រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបលោកស្រី Naila Mazzucco ស្នងការនៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសហការី ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ អំពី ការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួង ។
ថ្លែងក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ រវាងក្រសួងការងារ និងរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី នាពេលកន្លងមកដែលបានរួមចំណែកយ៉ាងសំខាន់ ដើម្បីជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានដំណើរការល្អ ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការអប់រំបណ្ដុះបណ្ដាលជំនាញគ្រឿងម៉ាស៊ីនរថយន្តអគ្គិសនី ជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជំនាញមួយចំនួនទៀត ដែលប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ។
ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា ៖ «តាមរយៈសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នានេះ យើងសង្ឃឹមថា នឹងផ្ដល់ជំនាញប្រកបដោយគុណភាពដល់យុវជន និងពលរដ្ឋកម្ពុជាឱ្យស្របទៅតាមទីផ្សារការងារ។ ដូច្នេះយើងទន្ទឹងរង់ចាំធ្វើការងារនេះ យ៉ាងជិតស្និទ្ធជាមួយរដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្ត្រាលី ដើម្បីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់» ។
ជាការឆ្លើយតប លោកស្រី Naila Mazzucco ស្នងការ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តម ហេង សួរ និងបានបញ្ជាក់ថា រដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្ត្រាលី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានោះ លោកស្រី បានលើកទឹកចិត្តឱ្យមន្ត្រីជំនាញ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី និងមន្ត្រីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តធ្វើកិច្ចការ និងពិភាក្សាគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឈានទៅ ដល់ការសម្រេចនូវសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នា ឱ្យបានឆាប់ ដើម្បីគាំទ្រដល់ដំណើរការអនុវត្តគម្រោងអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ