រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងរស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះរលកយក្សស៊ូណាមិ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង ស្តីពី ការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ របស់ក្រសួងការងារជូនដល់បងប្អូន កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ។
សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា ប្រទេសជប៉ុនបានប្រកាសអាសន្នអំពីរលកយក្ស ស៊ូណាមិដែលមានកម្រិតកម្ពស់រហូតដល់ ៣ម៉ែត្រ នៅតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន ចាប់ពីតំបន់ Hokkaido រហូតដល់ តំបន់ Kyushu ដែលអាចជះឥទ្ធិពលលើខេត្តមួយចំនួនដូចជា Hokkaido, Aomori, Iwate, Miyagi, Fukushima, Ibaraki, Chiba, Shizuoka, Aichi, Mie, S Wakayama ពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៩:៤០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន) ។
ពាក់ព័ន្ធរឿងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ថា បាននិងកំពុងតាមដានស្ថានការណ៍វិវត្តករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្ត ដែលរងផលប៉ះពាល់ទាំងអស់ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព ។
ក្រសួងបានបញ្ជាក់ផងដែរថា ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនកម្មសិក្សាការី-ពលករជំនាញដែលរង ផលប៉ះពាល់ ឬមានសំណួរ សូមទំនាក់ទំនងមកក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” ដែលមាន តំណភ្ជាប់ https://t.me/KhmerMigrantWorker ឬតាមរយៈទូរសព្ទរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនលេខ +៨១ ៨០ ៤៦៨៩ ៩៣៧៤ ឬទំព័រហ្វេសប៊ុក https://www.facebook.com/cambodianembassyinjapan និងទូរសព្ទអនុព័ន្ធការងារលេខ +៨១ ៨០ ៣៣៦២ ៦១៦៨ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ