រាជធានីភ្នំពេញ៖ ធនាគារ ព្រីនស៍ ម.ក សូមប្រកាសជាផ្លូវការនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីណែនាំផ្ដល់ការអនុគ្រោះនាពេលថ្មីៗនេះ របស់ធនាគារជាតិនៃកម្ពុជា គោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រាលបន្ទុកដល់យោធិន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ។
ក្នុងស្មារតីនៃសាមគ្គីភាពជាតិ និងមនុស្សធម៌ ធនាគារ ព្រីនស៍ បានប្តេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញតាមការណែនាំរបស់ ធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ជំនួយដល់យោធិនជួរមុខ ប្រជាពលរដ្ឋភៀសសឹក និងសមាជិកគ្រួសាររបស់យោធិន ដែលបានលះបង់ ដើម្បីការពារជាតិមាតុភូមិ ។
យោងតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា បន្ទាប់ពីការពិគ្រោះយោបល់ជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ធនាគារ ព្រីនស៍ នឹងអនុវត្តវិធានការនានាដែលបានណែនាំចាប់ពីពេលនេះតទៅ ។
ជាពិសេស ធនាគារ ព្រីនស៍ នឹងលុបចោលបំណុលទាំងស្រុង ចំពោះក្រុមគ្រួសារ ឬអ្នករួមខ្ចីរបស់យោធិនពលីជីវិតក្នុងបុព្វហេតុការពារជាតិ ។
បន្ថែមលើសពីនេះធនាគារ ព្រីនស៍ នឹងអនុវត្តតាមការណែនាំផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជួយសម្រួលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងពិចារណាផ្តល់ជំនួយបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងវិលត្រឡប់មកពីប្រទេសថៃ និងយោធិនជួរមុខ ដោយផ្អែកលើសមត្ថភាពហិរញ្ញវត្ថុរបស់ធនាគារ ។
ធនាគារ ព្រីនស៍ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ដើម្បីរួមចំណែកជាមួយសង្គមជាតិ និងទំនួលខុសត្រូវសង្គម។ ធនាគារ ព្រីនស៍ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងផ្តល់ការគាំទ្រដល់យោធិនដ៏ក្លាហាន និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ក្នុងស្ថានភាពបច្ចុប្បន្ន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ