ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធានការ​សំខាន់​ៗ ១១​ចំណុច ដែល​ក្រសួង​ការងារ​បាន​ដាក់​ចេញ ​ក្នុង​ការ​ជួយ​ពលករ​ខ្មែរ ​ដែលត្រឡប់​មក​ពី​ប្រទេស​ថៃ ​ឱ្យ​មានការ​ងារ​ធ្វើ

2 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ ខណៈ​ពេល​ដែល​ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​ ប្រមាណ​ជាង ៩២​ម៉ឺន​នាក់ តើ​ក្រសួង​ការងារ​ បាន​ដាក់​ចេញ​វិធានការ​អ្វីខ្លះ ​ដើម្បី​ជួយ​ពលករ? ចាប់តាំងពី​ពលករ​ខ្មែរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ក្រសួង​ការងារ​បាន​ដាក់​ចេញ​វិធានការ​សំខាន់​ៗ​ចំនួន…

​រាជធានីភ្នំពេញ​ ៖ ខណៈ​ពេល​ដែល​ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​ ប្រមាណ​ជាង ៩២​ម៉ឺន​នាក់ តើ​ក្រសួង​ការងារ​ បាន​ដាក់​ចេញ​វិធានការ​អ្វីខ្លះ ​ដើម្បី​ជួយ​ពលករ?

ចាប់តាំងពី​ពលករ​ខ្មែរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ក្រសួង​ការងារ​បាន​ដាក់​ចេញ​វិធានការ​សំខាន់​ៗ​ចំនួន ១១ ដែល​ក្នុង​នោះ ​រួម​មាន​៖
១. ការ​ដាក់​ចេញ​នូវ​សេចក្តីជូនដំណឹង ស្តី​ពី​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ។
២. ការ​ដាក់​ពង្រាយ​នូវ​មណ្ឌល​សំចត និង​កន្លែង​ទទួល​ពលករ​នៅ​តាម​ច្រក​អន្តរជាតិ​កម្ពុជា​-​ថៃ​ទាំង ៦​ច្រក ។
៣. ការ​ដាក់​ចេញ​នូវ​វេទិកា​ការងារ​ តាម​ភូមិ​-​ស្រុក ជុំ​ទី​១ និង​ជុំ​ទី​២ ។
៤. សេចក្តី​អំពាវនាវ​អំពី​ការ​ទប់ស្កាត់​ការ​រើសអើង និង​ការ​ប្រើ​ហិ.ង្សា​លើ​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ។
៥. លិខិត​ចំហ​ជូន​ម្ចាស់​ម៉ាក អ្នកបញ្ជា​ទិញ​ដែល​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ និង​អ្នក​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ថៃ អំពី​ការ​កើនឡើង​នូវ​អំពើ​ហិ.ង្សា មក​លើ​ពលករ​ទេសន្តរប្រវេសន៍​នៅ​ប្រទេស​ថៃ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ជ្រុលនិយម​ថៃ ។
៦. សេចក្តីជូនដំណឹង​ស្តី​ពី​អំពើ​ល្មើសច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​ទទួល​បានការ​ងារ​ធ្វើ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។
៧. សេចក្តីជូនដំណឹង ស្តី​ពី​ការ​លើកលែង​លក្ខខណ្ឌ​តម្រូវ​ឱ្យ​ភ្ជាប់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក្នុង​ការ​ដាក់​ពាក្យ​ធ្វើការ​ចំពោះ​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ។
៨. សេចក្តីណែនាំ ស្តី​ពី​ការ​សហការ​ផ្ដល់​ព័ត៌មាន​ឱកាស​ការងារ ជូន​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ ។

៩. ប្រជុំ​ពិភាក្សា​ជាមួយ​ក្រសួងមហាផ្ទៃ​អំពី​ការ​ផ្សព្វផ្សាយ​ឱកាស​ការងារ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ។
១០. វេទិកា​ជាមួយ​សហជីព និង​ប្រតិភូ​បុគ្គលិក​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱកាស​ការងារ​ជូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ ។
១១. យុទ្ធនាការ​ជំរុញ​ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ជូន​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដោយ​ស​.​ស​.​យ​.​ក​. ជា​ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

វិធានការ​ទាំងនេះ​ បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​ក្រសួង​ការងារ ក្នុង​ការ​ជួយ​រក​ការងារ​ធ្វើ និង​ផ្តល់​កិច្ច​គាំពារ​ផ្សេង​ៗ​ ដល់​ប្រជាជន​ខ្មែរ ជា​ពិសេស​ពលករ​ខ្មែរ​ ដែល​បាន​ត្រឡប់​មក​កម្ពុជា​វិញ ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា វិធានការ​ទាំងអស់​នេះ បង្ហាញ​យ៉ាង​ជាក់ច្បាស់​អំពី​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រសួង​ការងារ​ ។

អ្នកនាំពាក្យ​រូប​នេះ​បាន​គូសបញ្ជាក់​ថា​៖ «​ការ​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន​នេះ គឺ​បាន​បង្ហាញ​ពី​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រសួង​ការងារ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ធ្វើ​យ៉ាងណា​ជួយ​ពលករ​ដែល​មក​ពី​ថៃ​រក​ការងារ​ធ្វើ​ឱ្យ​បាន​» ​។

ឯកឧត្តម បាន​បន្ថែម​ថា ក្រោយ​ពី​បាន​ដាក់​ចេញ​នូវ​វិធានការ​ ជា​បន្តបន្ទាប់​ក្នុង​ការ​ជួយ​ពលករ​ខ្មែរ ក្រសួង​ការងារ​បាន​និង​កំពុង​ដាក់​ចេញ និង​អនុវត្ត​វិធានការ​សំខាន់​ៗ ​បន្ថែម​មួយ​ចំនួន​ទៀត​ផង​ដែរ ​។

អ្នកនាំពាក្យ ថ្លែង​ថា​៖ «ក្រសួង​ការងារ​បាន​និង​កំពុង​បំពេញ​វិធានការ​សំខាន់​ៗ ៣​បន្ថែម​ទៀត ដូច​ជា ការ​បើក​វេទិកា​ការងារ​ប្រចាំ​ថ្ងៃ​នៅ​តាម​បណ្តា​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ទីស្នាក់ការ​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​តាម​បណ្តា​ខេត្ត​ក្រុង ការ​ចុះ​វេទិកា​ការងារ​ជុំ​ទី​៣ និង​ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ធ្វើ​តាម​លេខ Hotline 1297»​ ។

គិត​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ ប្រមាណ ៩២​ម៉ឺន​នាក់ ​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ ក្នុង​នោះ​មាន​ក្មេង ៥​ម៉ឺន​នាក់ និង​អ្នកមាន​អាយុ ៤៥​ឆ្នាំ​ឡើង​ចំនួន ២៥​ម៉ឺន​នាក់ ​។ តាម​រយៈ​យុទ្ធនាការ​របស់​ក្រសួង​ការងារ មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ ​បាន​ទទួល​បាន​នូវ​ឱកាស​ការងារ​ជា​បន្តបន្ទាប់ ​។

យ៉ាងណា​ក៏​ដោយ ក្រសួង​ការងារ ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល ​បាន​ប្តេជ្ញា​ចិត្ត​ខ្ពង់​ក្នុង​ការ​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស ​ពលករ​ដែល​បាន​វិញ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ និង​សូម​ស្នើ​ ដល់​ប្រជាពលរដ្ឋ​ចូលរួម​ផ្សព្វផ្សាយ​លេខ ១២៩៧ ឬ​ជួយ​ចុះ​ឈ្មោះ​ចូល​ធ្វើការ ​ជូន​បងប្អូនពលករ ឬ​ប្រជាជន​ខ្មែរ​ ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ​ តាម​រយៈ​តេ​ឡេ​ក្រាម​របស់​ក្រសួង ​៕ អត្ថបទសហការ