ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: បន្ត​ពង្រឹង​យន្តការ​គាំទ្រ​ ដល់​ពលករ​ខ្មែរ ​ដែល​ត្រឡប់​មក​កម្ពុជា​វិញ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម សន្តិ​បណ្ឌិត ម៉ៅ…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្តី​ពី យន្តការ​គាំទ្រ​ដល់​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ ​។

ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង ​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ​ដល់​ក្រសួងមហាផ្ទៃ រដ្ឋបាល​រាជធានី​ខេត្ត និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ក្នុង​ការ​សម្រួល​ដល់​ការ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​វិញ និង​ការ​ជួយ​ដោះស្រាយ​ការងារ​ជូន​ពួក​គាត់ ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​បទ​បង្ហាញ​ ជូន​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ជា​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​នៅ​ខេត្តព្រៃវែង និង​ខេត្តបាត់ដំបង ដោយ​រំលេច​អំពី ការ​ទទួល​ស្វាគមន៍​ពលករ​ខ្មែរ ​តាម​ច្រកព្រំដែន​កម្ពុជា ថៃ ស្ថានភាព​នៃ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ ការ​គាំពារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​ប្រៀបធៀប​អត្ថប្រយោជន៍ ​នៃ​ការ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ​។

ជាមួយ​គ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ Hotline 1297 និង​ជំរុញ​ឱ្យ​មានការ​ណែនាំ​ដល់​បងប្អូន​ពលករ​ ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ធ្វើ ដើម្បី​ភាព​ងាយស្រួល និង​ចំណេញ​ពេល​ជាង​ធ្វើ​ដំណើរ​ស្វែងរក​ការងារ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​។ ទន្ទឹម​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​មានការ​រំលេច​ពី​តម្លៃសង្គម និង​មនោសញ្ចេតនា​ល្អ​ក្នុង​ការ​ធ្វើ​ការងារ​ក្នុងស្រុក និង​ប្រឈម​ការ​រើសអើង​ពេល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ព្រមទាំង​បង្ហាញ​តម្រូវការ​កម្លាំង​ពលកម្ម​ ដែល​ជា​កត្តា​សំខាន់ ​ក្នុង​ការ​ជួយ​លើកកម្ពស់​ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​។

ឯកឧត្តម សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា ក្នុង​នាម​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​និង​វាយតម្លៃ​ខ្ពស់ ​ចំពោះ​ចំណាត់ការ​និង​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ដែល​បាន​ចូលរួម​ដោះស្រាយ ​បាន​ទាន់​ពេលវេលា​នូវ ការ​ផ្សព្វផ្សាយ​ឱកាស​ការងារ​ជូន​ ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក ​ពី​ប្រទេស​ថៃ​យ៉ាង​គំហុក ហើយ​បាន​ផ្តល់​នូវ​កិច្ចសហការ​យ៉ាង​ល្អ ជា​មួយ​ក្រសួងមហាផ្ទៃ រដ្ឋបាល​រាជធានី ខេត្ត និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ។

ក្រសួងមហាផ្ទៃ នឹង​បន្ត​ពង្រឹង​យន្តការ និង​នីតិវិធី​ក្នុង​ការ​ស្វែងរក​ឱកាស​ការងារ​ជូន ​ដល់​ពលករ​កម្ពុជា​រាប់​ម៉ឺន​នាក់ និង​ជា​មូលដ្ឋាន​មួយ​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ អាច​យក​ទៅ​ពិគ្រោះ​យោបល់​ ជាមួយ​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​ចាត់ចែង ​ណែនាំ​ដល់ ពលករ​ខ្មែរ​ឱ្យ​មាន​លទ្ធភាព​ ក្នុង​ការ​ស្វែងរក​មុខរបរ​ នៅ​ក្នុង​ប្រទេស​ល្អ​ជាង ​ការ​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ ៕ អត្ថបទសហការ