ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី​ ៤ (២០២៥-២០២៦) បើក​កិច្ចប្រជុំ ដើម្បី​សម្រេចលទ្ធផល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ឱ្យ​បាន​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​ ២០ ខែសីហា ឆ្នាំ​ ២០២៥ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា…

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​ ២០ ខែសីហា ឆ្នាំ​ ២០២៥ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ ​និង​កាបូប សម្រាប់​ឆ្នាំ ​២០២៦ នៅ​ទីស្ដីការក្រសួង ដោយ​បាន​ស​ម្រ​ច​ទៅ​លើ​ចំណុច​មួយ​ចំនួន ​។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បានឱ្យ​ដឹង​ថា ​៖ «​ជា​រៀង​រាល់​ឆ្នាំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា តែង​តែបើ​កិច្ចប្រជុំ ដើម្បី​ឱ្យ​ភាគី​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប និង​និ​យោ​ជិ​ក ពិភាក្សា​និង​ចរចា ដោយ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​បន្ទាប់ (២០២៦) ក្រោម​ការ​សម្របសម្រួល របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​តំណាង​ឱ្យ​ភាគី​រដ្ឋាភិបាល​» ​។

នៅ​ក្នុង​កិច្ចប្រជុំ​ជា​លើក​ដំបូង​នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន​បន្ត​ថា សម្រាប់​ឆ្នាំ​ ២០២៦ មានការ​ចូលរួម ពី​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា សរុប​ចំនួន ៥១​រូប ដែល​មាន​សមាសភាព​ស្មើ​ៗ​គ្នា​។ បន្ទាប់​ពី​សមាសភាព​យន្តការ​ត្រីភាគី​នេះ បាន​ពិភាក្សា​និង​លើក​មតិយោបល់ ​យ៉ាង​ផុលផុស អង្គប្រជុំ​បាន​អនុម័ត សម្រេច​បាន​លទ្ធផល​ដូច​ខាងក្រោម ​៖
ទី ​១- បាន​ប្រកាស​ជា​ផ្លូវការ​សមាសភាព​សមាជិក និង​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​អាណត្តិ​ទី ​៤ (២០២៥-២០២៦) គឺ ​៖

  • លោក គឹ​ម ចាន់​សំណាង ជា​អនុប្រធាន តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត
  • ឧកញ៉ា​បណ្ឌិត ណា​ង សុធី ជា​អនុប្រធាន តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក ​។
    ទី​ ២- ឯកភាព​លើ​ទិន្នន័យ និង​ស្ថិតិ​សំខាន់​ៗ នៃលក្ខណ​វិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច ទាំង​៧ សម្រាប់ ភាគី​ពាក់ព័ន្ធ​ធ្វើ​ជា​មូលដ្ឋាន​ប្រើប្រាស់​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​ ២០២៦​ ។
    ទី​ ៣- ភាគី​នីមួយ​ៗ ឯកភាព​ប្រើប្រាស់​ស្ថិតិ និង​ព័ត៌មាន ដែល​មាននៅ​ក្នុង​បទ​បង្ហាញ​នេះ ទៅ​ពិភាក្សា​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ខ្លួន ដើម្បី​បាន​នូវ​គោល​ជំហរ​រួម នៅ​ពេល​កិច្ចប្រជុំ​បន្ទាប់​។
    ទី ​៤- កិច្ចប្រជុំ​នឹង​រៀបចំ ៤​លើក​បន្ថែម​ទៀត រួម​មាន ​៖
  • លើក​ទី ​២ ៖ ថ្ងៃ​ពុធ ទី ​៣ ខែកញ្ញា ឆ្នាំ ​២០២៥,
  • លើក​ទី ​៣ ៖​ ថ្ងៃ​ពុធ ទី ​១០ ខែកញ្ញា ឆ្នាំ ​២០២៥
  • លើក​ទី ​៤ ៖ ថ្ងៃ​ចន្ទ ទី​ ១៥ ខែកញ្ញា ឆ្នាំ​ ២០២៥
  • និង​លើក​ចុង​ក្រោយ ថ្ងៃ​ទី​ ១៩ ខែកញ្ញា ឆ្នាំ​ ២០២៥​ ។

បន្ទាប់​ពី​ការ​សម្រេច​នូវ​ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ ឯកឧត្តម ហេង សួរ បន្ត​ថា ៖ «អង្គប្រជុំ​ក៏​បាន​បន្ត ទៅ​ដល់​ការ​ធ្វើ​បទ​បង្ហាញ​របស់​ក្រុមប្រឹក្សា​ជាតិ ប្រាក់​ឈ្នួល​អប្បបរមា ដែល​បាន​ធ្វើការ​អង្កេត និង​បាន​រៀបចំ​ចង.ក្រង​នា​ពេល​កន្លង​មក ដើម្បី​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ យល់​អំពី​ស្ថានភាព​សាកល យល់​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ ដែល​ជាទី​ផ្សារ​នាំ​ចេញ​របស់​យើង ដឹង​អំពី​កំណើន​នៃ​ការ​នាំ​ចេញ​នៅ​ក្នុង​ផ្នែក​នីមួយ​ៗ ទៅ​កាន់​ទីផ្សារ​នីមួយ​ៗ ក៏​ដួច​ជា​ការ​ធ្វើ​បច្ចុប្បន្ន​នៃ​ទីផ្សារ បច្ចុប្បន្នភាព​នៃ​ការ​ចំណាយ បច្ចុប្បន្នភាព​នៃ​ការ​រស់នៅ បច្ចុប្បន្នភាព​នៃ​អត្រា​ចំណេញ ដែល​មាននៅ​ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់ និងផលិត​ស្បែកជើង» ​។

ឯកឧត្តម ហេង សួរ បាន​គូសបញ្ជាក់​ផង​ដែរ កិច្ចប្រជុំ​នឹង​ធ្វើ​យ៉ាង​សម្រេច​លទ្ធផល​ឱ្យ​បាន​មុន​ពិធី​ភ្ជុំបិណ្ឌ​មក​ដល់ ដើម្បី​ផ្តល់​ដំណឹង​ជូន​កម្មករនិយោជិត មុន​ពេល​ឈប់​សំរាក ​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ថា​តើ​យើង​អាច​ឡើង ឬ​មិន​ឡើង ឬ​យ៉ាង​ម៉េច ដូចនេះ​នឹង​សម្រេច​លទ្ធផល​ឱ្យ​មុន​ភ្ជុំបិណ្ឌ​ ៕ អត្ថបទ​សហការ