ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ បើក​សិក្ខាសាលា​ត្រីភាគី​ត្រៀមថ្នាក់​ជាតិ សម្រាប់​វេទិកា​អាស៊ាន​ស្តី​ពី​ទេសន្តរប្រវេសន៍​ការងារ​លើក​ទី​ ១៨

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រហស្បតិ៍ ទី ​២១ ខែសីហា ឆ្នាំ​ ២០២៥…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រហស្បតិ៍ ទី ​២១ ខែសីហា ឆ្នាំ​ ២០២៥ បាន​បើក​សិក្ខាសាលា​ត្រីភាគី​ត្រៀម​ថ្នាក់​ជាតិ សម្រាប់​វេទិកា​អាស៊ាន​ស្តី​ពី​ទេសន្តរប្រវេសន៍​ការងារ​លើក​ទី​ ១៨ (18th AFML) ក្រោម​ប្រធានបទ “​ការ​ព​ន្លឿ​ន​សកម្មភាព​ឆ្ពោះទៅ​រក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ស្តី​ពី​ការ​ធ្វើ​ទេសន្តរប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព និង​ការងារ​សមរម្យ​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​ក្នុង​តំបន់​អាស៊ាន​”​ ។ កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ កាំ​បូ​ឌី​យ៉ា​ណា ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ូ វុ​ឌ្ឍី រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។

សិក្ខាសាលា​ដែល​ជា​កិច្ចសហការ​រៀបចំ​ឡើង​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នេះ​មាន​គោលបំណង​បី​សំខាន់​ដែល​រួម​មាន ទី​ ១. ការ​ប្រមូល និង​ចែករំលែក​ព័ត៌មាន ស្តី​ពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​អនុសាសន៍​ដែល​បាន​ផ្តល់​ដោយ​វេទិកា​អាស៊ាន​កន្លង​មក ទី​២. ពិភាក្សា​លើ​ប្រធានបទ​វេទិកា​អាស៊ាន​លើក​ទី​១៨ ស្តី​ពី “​ការ​ព​ន្លឿ​ន​សកម្មភាព​ឆ្ពោះទៅ​រក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ស្តី​ពី​ការ​ធ្វើ​ទេសន្តរប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព និង​ការងារ​សមរម្យ​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​ក្នុង​តំបន់​អាស៊ាន​” និង​ប្រធានបទ​រង​ចំនួន ២ រួម​មាន (១) គឺ​ឆ្លើយ​តប​ទៅ​នឹង​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព​និង​សន្តិសុខ ដោយ​រួច​ផុត​ពី​ការងារ​ដោយ​បង្ខំ និង (២) គឺ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ជ្រើសរើស និង​ការ​ផ្ទេរ​ប្រាក់ និង​ទី​៣. ពិភាក្សា និង​រៀបចំ ជា​អនុសាសន៍​របស់​កម្ពុជា សម្រាប់​យក​ទៅ​ប្រើប្រាស់​ជា​ធាតុ​ចូល​នៅ​ក្នុង​វេទិកា AFML លើក​ទី​១៨ នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០២៥​។

បន្ថែម​ពី​នេះ ស្រប​ពេល​ដែល​ពលករ​ខ្មែរ​វិល​មក​កម្ពុជា​ប្រមាណ ៩២ ម៉ឺន​នាក់ ឯកឧត្តម ហ៊ូ វុ​ឌ្ឍី ក៏​បាន​ជម្រាប​ជូន​អង្គ​សិក្ខាសាលា​អំពី​កិច្ច​អន្តរាគមន៍​ចាំបាច់​មួយ​ចំនួន​របស់​ក្រសួង​ការងារ​ចំពោះ​ពលករ​ដែល​ត្រឡប់​មក​កម្ពុជា​វិញ​ដូច​ជា​ការ​ស្វាគមន៍ ផ្តល់​ទឹក អាហារ​សម្រន់ រក្សា​សន្ដិសុខ​និង​សណ្ដាប់ធ្នាប់ និង​ការ​ផ្តល់​សេវា​សង្គ្រោះ​បឋម​ដល់​បងប្អូន​ពលករ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​នៅ​មណ្ឌល​សំចត ឬ​កន្លែង​ទទួល​ពលករ​, ការ​ផ្សព្វផ្សាយ ចុះ​ឈ្មោះ និង​ផ្តល់​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​, និង​ការ​ផ្តល់​មធ្យោបាយ​ដឹក​ជញ្ជូន​ទៅ​កាន់​ស្រុក​កំណើត​ដែល​ជា​កិច្ចសហការ​រវាង​ក្រសួង និង​អាជ្ញាធរ​ខេត្ត រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ៕ អត្ថបទសហការ