ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​អំពាវនាវ​ទៅ​ម្ចាស់​ម៉ាក អ្នកបញ្ជា​ទិញ និង​អ្នក​ប្រើប្រាស់​ផលិតផល​ថៃ​ លើ​ពិភពលោក​ការពារ​សិទ្ធិ​ ពលករ​ខ្មែរ​ ខណៈ​កំណើន​នៃ​ហិ.ង្សា​ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ជ្រុលនិយម​ថៃ

2 ថ្ងៃ មុន

រាជធានិ​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ផ្ញើ​លិខិត​ចំហរ​ជូន​ម្ចាស់​ម៉ាក អ្នកបញ្ជា​ទិញ​ដែល​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ…

រាជធានិ​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ផ្ញើ​លិខិត​ចំហរ​ជូន​ម្ចាស់​ម៉ាក អ្នកបញ្ជា​ទិញ​ដែល​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ និង​អ្នក​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ថៃ អំពី​ការ​កើនឡើង​នូវ​អំពើ​ហិ.ង្សា មក​លើ​ពលករ​ទេសន្តរប្រវេសន៍​នៅ​ប្រទេស​ថៃ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ជ្រុលនិយម​ថៃ​ ។

ក្នុង​លិខិត​ចំហរ​ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា ចំពោះ​ការ​កើនឡើង​នៃ​ករណី​អំពើ​ហឹ​ង្សា និង​ការ​គំរាមកំហែង​លើ​កម្មករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ ដែល​បាន​ប្រព្រឹត្ត​ឡើង​ថ្មី​ៗ​នេះ​ដោយ​ក្រុម​ជ្រុលនិយម​ថៃ សបញ្ជាក់​តាម​វី​ដេ​អូ​ចាក់​ផ្សាយ​អំពី​ហេតុការណ៍​ច្រើន​ករណី អំពី​ការ​វាយប្រហារ​និង​ធ្វើទុក្ខបុកម្និញ​បាន​ចែករំលែក​យ៉ាង​ទូលំទូលាយ​លើ​បណ្តាញ​សង្គម ដែល ជន​រង​គ្រោះ​ភាគច្រើន​គឺជា​ពលករ​ខ្មែរ​ ។

តាម​រយៈ​លិខិត​ដដែល​នោះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ម្ចាស់​ម៉ាក និង​អ្នកទិញ​ទាំងអស់​ដែល​ផ្គត់ផ្គង់​ទំនិញ​ពី​ប្រទេស​ថៃ និង​អ្នក​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​របស់​ថៃ ឱ្យ​ចូលរួម​សកម្មភាព​ក្នុង​ការ​ការពារ​សិទ្ធិ និង​សុខុមាលភាព​របស់​កម្មករ​ចំណាកស្រុក​។ ជាមួយ​គ្នា​នោះ ក្រសួង​ស្នើ​ឱ្យ​មានការ​អន្តរាគមន៍​ភ្លាម​ៗ ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ដែល​មាន​សុវត្ថិភាព និង​ស្មើភាព​សម្រាប់​កម្មករ​ចំណាកស្រុក​ទាំងអស់​នៅ​ប្រទេស​ថៃ ។

បន្ថែម​លើ​នេះ​ក្រសួង​ការងារ ក៏​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ព្រះរាជាណាចក្រ​ថៃ គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយ​កម្ពុជា និង​ឧបករណ៍​ច្បាប់​អន្តរជាតិ និង​តំបន់ ដើម្បី​ធានា​សុវត្ថិភាព កិត្តិយស និង​ការ​ប្រព្រឹត្ត​អំពើ​យុត្តិធម៌​ចំពោះ​កម្មករ​ចំណាកស្រុក​ទាំងអស់ និង​គ្រួសារ​របស់​ពួក​គេ ដោយ​គ្មាន​ការ​រើសអើង​តាម​សាសន៍ ឬ​ស្ថានភាព​ណាមួយ​ឡើយ​ ៕ អត្ថបទសហការ