រាជធានីភ្នំពេញ ៖ ក្នុងស្មារតីស្នេហាជាតិ ធនាគារ ឌីជីប៊ី បានបង្កើតមូលនិធិសម្រាប់ជួយដល់ជនភៀសសឹកដែលកំពុងជួបទុក្ខលំបាក ខណៈពេលមានភាពតានតឹងនៅតំបន់ព្រំដែនរវាងកម្ពុជា-ថៃ ។ បន្ថែមពីលើមូលនិធិនេះ ថ្នាក់ដឹកនាំរបស់ ធនាគារ ឌីជីប៊ី ក៏បានឧបត្ថមបន្ថែមពីលើមូលនិធិនេះផងដែរ ដែលមានទឹកប្រាក់សរុបរហូតដល់ 40,000,000 រៀល ។
នៅថ្ងៃទី 20 ខែសីហា ឆ្នាំ 2025 ធនាគារ ឌីជីប៊ី បាននាំយកមូលនិធិដែលមានថិវិកាសរុប 40,000,000 រៀល នេះទៅបរិច្ចាគដល់កាកបាទក្រហមកម្ពុជា ។ ពិធីប្រគល់ប្រាក់ឧបត្ថមនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលរបស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ឌីជីប៊ី ។
ថ្វីត្បិតតែសង្គ្រាមបានបញ្ឈប់មែន ប៉ុន្តែជនភៀសសឹកជាច្រើនមិនទាន់អាចត្រលប់ទៅគេហដ្ឋានវិញនៅឡើយទេ ។ ពួកគាត់ត្រូវបន្តស្នាក់នៅជំរំភៀសសឹក ហេតុនេះហើយពួកគាត់នៅតែមានតម្រូវការសម្រាប់សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាអាហារផងដែរ ។ ដោយសង្កេតឃើញចំណុចនេះ ថ្នាក់ដឹកនាំ ធនាគារ ឌីជីប៊ី ក៏បានបង្កើតមូលនិធិនេះឡើង ដើម្បីជួយដល់បងប្អូនជនភៀសសឹកដែលកំពុងជួបទុក្ខលំបាកខ្លាំង ។
ការចូលរួមដ៏សកម្មនេះ បង្ហាញពីការប្តេជ្ញារបស់ ធនាគារ ឌីជីប៊ី ក្នុងការទទួលខុសត្រូវសង្គម និងឈរជាប់ខ្លួនជាមួយប្រជាពលរដ្ឋកម្ពុជា នៅគ្រប់ពេលវេលា ។ ការឧបត្ថម្ភនេះក៏ជាការលើកទឹកចិត្តដ៏សំខាន់ដល់ជនភៀសសឹកឱ្យមានកម្លាំងចិត្តបន្តឆ្លងផុតពីស្ថានភាពលំបាក និងសង្ឃឹមថា នឹងអាចត្រលប់ទៅជីវិតប្រក្រតីវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
បន្ថែមពីការឧបត្ថម នេះថ្នាក់ដឹកនាំ ធនាគារ ឌីជីប៊ី ក៏មានចក្ខុវិស័យក្នុងការជួយគាំពារសង្គមបន្ថែមដោយសម្រេចបង្កើនការផ្ដល់ជូនពិសេសសម្រាប់អាជីវករខ្មែរគ្រប់រូបក្នុងការបង្កើន និងពង្រីកមុខរបរសម្រាប់ផលិត និងចែកចាយក្នុងស្រុក ។ ការផ្ដល់ជូនរួមមានការបញ្ចុះតម្លៃ 1% លើអត្រាការប្រាក់សម្រាប់ឥណទានជាប្រាក់រៀល រយៈពេលកម្ចីវែង មិនគិតកម្រៃសេវាឥណទាន និងមិនគិតកម្រៃសេវារត់ការដាក់បញ្ចាំ ។ ធនាគារ ឌីជីប៊ីជឿជាក់ថា ការផ្ដល់ជូននេះនឹងដើរតួរយ៉ាងសំខាន់ក្នុងជួយសម្រួលដល់បងប្អូនអាជីវករខ្មែរក្នុងការទទួលយកឥណទានសម្រាប់មុខរបររបស់ពួកគាត់ ។
អំពីធនាគារ ឌីជីប៊ី
ធនាគារ ឌីជីប៊ី ជាធនាគារពាណិជ្ជ ដែលមានកម្មសិទ្ធិកាន់កា.ប់ភាគហ៊ុន 100% នៃធនាគារ អាយអឹម (iM) ហើយជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុ អាយអឹម និងដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ។ ធនាគារ ឌីជីប៊ី បើកដំណើរការដំបូងក្នុងប្រទេសកម្ពុជា ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានឈ្មោះថា Cam Capital Co, Ltd ហើយនៅក្នុង ឆ្នាំ 2020 ធនាគារ បានទទួលអាជ្ញាប័ណ្ណ ជាធនាគារពាណិជ្ជ ពីធនាគាជាតិនៃកម្ពុជា (NBC) ដែលមានឈ្មោះជាផ្លូវការថាធនាគារ ឌីជីប៊ី ភីអិលស៊ី ។ ធនាគារ បាននិងកំពុងបន្តផ្ដល់ជូននូវសេវាធនាគារ យ៉ាងពេញលេញដល់អតិថិជនដូចជា ៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត (DGB Mobile) អេធីអឹម បណ្ណឥណពន្ធ សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ក្នុងប្រទេស សេវាទទួល ឬ ផ្ទេរប្រាក់ក្រៅប្រទេស SWIFT សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតជាច្រើន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ