផ្តល់​ព័ត៌មាន​ការងារ ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ប្រាប់​ពី​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​។ ជាមួយ​គ្នា​នោះ ក៏​មាន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​យុវជន​ស្ម័គ្រចិត្ត បាន​ចូលរួម​ចំណែក​នៅ​ទីនោះ​ដើម្បី​សម្រប​សម្រួលការ​ហូរ​ចូល​មក​វិញ​នៃ​បងប្អូន​ពលករ ជួយ​លើកដាក់​ឥ​វ៉ា​ន់ ផ្តល់​ជូន​ទឹក​សុទ្ធ ផ្តល់​បញ្ជី​ឈ្មោះ​រោងចក្រ ផ្តល់​រថយន្ត​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ដោយ​មិន​គិតថ្លៃ ក៏​ដូច​ជា​មានការ​ឆុង​មី​ជូន​ផង​ដែរ​។

ឯកឧត្តម​ថ្លែង​ថា​៖«​ឥឡូវនេះ នៅ​ពេល​ដែល​យើង​ធ្វើការ​អ​ង្គេ​ត​មើលទៅ​ទាំង​អង្គការ IOM ឬ​ក៏​អង្គការ​ផ្សេង​ៗ​ទៀត​ដែល​ពាក់ព័ន្ធ នៅ​ពេល​ដែល​គាត់​បាន​សួរ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ដែល​គាត់​ត្រឡប់​មក​វិញ​នេះ គាត់​បាន​កោតសរសើរ ហើយ​គាត់​ពេញចិត្ត​ចំពោះ​កា​រស​ម្រួ​ប​សម្រួល​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទទួល​ស្វាគមន៍​គាត់​នៅ​តាម​ច្រក​»​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​ផ្ទុះអាវុធ និង​ការ​បិទ​ព្រំដែន​ដោយ​ឯកតោភាគី​របស់​ថៃ រាជរដ្ឋាភិបាល​បាន​ប្រមើល​ឃើញ​ថា កំសួល​នៃ​ក្រុម​ជាតិ​ជ្រុលនិយម​ថៃ​នឹង​បង្កើន​ការ​ធ្វើ​ទុក​បុក​ម្និញ​លើ​ពលករ​កម្ពុជា ហេតុនេះ សម្តេច​តេ​ជោ ក៏​ដូច​ជាស​ម្តេច​ធិ​បតី បាន​ផ្តល់​ជា​អនុសាសន៍​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ត្រៀមខ្លួន​ចូល​ទៅ​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​អំពាវនាវ​ដល់​បងប្អូន​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ បើសិនជា​ខ្លួន​យល់​ថា មានការ​រើសអើង យាយី ធ្វើទុក្ខបុកម្និញ​ចំពោះ​សុខ​សុវត្ថិភាព​បងប្អូន​។ គិត​មក​ដល់​ពេល​នេះ បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ មាន​ចំនួន​សរុប​ប្រមាណ​ជាង ​៩០​ម៉ឺន​នាក់ ​៕ អត្ថបទសហការ