រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគោលបំណងនៃបេសកកម្មប្រចាំឆ្នាំ ២០២៥ នាថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ។
ក្នុងជំនួបនេះ លោកជំទាវ បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយរំលេចពីការសម្រេចបានកំណើនល្អក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ ២០២៥ និងបានគូសបញ្ជាក់ពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា ។ បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីការទទួលបានការកាត់បន្ថយអត្រាពន្ធគយបដិការមកត្រឹម ១៩% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលនឹងបន្តរួមចំណែករក្សាភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត ។
ទន្ទឹមនេះ លោកជំទាវក៏បានមានប្រសាសន៍ពីបញ្ហាប្រឈមចម្បងៗ ជាពិសេសបញ្ហាជម្លោះព្រំដែន ដោយបានរំលេចពីអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធី។ លើសពីនេះ លោកជំទាវក៏បានបញ្ជាក់ពីស្នាដៃការងារសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទោះបីជាប្រឈមនឹងបញ្ហា និងភាពមិនច្បាស់លាស់មួយចំនួនក្តី ។
នាឱកាសនេះដែរ លោក Kenichiro បានជម្រាបជូនលោកជំទាវ ពីគោលបំណងរបស់ក្រុមការងារដែលមកបំពេញបេសកកម្មដើម្បីសិក្សា និងវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សំដៅលើកឡើងនូវអនុសាសន៍គោលនយោបាយសេដ្ឋកិច្ចចម្បងៗសម្រាប់គាំទ្រការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ក្រុមបេសកកម្មនេះនឹងបន្តជួបក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀតដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ។
គួររំលេចថា បន្ទាប់ពីបានជួបសម្តែងការគួរសមជាមួយលោកជំទាវ ក្រុមបេសកកម្មក៏បានជួបពិភាក្សាថ្នាក់បច្ចេកទេសជាមួយថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា ទៅលើស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបញ្ហាប្រឈមនានាផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ