ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការងារ អំពាវនាវ​ឱ្យ​ក្រុម​រកលុយ​តាម​បណ្តាញ​សង្គម (MMO) កុំ​បំប៉ោង​បញ្ហា​អត់​ការងារ​ធ្វើ​ដើម្បី​ឆ្នាំងបាយ​របស់​ខ្លួន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ ​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ជា​ច្រើន ដើម្បី​សម្របសម្រួល​ដល់​ការ​រក​ការងារ​ធ្វើ​របស់​ពួក​គាត់​ ។ ជាមួយ​គ្នា​នោះ…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ ​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ជា​ច្រើន ដើម្បី​សម្របសម្រួល​ដល់​ការ​រក​ការងារ​ធ្វើ​របស់​ពួក​គាត់​ ។ ជាមួយ​គ្នា​នោះ ក្រសួង​ការងារ​ក៏​សង្កេត​ឃើញ​ដែរ​ថា មាន​ក្រុម​រក​លុយ​តាម​បណ្តាញ​សង្គម (MMO) ឆ្លៀតឱកាស​មួយ​ចំនួនបាន​យក​វី​ដេ​អូ ប្រជាជន​ខ្មែរ​មិន​ទាន់​មានការ​ងារ​ធ្វើទៅ​ផ្សព្វផ្សាយ ដើម្បី​បាន​ឡា​ច និង​បាន​ល្បី​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ​៖ “​នេះ​មិនមែន​ជា​ពេល​ដែល​ត្រូវ​ប្រើប្រាស់​ការ​មិន​មានការ​ងារ​ធ្វើ​ ដើម្បី​ផ្សព្វផ្សាយ​យក​ឡា​ច និង​យក​ល្បី​នោះ​ទេ ព្រោះ​ក្រសួង​ការងារ​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ដើម្បី​រក​ការងារ​ជូន​បងប្អូន​ពលករ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ថៃ​”​ ។

បន្ថែម​ពី​នេះ អ្នកនាំពាក្យ​រូប​នេះ បាន​គូសបញ្ជាក់​ថា ​៖ “​ដើម្បី​ជួយ​ពលករ ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ថៃ ក្រសួង​ការងារ​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ជា​ច្រើន ដូច​ជា​ការ​ចាំ​ទទួល​ពលករ និង​ណែនាំ​ពី​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​តាម​មណ្ឌល​សំចត និង​កន្លែង​ទទួល​ពលករ ការ​ធ្វើ​វេទិកា​ការងារ​ចុះ​តាម​ភូមិ​ស្រុក ដោយ​នាំ​យក​ទាំង​ឱកាស​ការងារ និង​តំណាង​រោងចក្រ​សហគ្រាស ទៅ​ជាមួយ​ផង ក្រៅពី​នេះ​ក្រសួង​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ដើម្បី​ណែនាំ​ដល់​ម្ចាស់​សហគ្រាស រោងចក្រ ដើម្បី​សម្រួល​ដល់​ការ​ចូល​ធ្វើ​ការងារ​របស់​បងប្អូន​ពលករ និង​ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ថៃ​”​ ។

ក្រសួង​ការងារ​សូម​អំពាវនាវ​ឱ្យ​ក្រុម​រក​លុយ​តាម​បណ្តាញ​សង្គម (MMO) បញ្ឈប់​នូវ​ការ​កេង​ចំណេញ​ផលប្រយោជន៍​របស់​ខ្លួន​តាម​រយៈ​ការ​ផ្សព្វផ្សាយ​វី​ដេ​អូ​ពលរដ្ឋ​អត់​ការងារ​ធ្វើ​ជា​បន្ទាន់ និង​សូម​ស្នើ​ដល់​ក្រុម MMO សូម​ចូលរួម​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ជាង ២១​ម៉ឺន​កន្លែង​ដែល​ក្រសួង​ការងារ ក៏​ដូច​ជា ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ (NEA) បាន​រៀបចំ​សម្រាប់​ទទួល​ពលករ​ខ្មែរ ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​៕ អត្ថបទសហការ